កីឡាអន្តរជាតិ
អន្តរជាតិ
Suarez បំបែក​កំណត់ត្រា Ronaldo ជា​អ្នករក​គ្រាប់​លឿន​នៅ La Liga
09, Feb 2021 , 11:09 am        
រូបភាព
Luis Suarez នៅតែមាន​ភាពលេច​ធ្លោ​ក្នុង​ការរក​គ្រាប់​បាល់​ក្រោយ​ចាក​ចេញពី Barcelona​ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឱ្យ Atletico Madrid ក្នុង​លទ្ធផល​ស្មើ Celta Vigo នៅ​រាត្រី​ថ្ងៃទី​៨ ខែកុម្ភៈ​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​ថែមទាំង​អាច​បំបែក​កំណត់ត្រា Cristiano Ronaldo ដែល​ធ្លាប់​ធ្វើបាន​នៅ La Liga ទៀតផង​។​


​ពីរ​គ្រាប់​របស់ Suarez សម្រេចបាន​បន្ទាប់ពី​ការនាំ​មុខ​របស់​ភ្ញៀវ Celta ដែល​ធ្វើបាន​ដោយ Santi Mina នៅ​នាទី​១៣ ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​សប្តាហ៍​ទី​២០​នៅ​កីឡដ្ឋាន Wanda Metropolitano​។ ខ្សែប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​តាម​ស្មើ​នៅ​នាទី​៤៥ និង​គ្រាប់​នាំ​មុន​ឱ្យ AT-Madrid នៅ​នាទី​៥០ មុនពេល Facundo Ferreyra រកបាន​គ្រាប់​ទី​២ និង​ជា​គ្រាប់​តាម​ស្មើ​សម្រាប់ Celta​។ ចប់​ការប្រកួត AT-Madrid ស្មើ Celta ២-២​។​
 

 
 
​មិន​ត្រឹម​រកបាន​ពីរ​គ្រាប់​ដើម្បី​ជួយ​ក្រុម​លោក Diego Simeone កើន​ពិន្ទុ​នាំមុខ​ក្នុង​តារាង La Liga ប៉ុណ្ណោះ​ទេ Suarez ថែមទាំង​បំបែក​កំណត់ត្រា​អ្នករក​គ្រាប់​បាល់​លឿន​របស់ Ronaldo ទៀតផង​។ អតីត​សមាជិក Liverpool និង Barcelona រកបាន​គ្រាប់​ទី​១៦​ហើយ ក្នុងការ​ប្រកួត​១៧​លើក​សម្រាប់ AT-Madrid រដូវ​កាល​២០២០-២១ នេះ ដែល​លើស​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ដែល​ធ្វើបាន​១៥​គ្រាប់​ក្នុងចំណោម​១៧​ប្រកួត​ឱ្យ Real Madrid កាលពី​រដូវ​កាល ២០០៩-២០១០ ក្រោយ​ចាក​ចេញពី Manchester United​។​
 
Suarez កំពុង​នាំមុខគេ​ក្នុងនាម​អ្នក​ស៊ុត​ចូល​ទី​ច្រើនជាងគេ​នៅ La Liga ចំនួន​១៦​គ្រាប់ តាម​ពីក្រោយ​ដោយ Lionel Messi របស់ Barcelona ១៣​គ្រាប់ និង Youssef En-Nesyri ខ្សែប្រយុទ្ធ Sevilla ១៣​គ្រាប់​។ Gerard Moreno របស់ Villarreal ធ្វើបាន ១២​គ្រាប់ ខណៈ Karim Benzema (Real Madrid), Mikel Oyarzabal (Real Sociedad) និង José Luis Morales (Levante) ធ្វើបាន​១០​គ្រាប់​ដូចគ្នា​។​
 
​សម្រាប់​លទ្ធផល​ពិន្ទុ​ក្រុម​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ Atletico Madrid កំពុង​នាំមុខ​កំពូល​តារាង​មាន ៥១​ពិន្ទុ​ពី​ការប្រកួត​២០​លើក នាំមុខ​គូប្រជែង Barca និង Real Madrid ៨​ពិន្ទុ ហើយ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​៕

Tag:
 Luis Suarez
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com