ជាតិ
រមណីយដ្ឋាននៅបាត់ដំបងក្បែរព្រំដែនកម្ពុជា-ថៃ ដំណើរការក្រោមវិធានសុវត្ថិភាពតឹងរ៉ឹង លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
× បាត់ដំបង ជាខេត្តមានតំបន់ទេសចរណ៍សម្បូរបែប ដែលជាទិសដៅទេសចរណ៍សំខាន់មួយ ក្នុងប្រទេសកម្ពុជា។ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ ខេត្តបាត់ដំបងកំពុងត្រៀមខ្លួន ទទួលភ្ញៀវទេសចរផងដែរ។ បើតាមលោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រមណីយដ្ឋានទាំងអស់ក្នុងខេត្ត និងជាប់ព្រំដែន នឹងបើកដំណើរការធម្មតា ប៉ុន្តែត្រូវគោរពវិធានសុវត្ថិភាពតឹងរ៉ឹង។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងពង្រឹង និងណែនាំវិធានសុវត្ថិភាព នៅតាមរមណីយដ្ឋានទាំងអស់ក្នុងខេត្ត ជាពិសេសសង្កត់ធ្ងន់ ទៅលើរមណីយដ្ឋាន ដែលស្ថិតនៅក្បែរព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នៅថ្ងៃទី១២-១៤ កុម្ភៈ ឆ្នាំ២០២១ ខាងមុខ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទ ដូច្នេះថា៖ « មកទល់ពេលនេះ ស្ថានភាពនៅតាមព្រំដែន មិនមានភាពតានតឹងទេ តែយើងមានការការពារ និងប្រុងប្រយ័ត្នជានិច្ច ដោយគ្មានការធ្វេសប្រហែសទេ។ រមណីយដ្ឋាននៅតាមព្រំដែនមួយចំនួនដូចជា ភ្នំ៥៣, ល្អាង១០០, ភ្នំបារាំងធ្លាក់ និងទឹកធ្លាក់នៅកំរៀង ក៏យើងនៅតែដំណើរការធម្មតា ប៉ុន្តែយើងមានការរឹតបន្តឹងខ្លាំង នៅតាមព្រំដែន»។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបន្ថែមថា រដ្ឋបាលខេត្តបាត់ដំបង មិនមានការរៀបចំកម្មពិធីណាមួយក្នុងខេត្ត នាឱកាសចូលឆ្នាំប្រពៃណីចិន-វៀតណាមនោះទេ ព្រោះខ្លាចមានមនុស្សជួបជុំច្រើន ដែលអាចបង្ករឲ្យមានហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ខ្ពស់។ នៅតាមរមណីយដ្ឋាននីមួយៗ ក៏ត្រូវមានការកំណត់ចំនួនមនុស្ស សម្រាប់ចូលកម្សាន្តផងដែរ ប៉ុន្តែការកំណត់យ៉ាងណា មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងសិក្សាបន្ថែម។ នេះជាការបញ្ជាក់របស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ កម្ពុជាមានករណីឆ្លងកូវីដ-១៩ ចំនួន៤៧០ករណី ដោយ៤៥២ករណីសះស្បើយ។ ក្នុងចំណោមពលករមកពីថៃ មាន៨៧នាក់វិជ្ជមាន ហើយ៨០នាក់បានជាសះស្បើយ៕
Tag:
ចូលឆ្នាំចិន-វៀតណាម
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com