ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ហ្វីលីពីន ឱ្យ​ពិនិត្យមើល​សក្តានុពល​នៅក្នុង​តំបន់ ជាជាង​ទី​ឆ្ងាយ​
17, Feb 2021 , 7:29 pm        
រូបភាព
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០២១​។​
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០២១​។​
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រាប់​ហ្វីលីពីន ឱ្យ​ពិនិត្យមើល​សក្តានុពល​នៅក្នុង​តំបន់ ដើម្បី​ជួយ​បំពេញ​គ្នា​ទៅវិញទៅមក ដែល​វា​ប្រសើរ​ជាង​នៅ​ទី​ឆ្ងាយ​។ នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​បែបនេះ នៅក្នុង​ជំនួប​លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​។​


​សម្រាប់​សម្ដេច ហ៊ុន សែន ការប្រើប្រាស់​សក្ដានុពល​ក្នុង​តំបន់ វា​នឹង​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​។ «​យើង​គប្បី​ណា​ពិនិត្យមើល​សក្តានុពល​ណា​ដែលមាន​នៅក្នុង​តំបន់​របស់​យើង ជាជាង​ពិនិត្យមើល​សក្តានុពល នៅ​ទី​ឆ្ងាយៗ ពោលគឺ​យើង​អាចធ្វើ​យ៉ាងណា ទាញយក​សក្តានុពល​នេះ​មកប្រើប្រាស់ ហើយ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​»​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។​
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏​ស្នើឱ្យ​ហ្វីលីពីន ពិនិត្យ​លទ្ធភាព​នាំ​អង្ករ​កម្ពុជា​ចូល​ទីផ្សារ​ក្នុងប្រទេស​ខ្លួន ខណៈ​កម្ពុជា មាន​អង្ករ​នៅសល់ ប្រមាណ​៦​លាន​តោន​ក្នុង​មួយឆ្នាំ​។ បន្ថែម​ពីនេះ ប្រមុខ​រដ្ឋាភិបាល ក៏​ជំ​រុញឱ្យ​ហ្វីលីពីន បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ស្រូវ​អង្ករ​កម្ពុជា​ផងដែរ​។ ឮ​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​ហ្វីលីពីន អាចមក​ដាក់ទុន​វិនិយោគ​នៅក្នុង​កម្ពុជា​យើង​បាន តាមរយៈ​ការដាក់ទុន​លើ​ផ្នែក​ម៉ាស៊ីនកិនស្រូវ ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​បង្កើតជា​បណ្ដាញ​ទិញស្រូវ​ស្តុក​ទុក ដើម្បី​នាំចេញ​ទៅ​ប្រទេស​ហ្វីលីពីន​»​។​
 
​លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា បេសកកម្ម​លោកស្រី​នៅ​អាណត្តិ​នេះ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​។​
 
​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​សម្តី​លោកស្រី Maria Amelita C.Aquino បានបញ្ជាក់​ដូច្នេះ​ថា​៖«​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើយ៉ាងណា ចាប់ផ្ដើម​ដំណើរការ​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីត​១៩​បាន​សាបរលាប​ទៅ ដែល​កន្លងមក​ត្រូវបាន​ផ្អាក​មួយរយៈ​នោះ​»​។​
 
​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ការចាប់ផ្ដើម​សកម្មភាព​ឡើងវិញ​នេះ ហ្វីលីពីន​គប្បី​ពិនិត្យមើល​សកម្មភាព និង​សក្តានុពល​ដទៃទៀត ជាពិសេស​នៅក្នុង​ក្របខណ្ឌ​នៃ ខ័​ណ្ឌ​អាស៊ាន​China និង ASEM ផងដែរ​។​
 
​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ហ្វីលីពីន​នៅ​កម្ពុជា មាន​ជាង​៥០​ក្រុមហ៊ុន​។ ដោយឡែក​ប្រជាជន​ហ្វី​លីន​នៅ​កម្ពុជា មាន​ជាង​៦​ពាន់​នាក់ ដែល​ភាគច្រើន​ពួកគេ កាន់តំណែង​ខ្ពស់ៗ នៅក្នុង​វិស័យ​ឯកជន​។ គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩ មាន​ចំនួន​៣៧​លាន​ដុល្លារ​ប៉ុណ្ណោះ​៕
 
 
 
 
 

Tag:
 ហ៊ុន សែន​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com