មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា អះអាងថា វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន មានប្រសិទ្ធភាពជិត៨០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺកូវីដ-១៩។ មន្រ្តីដដែល បញ្ជាក់ថា លើពិភពលោក គ្មានវ៉ាក់សាំងប្រទេសណាមួយ មានប្រសិទ្ធភាពដល់ទៅ១០០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺកូវីដ-១៩ នោះទេ។
វ៉ាក់សាំង មិនអាចការពារបាន១០០ភាគរយ ពីការឆ្លងជំងឺកូវីដ-១៩នោះទេ។ មានន័យថា បុគ្គលណា បានចាក់វ៉ាក់សាំងរួចហើយ ក៏នៅតែអាចមានលទ្ធភាពឆ្លងជំងឺកូវីដ-១៩ដែរ បើបុគ្គលនោះ ធ្វេសប្រហែលមិនការពារខ្លួន។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរៀបចំឡើងនៅទីស្តីការក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ទៅកាន់ប្រជាពលរដ្ឋថា៖«អ្នក ដែលចាក់ [វ៉ាក់សាំង] ហើយ ក៏គាត់ នៅតែមានលទ្ធភាពក្នុងការឆ្លងដែរ បើគាត់ មិនអនុវត្តវិធានការ ៣ការពារ ៣កុំ និង ការធ្វើចត្តាឡីស័ក»។ បន្ទាប់មក អ្នកស្រី ក្រើនរម្លឹកប្រជាពលរដ្ឋថា៖«ការអនុវត្តវិធានការសុខាភិបាល គឺនៅតែធ្វើដដែល។ កុំភ្លេចសមីការ ដែលខ្ញុំ ជូនអម្បាញ់មិញ ៣ការពារ បូក៣កុំ បូកនឹងវ៉ាក់សាំង»។
៣ការពារ គឺ ពាក់ម៉ាស់ លាងដៃ និង រក្សាគម្លាត ហើយ៣កុំ គឺ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និង កុំប៉ះគ្នា ដូចជា ចាប់ដៃ ជាដើម។ ក្រៅពីការអនុវត្តវិធានការ ៣ការពារ និង ៣កុំនេះហើយ នៅមានវិធានការធ្វើចត្តាឡីស័ក១ថែមទៀត ដែលត្រូវបន្តអនុវត្ត ដូចជា ករណីពលរដ្ឋខ្មែរ ឬជនបរទេស ដែលធ្វើដំណើរពីបរទេស ចូលមកកម្ពុជា។
អ្នកស្រី អះអាងថា អ្នក ដែលចាក់វ៉ាក់សាំងហើយ មិនត្រឹមតែនៅមានលទ្ធភាពឆ្លងជំងឺកូវីដ-១៩នោះទេ តែនៅអាចចម្លងដល់អ្នកដទៃថែមទៀត។ អ្នកស្រី សង្កត់ធ្ងន់ថា៖«ត្រូវចាំកន្លែងហ្នឹង នៅតែឆ្លងទៅដទៃដដែល»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា អ្នក ដែលបានចាក់វ៉ាក់សាំងរួចហើយ បើទោះបីឆ្លងជំងឺកូវីដ-១៩ ក៏សរីរាង្គរបស់អ្នកនោះ មិនជួបហានិភ័យធ្ងន់ធ្ងរនៃការវាយលុកពីជំងឺនេះដែរ ដ្បិតសរីរាង្គរបស់គេ មានកងការពារ គឺវ៉ាក់សាំង។ អ្នកស្រី មានប្រសាសន៍ថា៖«[បើនៅឆ្លង] អ៊ីចឹង ចាក់ធ្វើអី? ចាក់ ដើម្បីការពារខ្លួនយើង... បើមានវីរុសកូវីដ-១៩ វាយលុកក្នុងខ្លួនយើង គឺយើងមានកងការពារ។...បើអត់មានវ៉ាក់សាំងហ្នឹង [ក្នុងខ្លួនទេ] គឺអាចធ្លាក់ចូលទៅក្នុងការបាត់បង់ជីវិតបានដោយងាយស្រួលជាទីបំផុត»។
ដើម្បីឲ្យងាយយល់ អ្នកស្រីវេជ្ជបណ្ឌិត បានប្រៀបបៀបការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូចទៅនឹងការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធម្មតា។ អ្នកស្រី បន្តថា អ្នក ដែលចាក់វ៉ាក់សាំងការពារផ្តាសាយ ក៏នៅតែមានលទ្ធភាពកើតផ្តាសាយ ឬឆ្លងផ្តាសាយពីអ្នកដទៃដែរ។
