អន្តរជាតិ
ទារកមិនទាន់កើត តែមានអាល់ប៊ុមបទចម្រៀងដំបូងរបស់ខ្លួនរួចទៅហើយ
06, Feb 2021 , 8:30 am        
រូបភាព
ដោយ: ធីតា
 
ទារកក្នុងផ្ទៃម្នាក់ មានអាល់ប៊ុមចម្រៀងលើកដំបូងរបស់ខ្លួនដែលមានចំណងជើងថា Sounds of the Unborn។ នេះបើយោងតាមការផ្សាយរបស់ Consequence of Sound  ដោយបញ្ជាក់ថា បច្ចេកវិទ្យា Biosonic MIDI បានប្រែសំឡេងនៃចលនាទារកក្នុងផ្ទៃម្តាយទៅជាសំឡេង។


ទារកឈ្មោះ Luca Yupanqui ស្ថិតក្នុងផ្ទៃម្តាយនៅឡើយ ដោយមានម្តាយឈ្មោះ Elisabeth Hart អ្នកលេងបាសនៃក្រុមតន្ត្រីរ៉ក់អាមេរិក Psychic Ills និងឪពុកឈ្មោះ Ivan Diaz Mathe ដែលជាផលិតករ។ ដោយមានជំនួយពីបច្ចេកវិទ្យា Biosonic MIDI ចលនារំញ័ររបស់ទារកនៅក្នុងផ្ទៃម្តាយ ត្រូវបានបំប្លែងទៅជាសំឡេង ។
អ្នកស្រី Hart និងលោក Mathe បានផ្តួចផ្តើមគំនិតនេះផ្ទាល់ ដើម្បីបង្ហាញឲ្យឃើញពីភាពរីករាយនៃការចាប់ផ្តើមរីកធំធាត់នៃមនុស្សជាតិ។ ឧបករណ៍ MIDI ត្រូវបានដាក់ភ្ជាប់ទៅនឹងពោះរបស់អ្នកស្រី Hart ដើម្បីថតសំឡេងរំញ័ររបស់ Yupanqui ហើយលោក Mathe ប្រើឧបករណ៍សំយោគដោយកែប្រែចលនារំញ័រទៅជាសំឡេង ដោយដំណើរអស់ជាង៥ម៉ោង។
អាល់ប៊ុមចម្រៀង «Sounds of the Unborn» គ្រោងចេញលក់ផ្លូវការនៅថ្ងៃទី២ ខែមេសា  តាមរយៈគេហទំព័រ Sacred Bones (https://www.sacredbonesrecords.com/products/sbr270-luca-yupanqui-sounds-of-the-unborn)។ បទចម្រៀងមានការលាយបញ្ជូនភ្លេចបន្ថែម ប៉ុន្តែ អ្នកស្រី Hart និងលោក Mathe គោរពតាមលំនាំដើមនៃរលកសំឡេងរបស់ Yupanqui៕



© រក្សាសិទ្ធិដោយ thmeythmey.com