COVID-19
ជាតិ
សុខភាព
អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ទៀត បានសះស្បើយ
13, Feb 2021 , 9:45 am        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀតបានជាសះស្បើយ ដែលធ្វើឲ្យនៅសល់អ្នក ១៣នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា។

 
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៣ កុម្ភៈនេះ អ្នកជាសះស្បើយទាំង៣នាក់ ជាបុរសឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ ដែលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយមកដល់កម្ពុជានៅថ្ងៃ ២៩ ខែមករា ឆ្នាំ២០២១។ 
 
បុរសឥណ្ឌូណេស៊ីម្នាក់ទៀត អាយុ ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តហោះហើរទៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ 
 
អ្នកសះស្បើយម្នាក់ទៀតជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តធ្វើហោះហើរទៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ 
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៤៧៩នាក់ ក្នុងនោះ៤៦៦នាក់បានសះស្បើយ។ នៅសល់អ្នកជំងឺកូវីដ-១៩ ចំនួន១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ ៥នាក់ព្យាបាលនៅមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន, នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៣នាក់, នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ១នាក់, នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ២នាក់ និងនៅមណ្ឌលសុខភាពចាក់អង្រែ២នាក់៕
 

Tag:
 កូវីដ
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com