អ្នកស្រី ថ្លែងថា៖«បើយើង ចាក់វ៉ាក់សាំងទៅ វា ផ្តាសាយដែរ តែក្នុង១ខែ ២ខែ ឬ៣ខែ មិនទាន់កើតម្តងផង ហើយបើកើត ក៏តិចតួច អាចក្អកអីតិចទៅ ហៀរសំបោរ តែមួយភ្លែតអ៊ីចឹងទៅ វា បាត់ទៅវិញទៅ។ អ៊ីចឹង កូវីដ-១៩ ក៏មានសភាពដូចគ្នាដែរ អត់ខុសគ្នាទេ មានន័យថា គោលការណ៍របស់វ៉ាក់សាំង ដែលគេ ប្រើប្រាស់ គឺឈរលើគោលការណ៍តែមួយហ្នឹងទេ អត់មានគោលការណ៍ណាខុសពីហ្នឹងទេ»។
បើតាមអ្នកស្រីវេជ្ជបណ្ឌិតដដែល វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) របស់ចិន ដែលផ្តល់ដល់កម្ពុជា ត្រូវបានអ្នកជំនាញនៃប្រទេសចិនខ្លួនឯង និងអ្នកជំនាញនៃបណ្តាប្រទេសដទៃទៀត សិក្សាឃើញថា មានប្រសិទ្ធភាពជិត៨០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺកូវីដ-១៩។ អ្នកស្រី បន្ថែមថា នៅលើពិភពលោក មិនមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬវ៉ាក់សាំងការពារជំងឺផ្សេងទៀត មានប្រសិទ្ធភាពដល់ទៅ១០០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺនោះទេ។
អ្នកស្រី អធិប្បាយថា៖«បើតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក គេ អត់និយាយចំពោះតែវ៉ាក់សាំងណាទេ រាល់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ នៅពេលអភិវឌ្ឍចេញមកហើយ ដែលអាចដាក់ប្រើប្រាស់លើសរីរាង្គមនុស្ស ឲ្យតែប្រសិទ្ធភាពរបស់វាបានពី៧០ភាគរយឡើងលើ គឺគេ យកហើយ [អនុញ្ញាតឲ្យប្រើប្រាស់]។ បើគេ វាយតម្លៃ ៧០ឡើង គឺជាប់ហើយ អត់ធ្លាក់ទេ»។
ចំពោះវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក ទទួលស្គាល់ជាផ្លូវការនោះទេ។ ផ្អែកតាមការអត្ថាធិប្បាយខាងលើរបស់អ្នកស្រីវេជ្ជបណ្ឌិត វ៉ាក់សាំងស៊ីណូហ្វាមនេះ កំពុងស្ថិតក្នុងការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក។ អ្នកស្រី មើលឃើញហេតុផលថា ចិន ប្រញាប់យកវ៉ាក់សាំងនេះ មកប្រើប្រាស់ ដោយមិនអាចរង់ចាំការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក គឺដោយសារតែមានតម្រូវការចាំបាញ់ ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ម្យ៉ាងទៀត អ្នកស្រី យល់ឃើញថា ចិន ក៏មានអ្នកជំនាញរបស់ខ្លួន ក្នុងការសិក្សាជ្រាវនិងការវាយតម្លៃច្បាស់លាស់ដែរ មុននឹងសម្រេចឲ្យប្រើប្រាស់វ៉ាក់សាំងនេះ។
ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ទៅ កម្ពុជា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកដំបូង តែមិនទាន់អាចចាក់ជូនប្រជាពលរដ្ឋទូទៅឡើយ គឺចាក់ឲ្យតែក្រុមមនុស្សអាទិភាពមួយចំនួនសិនប៉ុណ្ណោះ ដែលត្រូវបានកំណត់។ អ្នក ដែលត្រូវបានកំណត់ឲ្យចាក់វ៉ាក់សាំងសម្រាប់ដំណាក់កាលដំបូងនេះ គឺ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអ្នកមានឋានៈស្មើ ទៅចាក់នៅមន្ទីរពេទ្យកាល់ម៉ែត, អនុរដ្ឋលេខាធិការ ឬអ្នកមានឋានៈស្មើ ទៅចាក់នៅមន្ទីរពេទ្យអង្គឌួង, អភិបាលរាជធានី-ខេត្ត ទៅចាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, អ្នកកាសែត ទៅចាក់នៅមន្ទីរពេទ្យកុមារជាតិ។
មនុស្ស៤ក្រុមខាងលើ មិនត្រូវមានអាយុលើសពី៥៩ឆ្នាំឡើយ ព្រោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន អាចចាក់បានតែមនុស្សមានអាយុចន្លោះពី១៨ឆ្នាំទៅ៥៩ឆ្នាំប៉ុណ្ណោះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវ័យ៦៨ឆ្នាំទៅហើយនោះ បានប្រកាសលែងចាក់វ៉ាក់សាំងស៊ីណូហ្វាមវិញ ក្រោយទទួលបានព័ត៌មានថា វ៉ាក់សាំងនេះ មិនអាចចាក់មនុស្សដែលមានវ័យលើសពី៥៩ឆ្នាំ។
ដោយសារខ្លួនមិនអាចចាក់បាន សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅកូនៗរបស់សម្តេច រួមទាំងបណ្តាមន្ត្រីក្នុងជួររដ្ឋាភិបាល ដែលមានអាយុមិនលើស៥៩ឆ្នាំ និងកូនៗរបស់ពួកគេ ឲ្យទៅចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដើម្បីផ្តល់ការជឿទុកចិត្តដល់ប្រជាជន។
ចិន បានយល់ព្រមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូស ដល់កម្ពុជា។ ៦០ម៉ឺនដូស ត្រូវបានភាគីចិន បញ្ជូនមកកម្ពុជាហើយ ខណៈមួយចំនួនដែលនៅសល់ អាចនឹងត្រូវបញ្ជូនមកតាមក្រោយ។ មនុស្សម្នាក់ ត្រូវចាក់២ដូស។
មានប្រទេសធំៗផ្សេងទៀត ដូចជា ឥណ្ឌា អូស្ត្រាលី រុស្ស៊ី រួមទាំង សហភាពអឺរ៉ុបផង ក៏កម្ពុជា ស្នើសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែរ។ តបតាមសំណើរបស់កម្ពុជា ឥណ្ឌា បានយល់ព្រមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១០ម៉ឺនដូសដល់កម្ពុជា តែមិនទាន់បញ្ជូនមកឡើយ ខណៈអូស្ត្រាលី សម្រេចផ្តល់ជំនួយជាថវិកា២៨លានដុល្លារ សម្រាប់ចំណាយលើកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៧លានដូសពីអង្គការសុខភាពពិភពលោក។ ដោយឡែក ខាងរុស្ស៊ីនិងសហភាពអឺរ៉ុប គេ មិនទាន់ឃើញមានព័ត៌មានឆ្លើយតបនឹងសំណើរបស់កម្ពុជានៅឡើយទេ។
រដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងអាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចចំនួន២០លានដូស។ ក្នុងចំណោម២០លានដូសនោះ មិនមែនជាជំនួយរបស់ប្រទេសជាមិត្តនិងជាជំនួយរបស់អង្គការអន្តរជាតិទាំងអស់នោះទេ ដោយមានមួយចំនួន គឺរដ្ឋាភិបាលកម្ពុជា នឹងត្រូវចំណាយថវិកាទិញ ហើយថវិកា ដែលរដ្ឋាភិបាល បានមកពីការបរិច្ចាគរបស់សប្បុរសជន គឺស្ថិតក្នុងកញ្ចប់ថវិកា សម្រាប់ទិញវ៉ាក់សាំងនេះ។ អង់គ្លេស ជាប្រភពមួយ ដែលរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