ជាតិ
សម្ដេច ទៀ បាញ់ ៖ កងទ័ព អាយុលើស៦០ឆ្នាំ ចាក់វ៉ាក់សាំងចិនបានទាំងអស់
11, Feb 2021 , 4:19 pm        
រូបភាព
សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកងទ័ពចាក់វ៉ាក់សាំងSinopharm របស់ចិន នៅមន្ទីរពេទ្យកេតុមាលា កាលពីថ្ងៃទី១០ កុម្ភៈ ២០២១
សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកងទ័ពចាក់វ៉ាក់សាំងSinopharm របស់ចិន នៅមន្ទីរពេទ្យកេតុមាលា កាលពីថ្ងៃទី១០ កុម្ភៈ ២០២១
ភ្នំពេញ៖ កងទ័ពកម្ពុជា បានចាក់វ៉ាក់សាំងSinopharm របស់ចិនហើយ នៅមន្ទីរពេទ្យកេតុមាលា កាលពីថ្ងៃទី១០ កុម្ភៈ ក្រោមការដឹកនាំរបស់សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ។ សម្រាប់កងទ័ពកម្ពុជា នឹងចាក់វ៉ាក់សាំងចិន ដោយមិនកំណត់អាយុឡើយ។

-

ខុសពីក្រសួង ស្ថាប័ន និងមន្ត្រីរាជការដទៃទៀត សម្ដេច ទៀ បាញ់ បានប្រកាសអនុញ្ញាតឱ្យមន្ត្រីកងកម្លាំងខ្លួន អាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន ដោយមិនកំណត់អាយុឡើយ។ សម្រាប់សម្ដេច ទៀ បាញ់ អាយុមិនមែនជាបញ្ហាចោទ ដែលធ្វើកងទ័ពមិនអាចទទួលបានវ៉ាក់សាំងឡើយ។

សូមស្ដាប់ប្រសាសន៍សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលឆ្លើយសំនួរអ្នកកាសែត៖


 

ថ្លែងក្នុងពិធីដឹកនាំមន្ត្រីកងទ័ពចាក់វ៉ាក់សាំងចិន នៅមន្ទីរពេទ្យកេតុមាលា នារសៀលថ្ងៃទី១០ កុម្ភៈ រដ្ឋមន្រ្តីការពារជាតិរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំប្រើក្នុងសេចក្តីថ្លែងការណ៍ហ្នឹង បានប្រាប់ហើយ អាយុ១៨ រហូតដល់អាយុលើសពី៥៩ឆ្នាំឡើងទៅក៏ចាក់(វ៉ាក់សាំងSinopharm) បានទាំងអស់។ ចាក់បានទាំងអស់ រហូតដល់អាយុ១២០ឆ្នាំ ក៏ចាក់បានដែរ»។ 
 
វ៉ាក់សាំងSinopharmចិននេះ បានកំណត់អាយុចាប់ពី១៨ ដល់៥៩ឆ្នាំ ទើបអាចចាក់បាន។ ប៉ុន្តែសម្ដេច ទៀ បាញ់ ដែលមានអាយុ៧៥ឆ្នាំ បានចាក់វ៉ាក់សាំងចិន ទាំងខ្លួនលើសអាយុកំណត់។ រដ្ឋមន្រ្តីការពារជាតិរូបនេះ បានអះអាងថា ខ្លួនមានសុខភាពល្អ ដោយមិនមានបញ្ហាប្រតិកម្មជាមួយវ៉ាក់សាំងឡើយ។ មិនតែប៉ណ្ណោះសម្ដេច ហ៊ានអះអាងថា វ៉ាក់សាំងចិន មានគុណភាព និងប្រសិទ្ធល្អទៀតផង។ 
 
ដោយសារមើលឃើញថា គ្មានផលប៉ះពាល់អ្វីដល់សុខភាពនេះហើយ ទើបសម្ដេច ទៀ បាញ់ ស្នើទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីការអនុញ្ញាតឱ្យកងទ័ពមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងចិននេះ។ សម្ដេច ទៀ បាញ់ បានអះអាងថា សម្ដេច ហ៊ុន សែន ក៏បានឯកភាពតាមសំណើររបស់ខ្លួនហើយ។
 
លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងមន្ត្រីជាន់ខ្ពស់កងទ័ពផ្សេងទៀត ចាក់វ៉ាក់សាំងនៅថ្ងៃទី១០ កុម្ភៈ ក្រោមការដឹកនាំរបស់សម្ដេច ទៀ បាញ់។
 
ក្រៅពីកងកម្លាំងប្រចាំការនៅរាជធានីនេះ សម្ដេច ទៀ បាញ់ ក៏គ្រោងរៀបចំឱ្យចាក់លើកងទ័ពប្រចាំការតាមព្រំដែន ដោយមិនកំណត់អាយុផងដែរ។
 
កន្លងមក សម្ដេច ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេ។ ប៉ុន្តែមុន២ថ្ងៃ ដែលចិនផ្ដល់វ៉ាក់សាំងមកកម្ពុជានោះ សម្ដេច ហ៊ុន សែន ប្រកាសថា លែងចាក់វ៉ាក់សាំង Sinopharm ចិននេះវិញ ដោយសារលើសអាយុកំណត់។ ក្រសួងសុខាភិបាល ក៏ចេញសេចក្តីប្រកាសវ៉ាក់សាំងនេះ អាចចាក់បានតែមនុស្សមានអាយុក្រោម៦០ឆ្នាំប៉ុណ្ណោះ។ 
 
អត្ថបទទាក់ទង
 
 
ដ្បិតមិនអាចចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យកូនបង្កើត និងកូនប្រសារខ្លួនចាក់វ៉ាក់សាំងចិនជំនួស ដើម្បីបង្ហាញសក្ខីភាព និងផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត កូនប្រុសបង្កើតសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ-១៩ហើយ ខណៈលោក ហ៊ុន ម៉ានី កូនប្រុសពៅសម្ដេច មិនបានចាក់វ៉ាក់សាំងឡើយ ដោយសារបញ្ហាសុខភាព។ ចំណែកលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិវុធ កូនប្រសារសម្ដេច ហ៊ុន សែន ក៏បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែរ។
 
ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 នៅថ្ងៃទី៧ កុម្ភៈនេះ ។ បើតាមគម្រោង កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស។
 
កម្ពុជា ត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ ប្រមាណ២០លានដូស ពីបណ្ដាលប្រទេសផលិតនានា ។ ប៉ុន្តែក្នុងនោះ កម្ពុជាទំនងជាអាចទទួលបានជំនួយវ៉ាក់សាំង១១លានដូស៕
 

Tag:
 ទៀ បាញ់
  COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com