COVID-19
អន្តរជាតិ
រៀបការជាមួយគ្នា៧០ឆ្នាំ ហើយស្លាប់ដោយសារកូវីដ-១៩ដូចគ្នា និងកាន់ដៃគ្នាជាប់រហូត
14, Feb 2021 , 5:59 pm        
រូបភាព
ដោយ: ធីតា
រឿងរ៉ាវលោកយាយ Margaret និងលោកតា Derek Firth បានធ្វើឲ្យមានការរំជួលចិត្តយ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធ័រណិត។ ពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេល៧០ឆ្នាំ ហើយទីបំផុតបានទទួលមរណភាពរយៈពេល៣ថ្ងៃខុសគ្នានៅមន្ទីរពេទ្យមួយក្នុងប្រទេសអង់គ្លេសដោយសារកូវីដ-១៩។

 
ស្វាមីភរិយាអង់គ្លេសទាំងពីរ សុទ្ធតែមានអាយុ៩១ឆ្នាំ ដូចគ្នា។ ពួកគាត់តេស្តវិជ្ជមានកូវីដ-១៩ កាលពីចុងខែមករា កន្លងមក ហើយត្រូបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយតែងតែចាប់ដៃគ្នាជាប្រចាំទៅវិញទៅមក។ នេះបើតាមការផ្សាយរបស់ Manchester Evernings News។
 
លោក Derek និងលោកស្រី Margaret បានជួបគ្នាលើកដំបូងតាំងពីអាយុ១៤ឆ្នាំ។ ៦ឆ្នាំក្រោយមក ពួកគាត់បានរៀបការនៅឆ្នាំ១៩៥០ និងរស់នៅតំបន់ Partington ចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងមែនឆេស្ទ័រ។ ចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់បង្កើតបានកូន៥នាក់ ចៅ១១នាក់ និងចៅទួត៤នាក់។
 
ដំបូងឡើយ លោកយាយ Margaret Firth ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Wythenshawe តែក្រោយមកផ្ទេរទៅពេទ្យនៅ Trafford វិញ ដោយលោក Derek Firth ត្រូវបានបញ្ជូនទៅតាមក្រោយ។ ពួកគាត់មានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្នាយ៉ាងខ្លាំង ដោយតែងតែចាប់ដៃគ្នាទៅវិញទៅមកជានិច្ច។ លោកតា Derek បានស្លាប់នៅថ្ងៃទី៣១ ខែមករា ហើយលោកយាយ Margaret បានស្លាប់នារយៈពេល៣ថ្ងៃបន្ទាប់។
អ្នកស្រី Barbara Smith កូនស្រីដែលមានអាយុ៥០ឆ្នាំ បានអរគុណចំពោះក្រុមការងារសុខាភិបាលអង់គ្លេស NHS ដែលបានអនុញ្ញាតឲ្យពួកគាត់សម្រាកព្យាបាលរួមគ្នា និងឲ្យសមាជិកគ្រួសារផ្សេងទៀត បានទៅសួរសុខទុក្ខនាដង្ហើមចុងក្រោយរបស់ពួកគាត់។  
 
អ្នកស្រីបញ្ជាក់ វាជាពេលវេលាដ៏សោកសៅសម្រាប់ក្រុមគ្រួសារ ប៉ុន្តែកូនចៅទាំងអស់នៅតែមានក្តីរីករាយ ដោយសារតែពួកគាត់បានរួមដំណើរទៅជាមួយគ្នា។ ពួកគាត់អត់គ្នាមិនបាននោះឡើយ ជាពិសេសនៅមន្ទីរពេទ្យ លោក Margaret តែងតែសួររកស្វាមីជានិច្ច៕
 


© រក្សាសិទ្ធិដោយ thmeythmey.com