អត្ថបទពាណិជ្ជកម្ម
ការរួមបញ្ចូល​ទស្សនៈ​ការការពារ​បរិស្ថាន នៅក្នុង​ការ​រចនា​ស្ថាបត្យកម្ម​
05, Feb 2021 , 10:59 am        
រូបភាព
​លោក ហាវ បាក់ឃ​ន គឺជា​ស្ថាបត្យករ​វ័យក្មេង​នៅ​សសរ​។ ស្ថាបត្យកម្ម​រូបនេះ បាន​និយាយថា ស្ថាបត្យកម្ម កាន់​តែមាន​តួនាទី​សំខាន់ នៅក្នុង​កិច្ចការពារបរិស្ថាន នៅក្នុង​សង្គម​អភិវឌ្ឍន៍​។ លោក ហាវ បាក់ឃ​ន បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​យល់ថា នៅពេលណា ដែល​សង្គម​មានការ​រីក​ចម្រើន ស្ថាបត្យកម្ម​ក៏ ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ក្នុងការ​ការពារ​និង​ការយល់ដឹង​អំពី​បរិស្ថាន​ផងដែរ​»​។​
 
​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា ដែលមាន​ការសាងសង់​អគារ​ខ្ពស់ៗ អគារ​ខុន​ដូ គេហដ្ឋាន ការិយាល័យ និង​ហាង​ជាច្រើន កំពុងតែ​លេចចេញ​ជា​រូបរាង​ឥតឈប់ឈរ នៅ​គ្រប់ទិសទី ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ដូច្នេះ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​រាល់​សំណង់​អាគារ​ទាំងអស់នោះ គប្បី​រចនា​ឡើង ដោយមាន​ការបញ្ចូល​ប​ណ្តុំ​គំនិត នៃ​ការការពារ និង​យល់ដឹង​អំពី​បរិស្ថាន ដែល​ប្រកបដោយ​និរន្តរភាព ពីព្រោះ​វា​អាចជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​ធ្វើឱ្យមាន​ភាពប្រសើរឡើង នូវ​សុខភាព​សាធារណៈ និង​សុខភាព​អ្នករស់នៅ ដោយសារតែ​សំណង់​អាគារ​បែប​និរន្តរភាព និង​អេកូឡូស៊ី អាចជួយ​បង្កើត​ប្រព័ន្ធ​ខ្យល់ និង​បរិយាកាស​ដ៏​ប្រសើរ​។ 
 
​ថ្ងៃនេះ ក្រុមការងារ​របស់​សារព័ត៌មាន​ថ្មីៗ បាន​ជួប​សម្ភាសន៍​ជាមួយ លោក ហាវ បាក់ឃ​ន ដែលជា​ស្ថាបត្យករ​វ័យក្មេង នៅ​ក្រុមហ៊ុន សសរ សា្ថ​ប​ត្យ​កម្ម ដើម្បី​ពិភាក្សា​បន្ថែមទៀត អំពី​សារសំខាន់ នៃ​ការ​រចនា​អគារ​បែប​អេកូឡូស៊ី និង​ប្រកបដោយ​និរន្តរភាព ចង់ដឹងថា​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​សម្ភាសន៍​ទាំងអស់គ្នា​៖
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​អ្វី​ទៅជា​ការជំរុញ​ទឹកចិត្ត​ដ៏​ធំ​បំផុត សម្រាប់​អាជីព​បច្ចុប្បន្ន​របស់ បាក់ឃ​ន នៅ សសរ ស្ថាបត្យកម្ម​?
​លោក ហាវ បាក់ឃ​ន​៖ សសរ ស្ថាបត្យកម្ម ពិតជា​ផ្តល់ឱកាស​ឱ្យ​ខ្ញុំ បញ្ចេញ​គំនិត និង​អនុវត្ត​ពីអ្វី ដែល​ខ្ញុំ​បាន​រៀន​នៅ​សាលា មកកាន់​ទិដ្ឋភាព​ជាក់ស្តែង​។ ខ្ញុំ​បានកត់សម្គាល់​ឃើញថា សសរ ស្ថាបត្យកម្ម គឺជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង​ដ៏​លេចធ្លោ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ខ្ញុំ​ក៏​អាច​ដុសខាត់​ជំនាញ​របស់ខ្ញុំ ខាង​ស្ថាបត្យកម្ម ហើយ​សិក្សា​បន្ថែម ពី​ស្ថាបត្យករ ដែលមាន​បទពិសោធន៍ និង​មាន​ទេពកោសល្យ​ដទៃទៀត​ផង​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តាម​ទស្សនៈ​របស់ បាក់ឃ​ន តើ​វិស័យ​ស្ថាបត្យកម្ម អាចជួយ​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងដូចម្តេច​?
​លោក ហាវ បាក់ឃ​ន​៖ ខ្ញុំ​គិតថា​នៅពេល ដែល​សង្គម​មានការ​រីក​ចម្រើន ស្ថាបត្យកម្ម ក៏​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​នៃ​ការការពារ និង​យល់ដឹង​អំពី​បរិស្ថាន ជាមួយនឹង​គោលបំណង​លើកកម្ពស់​ទីក្រុង និង​សហគមន៍​ប្រកបដោយ​និរន្តរភាព​។ ខ្ញុំ​រំពឹងទុក​ថា ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រទេស​ពោរពេញ​ទៅដោយ​ពណ៌​បៃតង ដែល​រួមបញ្ចូល​នៃ​គំនិត​អេកូឡូស៊ី ជាមួយនឹង​ការ​រចនា​ស្ថាបត្យកម្ម​ដូចជា​៖ សាលារៀន និង​ផ្សារ​ទំនើប ដើម្បី​ផ្តល់នូវ​ភាពស្រស់​ស្រាយ និង​ផាសុកភាព​។ ដើម្បី​លើកកម្ពស់​នៃ​គំនិត​អេកូឡូស៊ី និង​និរន្តរភាព ក្នុងនាម​ជា​ស្ថាបត្យករ យើង​គួរតែ​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត លើ​គម្រោង​រចនា​ស្ថាបត្យកម្ម​នីមួយៗ​។ បើ​ផ្អែក​តាម​បច្ចេកទេស យើង​ត្រូវ​ស្វែងយល់​ពី​វិធីសាស្ត្រ ក្នុងការ​ទាញយក​អត្ថប្រយោជន៍ ពី​ពន្លឺព្រះអាទិត្យ និង​ខ្យល់ ដើម្បី​ទទួលបាន​ពន្លឺ និង​ខ្យល់​ធម្មជាតិ ចូលក្នុង​អគារ​។ ដូច្នេះ​យើង​អាច​កាត់បន្ថយ​បរិមាណ​ការប្រើប្រាស់​អគ្គិសនី នៅក្នុង​មូលដ្ឋាន​ប្រចាំថ្ងៃ​របស់​យើង​។​
 
