ជាតិ
ទូត​កម្ពុជា ប្រាប់​ពលរដ្ឋ​ខ្មែរ នៅ​វៀតណាម ប្រុងប្រយ័ត្ន​ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​រី​កម្រិត​ខ្ពស់​
17, Feb 2021 , 9:29 pm        
រូបភាព
​ដោយ​៖ ប៉ូ សុភា 

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​វៀតណាម ប្រាប់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ ត្រូវការពារ​ខ្លួន និង​ប្រុងប្រយ័ត្ន ចំពោះ​ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​រី​កម្រិត​ខ្ពស់ ដែលនាំឱ្យ​គ្រោះ​ដល់​សុខភាព​ស្បែក និង​ភ្នែក​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា នៅ​ថ្ងៃទី​១៧ កម្ភៈ​។​



​ស្ថានទូត​កម្ពុជា ប្រាប់​ឱ្យ​និស្សិត សិក្ខាកាម​យោធា នគរបាល និង​ពលរដ្ឋ​ខ្មែរ ដែល​កំពុងមាន​វត្តមាន​នៅ​វៀតណាម ត្រូវ​ស្លៀក​សម្លៀកបំពាក់​ការពារ​កម្ដៅ , ពាក់​របាំងមុខ​, ក និង​ត្រចៀក , ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ ។ ជាពិសេស​លាប​ឡេ​ការពារ​ស្បែក នៅពេល​ចេញ​ក្រៅ រួមទាំង​ផឹកទឹក​ឱ្យបាន​ច្រើន និង​មាន​វីតាមីន​C បំប៉នបន្ថែម​ឱ្យបាន​គ្រប់គ្រាន់​។​
 
​ក្រុង​ហូជីមិញ ក្រុង​ញ៉​ត្រាង ទីក្រុង Cha Tho ក្រុង​ដា​ណា​ង និង​ខេត្ត Thua Thien Hue នឹងមាន​ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​រី កើន​ដល់​កម្រិត​ហានិភ័យ​ខ្ពស់​ពី ៨​ទៅ​កម្រិត​១០ ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​១៩ កុម្ភៈ ។​
 
​កាំរស្មី​វិទ្យុ​សក​ម្មយូរី​ខ្លាំង​នេះ ភាគច្រើន​មាននៅ​ចន្លោះ​ម៉ោង ១១​ព្រឹក ដល់​១​រសៀល​។ ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​រី​ពី ៨​ទៅ ១០ ជា​កំរិត​កាំរស្មី​យូ​រី​ខ្លាំង អាច​ឆ្លងកាត់​ពពក វ៉ែនតា និង​ធ្វើឱ្យ​រលាក​ស្បែក ក្នុង​រយៈពេល​២៥​នាទី​។ ប្រសិន​ស​ន្ទ​ស្សន៍​ចាប់ពី​១១​ឡើងទៅ ជា​កាំរស្មី​យូ​រី​ខ្លាំង​ដែល​អាចធ្វើឱ្យ​ភ្នែក និង​ស្បែក ប៉ះពាល់​ក្នុង​រយៈពេល​១៥​នាទី​។ នេះ​បើតាម​ស្ថានទូត​កម្ពុជា ដែល​ប្រាប់​ពលរដ្ឋ​ខ្មែរ ឱ្យ​អនុវត្ត​វិធានការ​ការពារ​ឱ្យ​ខ្ជាប់ខ្ជួន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នានា​៕
 

Tag:
 វៀតណាម​
  ហូជីមិញ​
  កាំរស្មី​វិទ្យុសកម្ម​
 
© រក្សាសិទ្ធិដោយ thmeythmey.com