ជាតិ
២៥ខេត្ត/រាជធានី
សណ្ឋានដី និងរបៀបដាំស្ពៃក្ដោប ដើម្បីទទួលបានទិន្នផលខ្ពស់
06, Feb 2021 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
ដោយ:
ស្ពៃក្ដោប ជាបន្លែមួយប្រភេទ ដែលកសិករខ្មែរនិយមដាំ នៅតាមតំបន់ដីល្បាប់មាត់ទន្លេ និងតំបន់ដីក្រហមខ្ពង់រាប ព្រោះដីមានជីជាតិ ធ្វើឲ្យស្ពៃក្ដោបលូតលាស់បានល្អ។ ដោយសារស្ពៃក្ដោប ត្រូវការអាកាសធាតុត្រជាក់ ដូច្នេះខែតុលា ដល់ខែកុម្ភៈ ជារដូវអំណោយផល សម្រាប់ការដាំដុះបន្លែមួយនេះ។



កសិករមួយចំនួនធំ បានជួបបញ្ហាក្នុងការដាំដុះស្ពៃក្តោប។ ដើម្បីដោះស្រាយបញ្ហានេះ ដល់កសិករ ថ្ងៃនេះសារព័ត៌មាន ThmeyThmey25 សូមបង្ហាញវិធីសាស្រ្តដាំស្ពៃក្ដោបដើម្បីទទួលបានទិន្នផលខ្ពស់ ដែលដកស្រង់ចេញពីសៀវភៅបច្ចេកទេដាំដុះដំណាំរបស់ក្រសួងកសិកម្ម។

ការបណ្ដុះកូន៖ រៀបចំដីដាក់កន្ទោងស្លឹក ឬថាស់សម្រាប់បណ្ដុះកូនស្ពៃក្ដោប ក្នុងកន្ទោងមួយ ត្រូវដាក់គ្រាប់ស្ពៃមួយគ្រាប់។ បន្ទាប់ពីដាក់គ្រាប់បណ្ដុះ ត្រូវគ្របចំបើងលើថាស់បណ្ដុះកូន និងធ្វើដំបូលគ្របពីលើ ដើម្បីកាត់បន្ថយពន្លឺ។ ប៉ុន្តែបន្ទាប់ពីបណ្ដុះបាន ២ទៅ៣ថ្ងៃ ត្រូវដកចំបើងចេញ។

ការរៀបចំដី៖ មុនយកកូនស្ពៃមកដាំ ត្រូវភ្ជួរដីឲ្យបាន ២ ទៅ៣ដង ដើម្បីបំបែកដី ឲ្យរាបស្មើរល្អ។ បន្ទាប់ពីភ្ជួរដីរួច ត្រូវលើករងចន្លោះពី ៥០សង់ទីម៉ែត្រ ពីរងមួយទៅរងមួយ និងមានកម្ពស់សមល្មម នៅតាមរដូវប្រាំង និងរដូវវស្សា។

ការដាំកូន៖ សម្រាប់កូនស្ពៃអាយុ២៥ថ្ងៃ អាចយកទៅដាំបាន។ មុនយកកូនស្ពៃមកដាំ ត្រូវបន្ថយការស្រោចទឹក ចំនួន៣ថ្ងៃ ប៉ុន្តែនៅថ្ងៃដាំ ត្រូវស្រោចទឹកកូនស្ពៃ ឲ្យជោគនៅពេលលព្រឹក រួចដាំនៅពេលល្ងាច។ ត្រូវប្រើចំបើង ដើម្បីគ្របរងកម្រាស់ ៥តឹក ដើម្បីការពារស្មៅចង្រៃ និងការពារសំណើមដី។

ការប្រើប្រាស់ជី៖ ការប្រើប្រាស់ជីធម្មជាតិ ជាជម្រើសល្អសម្រាប់កសិករ ព្រោះមិនបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ សម្រាប់ការដាក់ជី ត្រូវជីកកប់ជីនៅចន្លោះគុម្ព មិនត្រូវដាក់ ជាប់នឹងគល់បន្លែនោះទេ។ រយៈពេល២សប្ដាហ៍ក្រោយដាំ ត្រូវដាក់ជីប្រមាណ ៥សង់ទីម៉ែត្រពីគល់ រយៈពេល ៤ទៅ៥សប្ដាហ៍ក្រោយពេលដាំ ត្រូវដាក់ជីប្រមាណ ១០សង់ទីម៉ែត្រពីគល់។ ហើយលើសពី៥សប្ដាហ៍ ត្រូវដាក់ជី១៥សង់ទីម៉ែត្រពីគល។

ការថែទាំ និងប្រមូលផល៖ ការមើលថែពិតជាសំខាន់ យើងត្រូវបេះស្លឹកដែលទុំ នៅផ្នែកខាងក្រោមចេញ និងឧស្សាហ៍វែករកដង្កូវ កុំឲ្យស៊ីស្លឹក ព្រោះស្ពៃជាប្រភេទដែលសត្វដង្កូវចូលចិត្តរស់នៅ។ រយៈពេល៥៨ថ្ងៃ ទៅ៩៥ថ្ងៃ ជារយៈពេលដែលអាចប្រមូលស្ពៃក្ដោបបាន ប៉ុន្តែនៅពេលប្រមូលផលស្ពៃក្ដោប ត្រូវទុកដាក់ឲ្យបានល្អ ព្រោះវាងាយនឹងខូចដោយសារកម្ដៅថ្ងៃ៕


 

Tag:
 ស្ពៃក្ដោប
© រក្សាសិទ្ធិដោយ thmeythmey.com