COVID-19
ជាតិ
លោក ហ៊ុយ យ៉ាឡេង គ្រោងថតរឿង «គ្រោះជីវិតកូវីដ-១៩» ដើម្បីចងក្រងឯកសារសម្រាប់ក្មេងជំនាន់ក្រោយ
05, Feb 2021 , 4:04 pm        
រូបភាព
ភ្នំពេញ៖ ភាពយន្ត “គ្រោះជីវិតកូវីដ-១៩” ដែលនិយាយពីវិបត្តិកូវីដ-១៩ ទាំងនៅក្នុងប្រទេសកម្ពុជា និងពិភពលោក គ្រោងចាយទុន៧ម៉ឺនដុល្លារអាមេរិក ។ ភាពយន្តនេះផលិតឡើង ដើម្បីចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រ នៃជំងឺអាសន្នរោគដែលធ្វើឱ្យប៉ះពាលសេដ្ឋកិច្ចពិភពលោកទាំងមូល។ នេះបើតាមលោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តផ្ទាល់។


ម្ចាស់ស្នាដៃរឿង “ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងសំខាន់នៃការផលិតរឿង “គ្រោះជីវិតកូវីដ-១៩” គឺដើម្បីចងក្រងឯកសារប្រវត្តិសាស្រ្តស្ដីពីវិបត្តិកូវីដ-១៩ ដែលបានកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ លោកបន្តថា ភាពយន្តដុំ ដែលត្រូវការពេលថតប្រហែលមួយខែ និងចាយទុនថតប្រមាណ៧ម៉ឺនដុល្លារអាមេរិកនេះ នឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់ក្មេងជំនាន់ក្រោយ។
 
លោក ហ៊ុយ យ៉ាឡេង ពន្យល់បន្ថែមដូច្នេះ៖«រឿងនេះមានសារសំខាន់ ព្រោះវានិយាយពីវិបត្តិសេដ្ឋកិច្ច ដែលនឹងបង្ហាញពីការរកស៊ីតាមអនឡាញ និងវិស័យអចលនទ្រព្យនៅកម្ពុជា និងនៅលើពិភពលោកទាំងមូលតែម្ដង។ មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហា ហើយពួកគេចង់ឱ្យបញ្ហារបស់ពួកគេត្រូវបានបង្ហាញ។ រឿងនេះនឹងបង្ហាញជាលក្ខណៈប្រវត្តិសាស្ត្រ ហើយយើងធ្វើវាឡើងដើម្បីចងក្រងជាឯកសារទុកសម្រាប់ក្មេងជំនាន់ក្រោយតែម្ដង»៕
 
 

Tag:
 ភាពយន្ត
  សិល្បៈ
 កុន
  ឯកសារ
  រឿង
  កូវីដ១៩
 
© រក្សាសិទ្ធិដោយ thmeythmey.com