កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang ក្លាយជា​កីឡា​ករទី​៣ ដែល​រកបាន Hat-trick នៅ​ថ្ងៃ Valentine’s day
15, Feb 2021 , 10:38 am        
រូបភាព
​ភ្នំពេញ​៖ ក្រុម Arsenal បាន​យកឈ្នះ​ក្រុម Leed United ដោយ​លទ្ធផល​៤​ទល់​២ នៅ​ទឹកដី Emirates Stadium កាលពី​ថ្ងៃទី​១៤ កុម្ភៈ​។ Pierre-Emerick Aubameyang ក្លាយជា​កីឡា​ករទី​៣ ដែល​រកបាន Hat-trick នៅ​ថ្ងៃ​ទិវា​សេចក្តីស្រឡាញ់​នេះ​។



៤​គ្រាប់​របស់​ក្លិប​កាំភ្លើង​ធំ Arsenal រកបាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​ប៊ុង Aubameyang ចំនួន​៣​គ្រាប់ គឺនៅ​នាទី​១៣ ដោយ​ការ​បណ្ដើរ​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយពី​ការបញ្ជូន​បាល់​ពី​ខ្សែបម្រើ Granit Xhaka ។  ការប្រកួត​ជិត​ចប់​តង់​ទី​១​ទៅហើយ Aubameyang មានឱកាស​រកបាន​មួយ​គ្រាប់​ទៀត នៅ​នាទី​៤១ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ មុននឹង​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ Hector Bellerin បន្ថែម​១​គ្រាប់ នៅ​នាទី​៤៥​។​
 
​ការប្រកួត​ឈានដល់​វគ្គ​ទី​២ ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​ប៊ុង វ័យ​៣១​ឆ្នាំ​រូបនេះ បា​នរក​គ្រាប់​ទី​៣​របស់ខ្លួន នៅ​នាទី​៤៧ ដោយ​ការបញ្ជូន​បាល់​ពី​កីឡាករ Emile Smith-Rowe ដែលនាំឱ្យ Arsenal នាំមុខ Leed United ៤​ទល់​០​។ Leed United ក៏​ប្រឹង​វាយ​សម្រុក​Arsenal វិញ​ដែរ រហូត​រកបាន​២​គ្រាប់ នៅ​នាទី​៥៨ និង​៦៩ ដោយ​កីឡាករ Pascal Struijk និង Helder Costa ។​
 
​សម្រាប់​ការប្រកួត​នេះ Aubameyang ក៏​ក្លាយជា​កីឡា​ករទី​៣ ដែល​រកបាន Hat-trick នៅ​ថ្ងៃ​ទិវា​សេចក្តីស្រឡាញ់​នេះ (Valentine’s day)​។ កីឡាករ ដែល​រក​គ្រាប់​បាល់ Hat-trick នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដំបូង​គេ​នោះ គឺ​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Matt Le Tissier រកបាន​៣​គ្រាប់ ដែល​ជួយ​ឱ្យ​ក្រុម Southamton យកឈ្នះ Liverpool ដោយ​លទ្ធផល​៤​ទល់​២ នៅ​ឆ្នាំ​១៩៩៤​។​
 
​ដោយឡែក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​Michael Owen ក៏​រកបាន​៣​គ្រាប់ ក្នុងការ​ប្រកួត​រវាង​ក្រុម Liverpool និង Sheffield Wednesday ដោយ​លទ្ធផល​៣​ទល់​៣ នៅ​ឆ្នាំ​១៩៩៨ នា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះដែរ​។​
 
​សម្រាប់​ការលេង​ឱ្យ Arsenal ១០៥ ប្រកួត​នៅ Premier League ចាប់ពី​ឆ្នាំ​២០១៧​មក Aubameyang រកបាន​៦២​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ប​ញ្ជូ​ល​ទី​១៣​លើក​។ 

Tag:
 Aubameyang
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com