​ក្នុងនាម​ខ្ញុំ​ជា​ស្ថាបត្យករ​វ័យក្មេង នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​រូប ខ្ញុំ​ពិតជា​កោតសរសើរ លើ​គម្រោង​ស្ថាបត្យកម្ម ដែល​លេចធ្លោ និង​គួរឱ្យ​ស្ញប់ស្ញែង​ជាច្រើន របស់​ស្ថាបត្យករ ដែល​គួរឱ្យ​គោរព និង​ល្បីល្បាញ គឺ លោក វណ្ណ ម៉ូលីវណ្ណ ដោយ​គាត់​បាន​រចនា​ស្ថាបត្យកម្ម​បែប​អេកូឡូស៊ី​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​៖ អគារ​ប៊ូ​ឌី​ង និង​អគារ​នៃ​វិទ្យាស្ថាន​ភាសាបរទេស​ជាដើម​។ ទាំងនេះ គឺជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ និង​ស្រស់ស្អាត ដែល​យើងទាំងអស់គ្នា គួរតែ​យក​គំរូ​តាម​។ 
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​អ្វី​ទៅ​ដែល បាក់ឃ​ន គិតថា​អាចបង្កើត​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​? 
​លោក ហាវ បាក់ឃ​ន​៖ ជាទូទៅ​មនុស្ស​ជាច្រើន​ជឿជាក់ថា សារៈសំខាន់​នៃ​ស្ថាបត្យកម្ម គឺ​មិន​ត្រឹមតែ​ផ្តោត​សំខាន់ លើ​ជម្រក​តែប៉ុណ្ណោះ​ទេ​។ ដើម្បី​ទទួលបាន​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ យើង​ត្រូវការ​ការរួមបញ្ចូល​សិល្បៈ និង​វិទ្យាសាស្ត្រ​ជាមួយគ្នា ដើម្បី​បង្ហាញ​ពី​វប្បធម៌ ទំនៀមទម្លាប់ និង​របៀប​រស់នៅ ពីព្រោះថា​យើង​សាងសង់​អគារ​មួយ ដើម្បី​ឆ្លុះបញ្ចាំង​ពី​របៀប​រស់នៅ​របស់​ម​នុស្ស​ម្នាក់ៗ ហើយ​ស្ថាបត្យកម្ម​នីមួយៗ គួរតែមាន​និរន្តរភាព ដើម្បី​រក្សាទុក​សម្រាប់​ម​នុស្ស​ជំនាន់​ក្រោយ​ដូចជា​៖ ប្រាសាទអង្គរវត្ត​ជាដើម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com