ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទេសចរក្នុងស្រុកងាកមកប្រើសេវាកម្មមគ្គទេសក៍នាអំឡុងវិបត្តិកូវីដ-១៩
05, Feb 2021 , 9:29 pm        
រូបភាព
រូបអ្នកជូនភ្ញៀវទេសចរ
រូបអ្នកជូនភ្ញៀវទេសចរ
សៀមរាប៖ ទេសចរអន្តរជាតិ តែងតែជួលមគ្គទេសក៍ទេសចរ ដើម្បីឈ្វែងយល់ពីប្រវត្តិសាស្រ្ត និងទស្សនាតាមផ្ទាំងសិលាប្រាសាទ ខណៈភ្ញៀវខ្មែរមិនសូវជួល។ ក្រោយវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យភ្ញៀវអន្តរជាតិធ្លាក់ចុះ នាំឱ្យទេសចរជាតិមួយចំនួន បានងាកមកចាប់អារម្មណ៍ជួលមគ្គទេសក៍ ដើម្បីទស្សនាប្រាសាទ។ បើតាមលោក ចាន់ ស៊ីថា មគ្គទេសក៍ទេសចរនៅខេត្តសៀមរាប ទោះបច្ចុប្បន្នចំណូលរបស់លោកធ្លាក់ចុះ ប៉ុន្តែលោកសប្បាយចិត្តពេលឃើញទេសចរជាតិ បានជួលមគ្គទេសក៍។ លោកបន្ថែមថា ការជួលមគ្គទេសក៍ របស់ភ្ញៀវជាតិ ជាការជួយជីវភាពដល់មគ្គទេសក៍ទាំងអស់ ដែលកំពុងជួបផលលំបាកដោយកូវីដ-១៩ ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាបទសម្ភាសរវាង លោក ចាន់ ស៊ីថា មគ្គទេសក៍ទេសចរនៅខេត្តសៀមរាប ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ដូចតទៅ៖ 
 
 
ក្រោយមានជំងឺកូវីដ-១៩ លោក ស៊ីថា តែងតែអង្គុយមុខប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីហៅភ្ញៀវទេសចរ ជួលសេវាកម្មរបស់លោក។ បើតាមលោក ស៊ីថា  ភ្ញៀវទេសចរជាតិដែលជួលមគ្គទេសក៍ទេសចរភាគច្រើន គឺ អ្នកមកពីភ្នំពេញ និងអ្នកមកពីបណ្ដាខេត្តផ្សេងៗ ក្រៅពីខេត្តសៀមរាប។ សម្រាប់ការជួលមគ្គទេសក៍ទស្សនាប្រាសាទអង្គរតូច ភ្ញៀវខ្មែរត្រូវចំណាយលុយ១០ដុល្លារ។ «ការជួលមគ្គទេសក៍ សម្រាប់ទស្សនាប្រាសាទអង្គរតូច មិនកំណត់ម៉ោងទេ ប៉ុន្តែជាធម្មតាយើងជូនគាត់ដើរទស្សនាជុំវិញប្រាសាទរយៈពេល១ម៉ោងកន្លះ ទៅ២ម៉ោង»។ នេះជាការបញ្ជាក់របស់ លោក ស៊ីថា ដោយលោកបានបន្ថែមថា បើភ្ញៀវជួលមគ្គទេសក៍ទស្សនាតាមប្រាសាទនានារយៈពេលមួយថ្ងៃពេញ គឺត្រូវចំណាយលុយ ៣០ដុល្លារ។  
 
ដ្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យចំណូលរបស់ លោក ស៊ីថា ធ្លាក់ចុះយ៉ាងខ្លាំងក្ដី ប៉ុន្តែមគ្គទេសក៍រូបនេះ សប្បាយចិត្តក្រោយភ្ញៀវជាតិ បានជួលមគ្គទេសក៍ទស្សនាតាមប្រាសាទនានា ព្រោះកំណើនទេសចរជាតិជួលមគ្គទេសក៍នេះ ជាផ្នែកដ៏សំខាន់ជួយដល់ជីវភាពមគ្គទេសក៍ជាច្រើនដែលកំពុងជួបវិបត្តិដោយសារជំងឺកូវីដ-១៩៕  
 
 

Tag:
 សៀមរាប
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com