ជាតិ
ពស់ថ្លាន់​ចំនួន​ប្រាំ​ក្បាល ត្រូវបាន​លែង​ឲ្យ​ចូលទៅ​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​
12, Feb 2021 , 7:29 pm        
រូបភាព
​រាប់​ពីឆ្វេង​ទៅ លោក គង់ សីឡា​, កញ្ញា អេ​លីហ្សា​បែ​ត អេ​វើ​រេស​, លោក ស្រី កែវ​សុភៈ និង​លោក ង៉ោ ប៉េង​ប៊ុន ក្នុងពេល​លែង​ពស់ថ្លាន់ ក្នុងព្រៃ​លិច​ទឹក នៅ​ចុង​ឃ្នៀ​ស​។
​រាប់​ពីឆ្វេង​ទៅ លោក គង់ សីឡា​, កញ្ញា អេ​លីហ្សា​បែ​ត អេ​វើ​រេស​, លោក ស្រី កែវ​សុភៈ និង​លោក ង៉ោ ប៉េង​ប៊ុន ក្នុងពេល​លែង​ពស់ថ្លាន់ ក្នុងព្រៃ​លិច​ទឹក នៅ​ចុង​ឃ្នៀ​ស​។
ដោយ:
​សៀមរាប​៖ រដ្ឋបាល​ជលផល និង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ នៅក្នុងពេល​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ចាប់​ត្រី ដែល​នេសាទ​បាន​ដោយ​ឧបករណ៍​លប​ឡុ​ក ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ខណ្ឌ​រដ្ឋ​បាន​ជលផល​សៀមរាប កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​លែង​ពស់ថ្លាន់​ចំនួន​៥​ក្បាល ចូលទៅក្នុង​ព្រៃ​លិច​ទឹក​ដែលជា​ទីជម្រក​ធម្មជាតិ​វិញ នៅ​តំបន់​ចុង​ឃ្នៀ​ស ស្រុក​សៀមរាប ខេត្តសៀមរាប​។

 
​លោក ស្រី កែវ​សុភៈ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប បាន​ថ្លែងថា ពស់ថ្លាន់​ចំនួន​៥​ក្បាល​នេះ គឺ​បានមកពី​អ្នកនេសាទ ដែល​គាត់​ស្ម័គ្រចិត្ត​យកមក​លែង ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ខ​ណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប ដើម្បី​អភិរក្ស និង​បង្កើន​ផល​ស្តុក​នៅក្នុង​ទីជម្រក​ធម្មជាតិ ឲ្យ​សម្បូរ​ឡើងវិញ​។​
 
​លោក កែវ​សុភៈ បន្តថា «​នេះ​គឺជា​សកម្ម​ភាពជា​គំរូ​មួយ របស់​ប្រជា​នេសាទ​ម្នាក់​។ ពស់ថ្លាន់ គឺជា​សត្វ​ល្មួ​ន​ដែល​គ្មាន​ពិស និង​មាន​ទំហំ​ខ្លួន​ធំ​គួរ​ឲ្យ​ទាកទាញ​។ ជាការ​ល្អ បើ​យើង​អភិរក្ស​ពួកវា​ទុក​សម្រាប់​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ដើម្បី​ទាក់ទាញ​ទេសចរណ៍ នោះ​យើង​នឹង​អាចជួយ​បង្កើត​ប្រាក់ចំណូល​ដល់​ប្រជាជន​នៅក្នុង​តំបន់​ផងដែរ​»​។​
 
​លោក កែវ​សុភៈ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​នេសាទ​ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់ បើ​ចាប់បាន​ពពួក​ប្រភេទ​សត្វ​កម្រ ឬ​ពពួក​ត្រី​កម្រ ដូចជា​ត្រី​គល់រាំង ត្រី​រាជ​ជាដើម សូមមេត្តា​ផ្តល់ដំណឹង​ទៅ​អាជ្ញាធរ​ដែនដី និង​ខណ្ឌ​រដ្ឋបាល​ជល​ផល ដើម្បី​យកទៅ​លែង​ក្នុង​តំបន់​អភិរក្ស ឬ​ទីជម្រក​ធម្មជាតិ​វិញ​»​។ 
 

