កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich ចំណាយ​៥២​លាន​ដុល្លារ ទិញ Upamecano ពី Leipzig អំឡុង​វិបត្តិ COVID-19
15, Feb 2021 , 2:39 pm        
រូបភាព
Bayern Munich ទិញ​បាន​ខ្សែការពារ Dayot Upamecano ពី​ក្រុម​គូប្រជែង RasenBallsport Leipzig ក្នុងតម្លៃ​ផ្តាច់​កិច្ចសន្យា (buy-out clause) ៥២​លាន​ដុល្លារ​។ នេះ​ជាការ​ទិញដូរ​កីឡាករ​ក្នុងតម្លៃ​ដ៏​ថ្លៃ​បំផុត​អំឡុង​វិបត្តិ COVID-19 នាទី​ផ្សារ​ដោះដូរ​លើក​ទី​២​រដូវ​កាល ២០២០-២១​។​



​កីឡាករ​អន្តរជាតិ​បារាំង Upamecano រូបនេះ​នឹងចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​នៅ​ថ្ងៃទី​១ ខែកក្កដា ក្នុង​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​។ លោក Hasan Salihamidzic នាយក​ផ្នែក​កីឡា​របស់​ក្លិប Bayern Munich ជឿជាក់ថា ខ្សែការពារ​វ័យ​២២​ឆ្នាំ​នឹង​ក្លាយជា​សមាជិក​ដ៏​សំខាន់​សម្រាប់​ក្រុម​នៅ​រដូវ​កាល​ក្រោយ និង​រដូវ​កាល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​
 
Upamecano ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ក្លិប​ធំៗ​ដូចជា Manchester United, Chelsea និង Liverpool ជាដើម​នោះ បាន​រួមរស់​ជាមួយ RB Leipzig រយៈ​៤ ឆ្នាំកន្លះ​មកហើយ ដោយ​បង្ហាញខ្លួន​បាន ១៣៩ ប្រកួត និង​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​។​
 
​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Bayern Munich ដែលមាន​លោក Hans-Dieter Flick ជា​គ្រូបង្វឹក​កំពុង​នាំមុខ​កំពូល​តារាង Bundesliga ដោយមាន​៤៨​ពិន្ទុ​លើ​ក្រុម​លេខ​ពីរ Leipzig ចំនួន​៤​ពិន្ទុ ហើយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​
 
​ដោយឡែក Leipzig វិញ​បើទោះជា​មានការ​ទិញដូរ​គ្នា​ហើយ​ក្តី តែ Upamecano នៅតែ​អា​ជួយ​ក្រុម​ដល់​ចុងរដូវ​កាល​។ Leipzig នឹងត្រូវ​ជួប Liverpool នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ Champions League ជើង​ទី​១ ដែល​ធ្វើឡើង​ក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​៕
 

Tag:
 Dayot Upamecano
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com