កសាងនៅសតវត្សទី១០ តែក្បាច់រចនា និងចម្លាក់នៅប្រាសាទចិនស្រម នៅប្រណីតដូចដើម
ជាតិ
កសាងនៅសតវត្សទី១០ តែក្បាច់រចនា និងចម្លាក់នៅប្រាសាទចិនស្រម នៅប្រណីតដូចដើម
14, Feb 2021 , 12:29 pm        
រូបភាព
ដោយ៖ ហុង ស្រីណា
 
ប្រាសាទចិនស្រម ឬហៅថាប្រាសាទព្រៃវែង មានទីតាំងនៅភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ពោលគឺចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីកោះកេរ។ ប្រាសាទនេះ មានតួចំនួន៥កសាងពីឥដ្ឋលាយថ្មភក់ សង់លើខឿន៣ថ្នាក់ បែរមុខទៅទិសខាងកើត និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ មានគោបុរៈ២ សង់ពីថ្មភក់។ កសាងឡើងក្នុងសតវត្សរ៍ទី១០ ប្រាសាទនេះនៅតែរក្សាបានរូបរាងដើម ព្រមទាំងចម្លាក់ និងក្បូរក្បាច់រចនា ស្អាត ប្រណីតដដែល។

 
កសាងឡើងក្នុងរចនាប័ទ្មកោះកេរ ប្រាសាទចិនស្រម មានប៉មប្រាសាទចំនួន៥ លម្អដោយចម្លាក់ថ្មភក់យ៉ាងស្រស់ស្អាត។ ចម្លាក់នីមួយៗ បង្ហាញពីអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា ដើម្បីឧទ្ទិសដល់ព្រះសិវៈ។ តួប៉មនីមួយៗមានទ្វារចំនួន៤ ប៉ុន្តែទ្វារ៣ខាងលិច គឺជាទ្វារបញ្ឆោត។ ចំណែកទ្វារខាងកើតមួយ ជាទ្វារពិត។ ខាងកើតប្រាសាទប្រមាណ៤០០ម៉ែត្រ មានបារាយណ៍ធំមួយ មានបណ្តោយ១ ២០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ។
លោក សៀន មារ៉ាឌី ប្រធានដឹកនាំក្រុមទេសចរក្នុងក្រុមហ៊ុន សំ វាសនា បានប្រាប់សារព័ត៌មាន Thmeythmey25 ថា ប្រាសាទចិនស្រមនេះ អាចកសាងដោយមន្ត្រីអង្គណាមួយក្នុងសម័យកាលនោះ ដើម្បីឧទ្ទិសថ្វាយអាទិទេព។ ហ៊ានអះអាងដូច្នេះ ព្រោះមារ៉ាឌី សំអាងថា ប្រាសាទនេះមានសណ្ឋានតូចល្មម ហើយបើសិនជាការកសាងសម្រាប់ស្ដេចអង្គណាមួយ ប្រាកដជាមានលក្ខណៈធំជាងនេះ។ 
 
នៅប្រាសាទនេះ មានស្រះទឹកចំនួន៤ គឺនៅខាងមុខ២ និងខាងក្រោយ២ ហើយក៏មានសំណង់ជញ្ជាំងថ្មបាយក្រៀមកម្ពស់ ២ម៉ែត្រ សង់ព័ទ្ធជុំវិញស្រះផងដែរ។ ទោះបីជាប្រាសាទនេះកសាងឡើងក្នុងសតវត្សរ៍ទី១០ ប៉ុន្តែចម្លាក់ និងក្បាច់រចនានៅតាមតួប៉មប្រាសាទនីមួយៗនៅតែមានលក្ខណៈល្អ ស្អាតដដែល។ ចម្លាក់នៅខាងផ្តែរនីមួយៗ បែរទៅទិសខាងកើត និងមានចម្លាក់រូបព្រះឥន្ទ្រ ដែលគង់នៅលើដំរីក្បាល៣។ រូបរាងប្រាសាទនេះ រក្សានៅដូចដើម ជាមួយក្បាច់រចនាយ៉ាងប្រណិត និងមានឫស្សីដុះព័ទ្ធជុំវិញផងដែរ។  ជាមួយគ្នានេះ ទីតាំងប្រាសាទនេះ មិនអំណោយផល និងមានភាពដាច់ស្រយាល ទើបមិនសូវមានភ្ញៀវទេសចរបរទេសទៅដល់ ហើយមានតែក្រុមម៉ូតូដើរព្រៃប៉ុណ្ណោះ ដែលបានទៅដល់។
 
សូមជម្រាបផងដែរថា ប្រាសាទនេះ ត្រូវបានជួសជុល និងកសាងបន្ថែមផ្នែកខ្លះឡើងវិញ នៅសតវត្សរ៍ទី១១ នៅរាជព្រះបាទសូរ្យវ័្មនទី១។ នេះបើយោងតាមសិលាចារឹក ដែលចារនៅតួកណ្តាលនៃប្រាសាទ៕
 









រូបភាពដោយ៖ ស៊ុល រ៉វី


លោក សៀន មារ៉ាឌី ប្រធានដឹកនាំក្រុមទេសចរ


Tag:
 Thmethmey25
  ប្រាសាទចិនស្រម
  ប្រាសាទព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com