ជាតិ
ក្រសួង​អប់រំ ចេញ​វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់
10, Feb 2021 , 8:59 am        
រូបភាព
ដោយ​៖ ប៉ូ សុភា 

​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​វិធានការ​៦​ចំណុច ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។ វិធានការ​ទាំងនោះ គឺ​ការពន្យល់ អប់រំ​គ្រប់​មធ្យោបាយ​ទៅកាន់​សិស្ស ឱ្យមាន​វិន័យ និង​សីលធម៌​ជាដើម​។​


​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំ​ឱ្យមាន​ការយល់​ខុសពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រលាញ់​។ ជាពិសេស​ត្រូវ​ពង្រឹង​ការអនុវត្ត​វិស័យ​ឱ្យ​ម៉ឹងម៉ាត់ លើ​ការគ្រប់គ្រង​សីលធម៌ ដោយ​តាមដាន​វត្តមាន​របស់​សិស្ស​ឱ្យបាន​ជាប់លាប់​។ នេះ​បើតាម​ក្រសួង​អប់រំ​។​
 
​ក្រសួង​អប់រំ ក៏​ប្រាប់​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់ ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន ប្រចាំ​សាលារៀន តាមរយៈ​សកម្មភាព​« មិត្ត​អប់រំ​មិត្ត​»​។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានសិក្សា ក៏ត្រូវ​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សហគមន៍ ដើម្បី​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី​នានា ដែល​ប្រព្រឹត្ត​ដោយ​សិស្ស ដើម្បី​សហការ​ទប់ស្កាត់ និង​អប់រំ​ណែនាំ​កែលម្អ​ឱ្យបាន​ទាន់ពេលវេលា​។​
 
​ក្រៅពីនេះ ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក៏ត្រូវ​អនុលោម​ឱ្យបាន​ខ្ជាប់​ខ្លួន​ដែរ​។ នេះ​បើតាម​វិធានការ​ក្រសួង​អប់រំ​។​
 
​គួរ​បញ្ជាក់ថា ថ្ងៃទី​១៤ កុម្ភៈ ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day ជា​ភាសា​អង់គ្លេស ឬ Saint-Valentin ជា​ភាសា​បារាំង​) បានចាប់ផ្តើម​ឡើង​ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ពោលគឺ​នៅក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ហើយ​បន្ត​រាលដាល​ពាសពេញ​ពិភពលោក​។​
 
​ប៉ុន្តែ​បច្ចុប្បន្ន យុវជន​ខ្លះ បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​សង្គម នៅក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​ដែលជា​វប្បធម៌​បរទេស​នេះ ។ អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ទិវា​នេះ គឺ​សំដៅ​លើក្តី​ស្រលាញ់​រវាង​ម្ដាយ​ឪពុក បងប្អូន សាច់ញាតិ និង​មិត្តភក្តិ ដោយ​មិនមែន​ក្នុងន័យ​ស្នេហា​ស៊ីជម្រៅ​នោះទេ​។ អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​យល់ច្រឡំ និង​ភ្លើតភ្លើន​នឹង​ទិវា​ក្តី​ស្រឡាញ់​នេះដែរ​៕
 

Tag:
 ក្រសួង​អប់រំ​
  ទិវា​ក្តី​ស្រលាញ់​
  គ្រឹះស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com