COVID-19
អន្តរជាតិ
ចិន ស្នើដាក់វ៉ាក់សាំងចំនួន៣ចូលយន្តការCOVAX របស់WHO/GAVI
06, Feb 2021 , 5:30 pm        
រូបភាព
វ៉ាក់សាំងSinopharm របស់ចិន។ រូបភាព៖AFP
វ៉ាក់សាំងSinopharm របស់ចិន។ រូបភាព៖AFP
ដោយ:

វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនចិនចំនួន៣ ត្រូវបានក្រសួងការបរទេសចិនដាក់ស្នើរចូលក្នុងយន្តការCOVAX នៃWHO/GAVI នៅថ្ងៃទី៣ កុម្ភៈ។ វ៉ាក់សាំងទាំង៣នោះមានវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនSinopharm ក្រុមហ៊ុនSinovac Biotech និងក្រុមហ៊ុនCanSion Biologics។ ក្រសួងការបរទេសចិន ក៏អះអាងថានឹងផ្តល់វ៉ាក់សាំងចំនួន១០លានដូសដល់យន្តការនេះផងដែរ។



នៅថ្ងៃទី៣១ ខែធ្នូ ចិនបានអនុញ្ញាតឲ្យប្រើប្រាស់ដោយមានលក្ខខណ្ឌវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុន CNBG ដែលចំណុះឲ្យក្រុមហ៊ុន Sinopharm សម្រាប់សាធារណៈជនទូទៅ។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំងលើកដំបូងដែលចិនអនុញ្ញាតឲ្យប្រើសម្រាប់មនុស្សទូទៅ។

វ៉ាក់សាំង Sinopharm ខុសពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Pfizer ដោយសារវ៉ាក់សាំងនេះមិនប្រើបច្ចេកវិទ្យា mRNA ដែលជារបៀបថ្មី ដើម្បីបង្កើតភាពស៊ាំឡើយ។ វ៉ាក់សាំងនេះ ប្រើបច្ចេកវិទ្យាធម្មតាដោយបញ្ចូលវីរុសដែលងាប់ឬ ខ្សោយ និងគ្មានសមត្ថភាពក្នុងការចម្លងជំងឺទៅក្នុងរាងកាយ ដើម្បីដាស់ប្រព័ន្ធការពាររាងកាយឲ្យស្គាល់វីរុស និងបង្កើតភាពស៊ាំតែម្ដង។ វិធីសាស្ត្រនេះ ជារបៀបដែលត្រូវបានបង្កើតវ៉ាក់សាំងច្រើនមកហើយជាក់ស្តែងវិធីសាស្ត្រនេះត្រូវបានប្រើដើម្បីអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង និងមហារីកថ្លើមជាដើម។ វ៉ាក់សាំងនេះតម្រូវឲ្យចាក់ចំនួន២ដូស និងរក្សាក្នុងសីតុណ្ហភាពពី២ ទៅ៨អង្សាសេ។

ចិន អនុញ្ញាតឲ្យប្រើវ៉ាក់សាំងSinopharm សម្រាប់ស្ថានការណ៍បន្ទាន់នៅចុងខែកក្កដាឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្តដំណាក់កាលទី៣ បង្ហាញថាមានប្រសិទ្ធិភាព៧៩ភាគរយ ។ កម្មវិធីនេះត្រូវបានពង្រីកបន្ថែមនៅក្នុងខែធ្នូ ដើម្បីរួមបញ្ចូលក្រុមអាទិភាពបន្ថែមទៀត ប៉ុន្តែមិនទាន់គ្របដណ្តប់លើមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ និងចាស់ជាង៥៩ឆ្នាំឡើយ។

មូលហេតុចម្បងនៃការប្រើប្រាស់ដែលវ៉ាក់សាំងនេះមិនទាន់អាចប្រើសម្រាប់មនុស្សអាយុក្រោម១៨ឆ្នាំ និងចាស់ជាង៥៩ឆ្នាំ ដោយសារតែក្រុមហ៊ុនSinopharm ផ្តល់អាទិភាពដល់ក្រុមអាយុពី១៨ ដល់៥៩។ ចំណែកក្រុមមនុស្សអាយុពី៣ ទៅ១៧ឆ្នាំទើបតែបញ្ចប់ការស្រាវជ្រាវ ដោយបង្ហាញលទ្ធផលល្អជុំវិញប្រសិទ្ធភាពវ៉ាក់សាំង ចំណែកលទ្ធផលស្តីពីការបង្កើតការឆ្លើយតបរបស់វ៉ាក់សាំងកំពុងស្ថិតក្រោមការវិភាគ។ នៅថ្ងៃអនាគត វ៉ាក់សាំងនេះអាចនឹងចាក់សម្រាប់មនុស្សដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ។
ចំពោះលទ្ធផលបឋមនៃការធ្វើតេស្តដំណាក់កាលទី៣ បង្ហាញថាវ៉ាក់សាំងនេះមានប្រសិទ្ធិភាព៧៩,៣៤ភាគរយ បន្ទាប់ពីបានធ្វើតេស្តលើមនុស្សចំនួន៦ម៉ឺននាក់ក្នុងប្រទេសចំនួន១២៥។ ចំណែកឯការពិសោធមួយទៀតនៅអេមីរ៉េតអារ៉ាប់រួម បង្ហាញថាវ៉ាក់សាំងនេះមានប្រសិទ្ធិភាព៨៦ភាគរយ។

យោងតាមលោកLiu Jingzhen ប្រធានក្រុមហ៊ុនSinopharm វ៉ាក់សាំងនេះមានប្រសិទ្ធិភាពក្នុងការបង្កើតអង់ទីគ័រប្រឆាំងនឹងជំងឺកូវីដ-១៩រហូតដល់ទៅរយៈពេល៦ខែ។
គិតត្រឹមថ្ងៃទី១៦ មករា ឆ្នាំ២០២១ ចិនបានផ្តល់វ៉ាក់សាំងនេះដល់ក្រុមប្រជាជនអាទិភាពដូចជាគ្រូពេទ្យ និងអ្នកថែទាំអ្នកជំងឺ ជាមួយលាននាក់នៅក្រុងប៉េកាំង និង ជាង៦សែននាក់ផ្សេងទៀតនៅក្រុងសៀងហៃ។ ចិនក៏បានចែកចាយវ៉ាក់សាំងនេះដល់មនុស្សចំនួន១០លាននាក់ផងដែរ។ ប្រេស៊ីល ឥណ្ឌូណេស៊ី តួកគី និងអេម៊ីរ៉េតអារ៉ាប់រួមក៏បានអនុញ្ញាតឲ្យប្រើប្រាស់នេះផងដែរ។






Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com