ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈ បានសម្រេចដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ា និងអតីតយោធាចំនួន ១០រូប ដែលពាក់ព័ន្ធនឹងការដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិល។ បើតាមក្រសួងហិរញ្ញវត្ថុ អាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើរបបសឹកមីយ៉ាន់ម៉ា មិនបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ឬប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ។
មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបញ្ជាប្រតិបត្តិលើការដាក់ទណ្ឌកម្មនៅមីយ៉ាន់ម៉ា ត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន អនុម័ត ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់មេដឹកនាំយោធា និងអតីតយោធាចំនួន ១០រូប ចូលទៅក្នុងបញ្ជីខ្មៅ។ ក្រៅពីយោធា អាមេរិកក៏ដាក់គោលដៅលើក្រុមហ៊ុនឯកជនរកស៊ីត្បូង និងថ្មកែវចំនួន ៣ផងដែរ។ ក្រោមទណ្ឌកម្មនេះ បុគ្គល និងក្រុមហ៊ុនរកស៊ីទាំងនេះ រងហាមឃាត់មិនឱ្យរកស៊ីនៅអាមេរិក និងត្រូវបង្កកទ្រព្យសម្បត្តិ ដែលមាននៅអាមេរិក។
«ទណ្ឌកម្មទាំងនេះ ផ្តោតយ៉ាងជាក់លាក់លើឈ្មោះបុគ្គល ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តួលរម្លំរដ្ឋាភិបាលនៅមីយ៉ាន់ម៉ា»។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Janet Yellen បានព្រមានក្នុងសេចក្ដីថ្លែងការណ៍ថា អាមេរិក បានត្រៀមចំណាត់ការបន្ថែមទៀតរួចហើយ ប្រសិនបើរបបសឹក នៅតែរឹងទទឹងមិនផ្លាស់ប្តូរសកម្មភាពរបស់ខ្លួន។
ក្រៅពីចំណាត់ការខាងលើ អាមេរិក ក៏កំពុងដំណើរការនីតិវិធី ក្នុងការផ្អឹបទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ ពីមូលនិធិរដ្ឋាភិបាលមីយ៉ាន់ម៉ានៅទឹកដីអាមេរិកផងដែរ។
ក្នុងចំណោមមនុស្សទាំង១០ ដែលស្ថិតក្នុងបញ្ជីខ្មៅនេះ គេឃើញមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា, អគ្គមេបញ្ជាការរង Soe Win, រដ្ឋមន្ត្រីការពារជាតិ លោក Mya Tun Oo, ប្រធានាធិបតីស្តីទី លោក Myint Swe និងមន្ត្រីយោធាផ្សេងទៀត។ នៅក្នុងឆ្នាំ២០១៩ លោក មីន អ៊ុងឡាំង ក៏ធ្លាប់រងទណ្ឌកម្មអាមេរិក ទាក់ទិននឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏នឹងប្រជុំនៅថ្ងៃទី១២ ខែកុម្ភៈ ហើយដែលអាចអនុម័តសេចក្តីសម្រេចមួយជាឯកច្ឆន្ទ លើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ ចំណែកអឺរ៉ុប ក៏បន្ត បានជំរុញឱ្យរបបសឹកបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ ខណៈពេលអង់គ្លេស ដែលជាអតីតអាណានិគម កំពុងស្វែងរកចំណាត់ការដាក់លើក្រុមយោធា។
ដោយឡែកស្ថានការណ៍នៅក្នុងប្រទេសវិញ គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ បាតុកម្មនៅមីយ៉ាន់ម៉ា ដែលមានស្ទើរតែនៅទូទាំងប្រទេស បានធ្វើឡើងរយៈពេល ៦ថ្ងៃហើយ។ ប្រជាជន នៅតែបន្តទាមទារឱ្យដោះលែងមេដឹកនាំរដ្ឋាភិបាលស៊ីវិល ខណៈពេលលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានទទូចឱ្យប្រជាជនត្រលប់ទៅធ្វើការវិញ។
ក្នុងសុន្ទរកថាលើកទីពីរនៅថ្ងៃទី១១ ខែកុម្ភៈ មេដឹកនាំយោធាលើកឡើងពីបាតុកម្មជាលើកដំបូង ហើយលោកបានស្នើឱ្យប្រជាជនត្រលប់ទៅធ្វើការវិញ ដើម្បីផលប្រយោជន៍របស់ប្រទេស និងបញ្ចៀសការរាលដាលនៃកូវីដ-១៩ ។ ទន្ទឹមលោក លោកឧត្តមសេនីយ៍ក៏បានបន្ទោសយុទ្ធនាការជំទាស់ក្រុមយោធាផងដែលនាំឱ្យមានចលនាឈប់ធ្វើការរបស់បុគ្គលិករដ្ឋ៕