COVID-19
ជាតិ
ក្រសួងសុខាភិបាលកម្ពុជា ប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដពីរប្រភេទទៀតរបស់ចិននិងអង់គ្លេស
12, Feb 2021 , 10:54 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និយាយជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីមួយនាពេលកន្លងមក
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និយាយជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីមួយនាពេលកន្លងមក
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរប្រភេទទៀត ដោយមួយ ជាវ៉ាក់សាំងផលិតដោយប្រទេសចិន ឈ្មោះ សីណូវ៉ាក់ (Sinovac’s COVID-19) និងមួយ ជាវ៉ាក់សាំងផលិតដោយចក្រភពអង់គ្លេស ឈ្មោះ អាសស្រ្តា ស៊ីណេកា (AstraZeneca’s COVID-19)។



តាមរយៈសេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អះអាងថា វ៉ាក់សាំងទាំងពីរប្រភេទនេះ ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពក្នុងប្រទេសចិននិងក្នុងចក្រភពអង់គ្លេស ព្រមទាំងនៅបណ្តាប្រទេសមួយចំនួនទៀត។ លោក បញ្ជាក់ថា ការប្រកាស់ឲ្យប្រើប្រាស់វ៉ាក់សាំងទាំងពីរប្រភេទនេះនៅកម្ពុជា គឺក្រោយទទួលបានការយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិនជាលើកដំបូង។ វ៉ាក់សាំង ដែលប្រើប្រាស់ដំបូងនៅកម្ពុជា ឈ្មោះ ស៊ីណូហ្វាម (Sinopharm) ហើយអាចចាក់បានតែមនុស្សមានអាយុចន្លោះពី១៨ឆ្នាំទៅ៥៩ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន ការចាក់វ៉ាក់សាំងនេះ បានដំណើរនៅតាមមន្ទីរពេទ្យតែ៤សិនប៉ុណ្ណោះ ក្នុងរាជធានីភ្នំពេញ គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យកុមារជាតិ។

វ៉ាកសាំងស៊ីណូហ្វាម គឺជាជំនួយរបស់ចិន។ ជាដំណាក់កាលដំបូង ចិន បានបញ្ជូនវ៉ាក់សាំងស៊ីណូហ្វាម៦០ដូស មកកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ។ ចំពោះវ៉ាក់សាំងពីរប្រភេទទៀត គឺ ស៊ីណូវ៉ាក់ និងស៊ីណេកា គេ មិនទាន់ដឹងថា នឹងមកដល់កម្ពុជានៅពេលណាឡើយ៕

Tag:
 COVID-19
  វ៉ាក់សាំង
  Sinovac
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com