COVID-19
ជាតិ
កូវីដ-១៩៖ បីករណីទៀតនៅកម្ពុជា ដែលមានឥណ្ឌាពីរនាក់ និងស្ត្រីខ្មែរម្នាក់ពីអាមេរិក
05, Feb 2021 , 7:15 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីលទ្ធផល​វិជ្ជមានកូវីដ-១៩ បីករណីទៀត ដែលនាំឲ្យចំនួន​សរុបនៅកម្ពុជាឡើង​ដល់៤៧០ករណី ក្នុងនោះសះស្បើយ​៤៥២នាក់។



បីករណីថ្មី មានបុរសឥណ្ឌាអាយុ​២៨​ឆ្នាំ និង​ស្ត្រីឥណ្ឌាអាយុ២៣ឆ្នាំ ដែលមកពីឥណ្ឌា ឆ្លងកាត់សិង្ហបុរី​ និងមកដល់កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ។ ពួកគាត់ត្រូវដាក់ឲ្យសម្រាកព្យាបាល​នៅមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន រីឯអ្នកដំណើរ​៧៨នាក់ទៀត បន្តធ្វើ​ចត្តាឡីស័ក។

រីឯករណីមួយទៀត ជាស្ត្រីខ្មែរអាយុ​៦៣ឆ្នាំ អាសយដ្ឋាននៅ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ គាត់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី២២ ខែមករា។ លទ្ធផលសំណាកលើកទី២ បង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ រីឯអ្នក​ដំណើរ​៨៥នាក់ទៀតបន្តចត្តាឡីស័ក។

ជាមួយគ្នានេះ អ្នក​ជំងឺម្នាក់បានជាសះស្បើយ ដោយគាត់ជាស្ត្រីខ្មែរអាយុ​៥៧​ឆ្នាំ មកពីអាមេរិក។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌល​សុខភាពចាក់អង្រែក្រោយតេស្តអវិជ្ជមានពីរលើក។

មកដល់ពេលនេះ កម្ពុជាមាន​កូវីដ-១៩ ចំនួន​៤៧០ករណី ដោយ​៤៥២ករណីសះស្បើយ។ ក្នុងចំណោមពលករមកពីថៃ មាន​៨៧នាក់វិជ្ជមាន ហើយ​៨០នាក់បានជាសះស្បើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com