អន្តរជាតិ
DNA ចំណាស់​ជាងគេ​លើ​លោក​ត្រូវបាន​រកឃើញ​ក្នុង​ថនិកសត្វ​អាយុកាល​១,២​លាន​ឆ្នាំ​
19, Feb 2021 , 8:29 am        
រូបភាព
DNA អាយុកាលជាង១លានឆ្នាំពីអំបូរដំរី Steppe Mammoths។ រូបតំណាងរបស់វិចិត្រករ Beth Zaiken CPG
DNA អាយុកាលជាង១លានឆ្នាំពីអំបូរដំរី Steppe Mammoths។ រូបតំណាងរបស់វិចិត្រករ Beth Zaiken CPG
ដោយ: ធីតា
​អ្នកវិទ្យាសាស្ត្រ​នៅ​ស៊ុយអែត បានប្រកាស​ពី​ការសិក្សា​ថ្មី​របស់ខ្លួន​លើ​សំណាក DNA ពី​ថ្គាម​ថនិកសត្វ​នៅ​តំបន់​ស៊ី​បេ​រី ដែលមាន​អាយុកាល​ប្រមាណ​១,២​លាន​ឆ្នាំ​។ វា​ជាការ​សិក្សា​ដែល​បើក​ច្រក​សម្រាប់​ការសិក្សា​លើ​ការវិវត្ត​របស់​អំបូរ​សត្វ​ផ្សេងៗ​ទៀត​នាពេលខាងមុខ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ British Journal Nature​។

 
DNA ដែលមាន​អាយុកាល​ប្រមាណ​១,២​លាន​ឆ្នាំនេះ ត្រូវបាន​រកឃើញ​ពី​អំបូរ​សត្វ (Steppe Mammoth) ពីរ​ប្រភេទ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អំបូរ​ដើម​នៃ​ដំរី​រោម​វែង (Wolly Mammoth)​។ កន្លងមក DNA ចំណាស់​បំផុត គឺ​យក​ចេញពី​សត្វ​សេះមួយ​ក្បាល​ដែល​រស់​នៅលើ​ទឹកដី Yukon ប្រទេស​កាណ​ដា កាលពី​ប្រមាណ​៧​សែន​ឆ្នាំមុន​។​
 
​លោក Love Dalen សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល Palaeogenetics នៅ​ក្រុង​ស្កុ​ក​ហូ​ម ប្រទេស​ស៊ុយអែត បាន​អះអាង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា វត្ថុ​សំណាក DNA នេះ ពិតជា​មាន​វ័យ​ចំណាស់​ខ្លាំង​បំផុត ដែលជា​ថ្គាម​ថនិកសត្វ​ពី​ដើម និង​កណ្តាល​សម័យកាល Pleistocene ឯ​តំបន់​ស៊ី​បេ​រី​។​
 
​តាមពិតទៅ សំណាក​ថនិកសត្វ​ទាំងនេះ ត្រូវបាន​រកឃើញ​កាលពី​អំឡុង​ឆ្នាំ​១៩៧០ ប៉ុន្តែ​ត្រូវបាន​រក្សាទុក​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី ក្រុង​មូ​ស្គូ​។ លទ្ធផល DNA អាចជួយ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​មាន​ពន្លឺ​បន្ថែម​ពី​ការ​បន្លាស់​ទី និង​ការវិវត្ត​របស់​ថនិកសត្វ​លើ​ពិភពលោក​។​
 
​លោក Anders Gotherstrom សាស្ត្រាចារ្យ​ម្នាក់ទៀត​ដែល​ដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​នៅ Center for Palaeogentics បាន​អះអាងថា​៖«​យើង​មិនទាន់​ឈានដល់​កាលកំណត់​ឡើយ ដោយ​ការសិក្សា​នឹង​នាំ​ឲ្យ​យើង​ស្រាវជ្រាវ​រកឃើញ DNA ដែលមាន​អាយុ​កាលពី​២​លាន ទៅ​២,៦​លាន​ឆ្នាំមុន​បន្ថែមទៀត​»៕
 

Tag:
 DNA
  វិទ្យាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com