ជាតិ
បទសម្ភាសន៍
ល្អាង១២ ទីទេសចរណ៍បែបកម្សាន្ត និងអាថ៌កំបាំង ក្នុងស្រុកវាលវែង
06, Feb 2021 , 11:35 am        
រូបភាព
ដោយ:
 
ពោធិ៍សាត់៖ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ល្អាង១២ ជាទីទេសចរណ៍មួយដែលមានល្អាងចំនួន១២ មានរូបរាងខុសប្លែកពីគ្នា និងពោរពេញដោយអាថ៌កំបាំង។ ថ្មបន្តុបលើគ្នា ប្រៀបដូចគេរៀបចំ បានបង្ហាញភាពទាក់ទាញ យ៉ាងប្លែកភ្នែក ដល់ភ្ញៀវទេសចរ។ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លើកឡើងថា ល្អាង១២ បានទាក់ទាញចិត្តទេសចរ តាមរយៈភាពអាថ៌កំបាំងរបស់ល្អាងនីមួយៗ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ល្អយ៉ាងណាក្ដី។


ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដូចតទៅ៖

លាក់ខ្លួនក្នុងព្រៃព័ទ្ធដោយដើមឈើធំៗ ល្អាង១២ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និងអ្នកដំណើរជិតឆ្ងាយ ចាត់ទុកជាទីតាំងស័ក្តសិទ្ធ ជានិច្ចកាលអ្នកដំណើរដែលបានស្គាល់ល្អាង១២ តែងចូលបន់ស្រន់សុំសេចក្ដីសុខ និងប៉ងប្រាថ្នាអ្វីមួយតាមគោលបំណងរបស់ខ្លួន។

យ៉ាងណាមិញ ល្អាង១២ ត្រូវបានលោក សំ ឃីម មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ចាត់ទុកជាតំបន់ទេសចរណ៍ ទាក់ទាញមួយផងដែរនៅក្នុងខេត្ត។ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានលើកឡើងដូច្នេះថា៖ «នៅទីនេះមានល្អាងច្រើនប្លែកៗ ដូច្នេះខ្ញុំបានចាត់ទុកទីតាំងនេះ ជាតំបន់សក្តានុពលទេសចរណ៍បែបកម្សាន្ត ដែលមានភាពទាក់ទាញមួយ។ ទីតាំងនេះយើងមិនអាចចាត់ទុកជាតំបន់ផ្សងព្រេងបានទេ ព្រោះយើងមិនអាចបោះតង់សមា្រប់ស្នាក់នៅបាន »។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កំពុងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដែលមានល្អាងចម្លែក ទាំងនេះ ដល់ភ្ញៀវទេសចរ និងជាពិសេសដល់អ្នកស្រាវជ្រាវផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សំ ឃីម។

លោក សំ ឃីម ក៏បានសំណូមពរដល់ភ្ញៀវទេសចរ និងអ្នកដំណើរ ទៅកម្សាន្តនៅល្អាង១២ ឱ្យជួយថែរក្សាបរិស្ថាន កុំបោះសំរាមចោលផ្ដេសផ្ដាស ដ្បិតទីតាំងនេះសម្បូរដោយធនធានធម្មជាតិ និងជាទីគោរពបូជាផងដែរ៕



Tag:
 ល្អាង១២
  សម្ភាស
  វីដេអូ
 ពោធិ៍សាត់
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com