រថយន្ត
អន្តរជាតិ
Mercedes កំណត់ថ្ងៃទី២ មីនា ដើម្បីបង្ហាញរថយន្ត F1 ឆ្នាំ២០២១ របស់ខ្លួន
08, Feb 2021 , 7:39 pm        
រូបភាព
លោក James Allison នាយកបច្ចេកទេសរបស់ Mercedes-AMG Petronas F1 Team
លោក James Allison នាយកបច្ចេកទេសរបស់ Mercedes-AMG Petronas F1 Team
ដោយ: ធីតា
តាមរយៈបណ្តាញសង្គមរបស់ខ្លួន ក្រុម Mercedes-AMG PETRONAS F1 Team ដែលមានមូលដ្ឋាននៅក្រុង Brackley ប្រទេសអង់គ្លេស បានប្រកាសយកថ្ងៃទី២ ខែមីនា ដើម្បីបង្ហាញរថយន្ត Formula 1 ឆ្នាំ២០២១ របស់ខ្លួន។

 
រថយន្ត Formula 1 ឆ្នាំថ្មី របស់ក្រុមហ៊ុន Mercedes នេះ មានឈ្មោះថា Mercedes-AMG F1 W12 E Performance W12 ដោយព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅតាមប្រព័ន្ធឌីជីថល ដោយសារការរឹតត្បិតការប្រមូលផ្តុំក្នុងបរិបទកូវីដ-១៩។ 
 
លោក James Allison នាយកបច្ចេកទេសរបស់ Mercedes-AMG Petronas F1 Team បានអះអាងថា រថយន្ត W12 លំដាប់ E Performance នេះ មានមូលដ្ឋានមិនសូវខុសពីឆ្នាំមុននោះឡើយ ប៉ុន្តែមានការធ្វើទំនើបកម្មជាមួយនឹងបច្ចេកវិទ្យាបន្ថែម។
 
ក្រុម Mercedes កំពុងសម្លឹករកភាពជើងឯក Formula 1 World Championship ៨ជាប់ៗគ្នា ទាំងកីឡាករ និងម៉ាស៊ីន ដោយគិតចាប់តាំងពីឆ្នាំ២០១៤មក។ នារយៈពេល៧ឆ្នាំចុងក្រោយ កីឡាករអង់គ្លេស Lewis Hamilton ឈ្មះ៦លើក និងកីឡាករអាល្លឺម៉ង់ Nico Rosberg ឈ្នះ១លើក។
 
Mercedes គឺជាក្រុមទី៣ ដែលប្រកាសពីគម្រោងបង្ហាញរថយន្ត F1 រដូវកាលឆ្នាំ២០២១ ក្រោយ McLaren គ្រោងបង្ហាញរថយន្ត MCL35M នៅថ្ងៃទី១៥ ខែកុម្ភៈ និង Alfa Romeo រៀបចំព្រឹត្តិការណ៍នៅវ៉ាសូវី នាថ្ងៃទី២២ ខែកុម្ភៈ ខណៈ Red Bull, Aston Martin, Alpine, Ferrari, AlphaTauri, Haas និង Williams មិនទាន់កំណត់ថ្ងៃនោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com