COVID-19
ជាតិ
តាម​យន្តការ COVAX កម្ពុជា​អាច​បាន​វ៉ាក់សាំង​ដែល​ផលិត​នៅ​ឥណ្ឌា ជិត​១,៣​លាន​ដូ​ស​
05, Feb 2021 , 9:47 am        
រូបភាព
​សម្ព័ន្ធ​ថ្នាំ​បង្ការ​សកល (Gavi) តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន បាន​បញ្ចេញ​តួលេខ​ប៉ុណ្ណោះ​អាសន្ន​សម្រាប់​បណ្តា​ប្រទេស​ចំណូល​ទាប និង​ចំណូល​មធ្យម​កម្រិត​ទាប ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ តាមរយៈ​យន្តការ COVAX ក្នុង​ត្រីមាស​ទី​១ និង​ទី​២​នៃ​ឆ្នាំ​២០២១​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ត្រូវ​ទទួលបាន​វ៉ាក់សាំង AstraZeneca/Oxford ជិត​១,៣​លាន​ដូ​ស​។

 
​វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​ទទួល ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អង់គ្លេស AstraZeneca និង​សាកលវិទ្យាល័យ Oxford ហើយ​ផលិត​ដោយ​វិទ្យាស្ថាន Serum Institute of India (SII) និង​ត្រូវដាក់​ឈ្មោះថា​វ៉ាក់សាំង Covishield ។​
 
​តាម​យន្តការ COVAX វ៉ាក់សាំង​២៤០​លាន​ដូ​សរ​បស់ AstraZeneca/Oxford ដែល​ផលិត​នៅ​ឥណ្ឌា នឹងត្រូវ​ចែកចាយ រួមជាមួយ​៩៦​លាន​ដូ​ស​ទៀត ដែល​ទិញ​ក្រោម​កិច្ចព្រមព្រៀង​រវាង Gavi និង ក្រុមហ៊ុន AstraZeneca ផ្ទាល់​។ វ៉ាក់សាំង​ទាំងនេះ នឹងត្រូវ​ចែកចាយ​នៅ​ត្រីមាស​ទី​១ និង​ទី​២ នៃ​ឆ្នាំ​២០២១​នេះ​។​
 
​ក្នុង​បញ្ជី​បណ្តោះអាសន្ន​ដែល​រៀបចំ​ដោយ Gavi កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​របស់ AstraZeneca ផលិត​នៅ​ឥណ្ឌា ប្រមាណ ១ ២៩៦ ០០០​ដូ​ស ដោយនៅ​ត្រីមាស​ទី​១ នឹង​បាន​ពី​៣៥ ទៅ​៤០​ភាគរយ និង​ពី​៦០ ទៅ​៦៥​ភាគរយ​សម្រាប់​ត្រីមាស​ទី​២​។ គម្រោង​ចែកចាយ​អាច​ដំណើរការ​នៅ​ចុងខែ​កុម្ភៈ​នេះ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការចុះបញ្ជី​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ជាមុនសិន​៕

© រក្សាសិទ្ធិដោយ thmeythmey.com