​រាប់​ពីឆ្វេង​ទៅ លោក គង់ សីឡា​, លោក ង៉ោ ប៉េង​ប៊ុន​, លោក ស្រី កែវ​សុភៈ​, អ្នកស្រី ជា សីលា និង កញ្ញា អេ​លីហ្សា​បែ​ត អេ​វើ​រេស ក្នុងពេល​លែង​ពស់ថ្លាន់ ក្នុងព្រៃ​លិច​ទឹក នៅ​ចុង​ឃ្នៀ​ស​។ 
 
​លោក​គង់ សីឡា ជា​ប្រជា​នេសាទ​រស់នៅក្នុង​ឃុំ​ចុង​ឃ្នៀ​ស ស្រុក​សៀមរាប ខេត្តសៀមរាប ដែលជា​អ្នកស្ម័គ្រចិត្ត​ប្រគល់​ពស់ថ្លាន់​ទាំង​ប្រាំ​ក្បាល​នោះ បាន​និយាយថា គាត់​តែងតែ​លែង​ពស់ថ្លាន់​ឲ្យ​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ មិន​ថា​ធំ ឬ​តូច​ទេ បន្ទាប់ពី​វា​បាន​ចូលក្នុង​លប​របស់គាត់​។​
 
​បុរស​កូន​បី វ័យ​៣៨​ឆ្នាំ រូបនេះ​បន្តថា​៖ «​ពស់ថ្លាន់ ជា​ប្រភេទ​ល្មួ​ន​គ្មាន​ពិស វា​ពុំ​បង្ក​គ្រោះ​ដល់​មនុស្ស ដូច​ប្រភេទ​ពស់មានពិស​ដទៃ​ឡើយ​។ ផ្ទុយទៅវិញ វា​អាចជួយ​កំចាត់​សត្វ​ចង្រៃ ដូចជា​កណ្តុរ​ជាដើម ដែល​បំផ្លាញ​ដំណាំ​កសិកម្ម របស់​ប្រជាកសិករ​»​។ 
 
​កញ្ញា អេ​លីហ្សា​បែ​ត អេ​វើ​រេស និស្សិត​ហាត់​ការ​មកពី​សហរដ្ឋអាមេរិក របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ន​ទន្លេមេគង្គ ដែល​បាន​ចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ផល​ចាប់​ត្រី ដោយ​ឧបករណ៍​លប​ឡុ​ក ក្នុង​បឹង​ទន្លេសាប តំបន់​ចុង​ឃ្នៀ​ស ខេត្តសៀមរាប បាន​បញ្ចេញ​ចំណាប់អារម្មណ៍​រំភើប​រីករាយ បន្ទាប់ពី​បាន​ចូលរួម​លែង​ពស់ថ្លាន់​ចំនួន ៥​ក្បាល​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​នេះ​។ 
 
​កញ្ញា អេ​លីហ្សា​បែ​ត បាន​និ​យា​យា​ថា នេះ​ជា​លើកទីមួយ​ក្នុង​ជីវិត ដែល​កញ្ញា​មាន​ឳ​កាស​បាន​លែង​ពស់ថ្លាន់​ជាមួយនឹង​អ្នកនេសាទ​។ «​ខ្ញុំ​មាន​ក្តីរំភើប ដែល​បាន​ចូលរួម​លែង​ពស់ថ្លាន់​ទាំង​ប្រាំ​ក្បាល​នេះ និង​រីករាយ​ណាស់ ពេល​បានឃើញ​ពួកវា​មាន​សេរីភាព លូន​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។ ខ្ញុំ​សង្ឃឹមថា ពស់ថ្លាន់​ទាំងនេះ នឹង​អាចជួយ​អូសទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កំសាន្ត​ក្នុង​តំបន់​បាន​កាន់តែច្រើន​»​។​
 
​បឹង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា គឺ​ចំណុច​ស្នូល​នៃ​ជីវៈចម្រុះ​ដ៏​សម្បូរបែប​។ ជាពិសេស ត្រី​ទឹកសាប ច្រើនជាង ៣០០​ប្រភេទ​។ ព្រៃ​លិច​ទឹក ភូមិ​បណ្តែត​ទឹក ផ្ទះ​ជើង​សសរ​ខ្ពស់ៗ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​នេសាទ គឺជា​ប៉ូល​ទាកទាញ​ទេសចរណ៍​ដ៏​សំខាន់​។ ការបាត់បង់​ព្រៃ​លិច​ទឹក ជីវៈចម្រុះ​អាច​នឹង​បាត់បង់​តាម​ដែរ​។ សូមជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដើម្បី​និរន្តរភាព​នៃ​ជីវៈចម្រុះ និង​ទេសចរណ៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com