ពីនេះ ពីនោះ
សុខភាព
កុំ​ពឹង​លើ​តែ​ថ្នាំ​! ឈឺចាប់​រ៉ាំរ៉ៃ​? អាហារ​ទាំងនេះ​អាចជួយ​បាន​
12, Feb 2021 , 8:59 pm        
រូបភាព
​ធ្លាប់​ដឹង​ទេ​ថា​របប​អាហារ​ក៏​អាចជួយ​បំបាត់​ការឈឺចាប់​បានដែរ​? ជា​ញឹកញយ​នៅពេល​មាន​អារម្មណ៍​ឈឺចាប់​ភាគច្រើន​នៃ​ពួកយើង គឺ​តែងតែ​ជ្រើស​រើសយក​ថ្នាំ​បំបាត់​ការឈឺចាប់​មក​ដោះស្រាយ​បញ្ហា​។ ទោះជា​យ៉ាងណា​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ជះឥទ្ធិពល​មិនល្អ​ច្រើន​ចំពោះ​សុខភាព​មិន​ដូច​អាហារ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​អាហារ​ធម្មតាៗ ប៉ុន្តែ​អាច​បំបាត់​ការឈឺ​ចាប់បាន​យ៉ាង​ប្រសើរ ៖

 
១. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​កាត់បន្ថយ​ភាព​ឡើង​រឹង​និង​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។ ក្រៅពី​មាន​ផ្ទុក​ក្នុង​ត្រី​សម្បូរ​ខ្លាញ់​ហើយ​នោះ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏មាន​ក្នុង​គ្រាប់​ធញ្ញជាតិ អយ​ស្ទ័​រ និង​គ្រាប់​ជី​ជាដើម​ផងដែរ​។ ដូច្នេះ​ដើម្បី​បំបាត់​ការឈឺចាប់​កុំ​ភ្លេច​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។​
 
២. ខ្ញី​
 
​ការ​រលាក​ជា​ប្រភព​ចម្បង​មួយ​នៃ​បញ្ហា​ឈឺចាប់ ហើយ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​សារធាតុ​ជួយ​បំបាត់​ការឈឺចាប់​រួមមាន​សមាសធាតុ zingerone សមាសធាតុ shogaols និង​សមាសធាតុ paradols​។​
 
៣. រមៀត​
 
​រមៀត​ជួយ​បំបាត់​ការឈឺចាប់​ដោយសារ​ការ​រលាក​។ ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​អា​ការៈឈឺចាប់ ដោយសារតែ​ការ​រលាក​ក្នុង​រាងកាយ ចូរ​បន្ថែម​រមៀត​មួយចំនួន​ក្នុង​អាហារ​។ នោះ​ក៏​ព្រោះតែ​រមៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ curcumin ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​គួរអោយកត់សម្គាល់​។​
 
៤. ខ្ទឹមស​
 
​ក្រៅពី​អាច​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ ខ្ទឹមស​ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​និង​សារធាតុ sulfur ដែល​កាត់បន្ថយ​ការឈឺចាប់​រ៉ាំរ៉ៃ ហើយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​
 
៥. ប្រេង​អូ​លីវ​
 
​ប្រេង​អូ​លីវ​មាន​ប្រសិទ្ធភាព​បំបាត់​ការឈឺចាប់​ដូច​ថ្នាំ​អាស្ពីរីន​និង ibuprofen អញ្ចឹង​! នេះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols​។ ប្រេង​អូ​លីវ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ oleocanthal ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​កាត់បន្ថយ​អា​ការៈឈឺចាប់​គួរឱ្យកត់សម្គាល់​ផងដែរ​។​
 
៦. ផ្លែឈើ​
 
​បឺ​រី ទទឹម និង​ឈើ​រី ព្រមទាំង​ផ្លែឈើ​ដែលមាន​ពណ៌​ដិត​ខ្លាំង គឺ​ល្អ​ណាស់​សម្រាប់​ទប់ស្កាត់​ការ​រលាក​ដែល​បង្ក​ការឈឺចាប់​។ ចៀសវាង​ទទួលទាន​ទឹក​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​បន្ថែម​។ អ្នក​ក៏​គួរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ ដោយ​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ monounsaturated ជាតិ​ស​សៃ វីតាមីន ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែល​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com