ជាតិ
រដ្ឋាភិបាល ចាត់ទុក​ប្រតិកម្ម​របស់​NGO​លើ​អនុក្រឹត្យ​ច្រកទ្វារ​អ៊ីនធឺណិត​ថា «​មាន​ចរិត​នយោបាយ​»
19, Feb 2021 , 10:59 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ច្រាន​ចោលការ​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ចោទថា រដ្ឋាភិបាល​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​(National Internet Gateway) គឺមាន​បំណង​ចាប់យក​ទិន្នន័យ​ពី​អ្នកប្រើប្រាស់ និង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ដោយ​យក​គំរូ​ចិន​មក​អនុវត្ត​។ ក្រសួង​អះអាងថា ការចោទប្រកាន់​ទាំងនេះ គឺ​គ្មាន​មូលដ្ឋាន​និង​មាន​ចរិត​នយោបាយ​។


​ក្រសួង​ប្រៃសណីយ៍​ចេញ​នៅ​ថ្ងៃទី​១៩​កុម្ភៈ​នេះ បាន​សេចក្ដីប្រកាស​ព័ត៌មាន​ឆ្លើយតប​នឹង​បណ្ដាញ​សង្គម​ស៊ីវិល​ថា ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​បង្កើតឡើង​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់ មិនមែន​នៅតែ​កម្ពុជា​ឡើយ​។ ក្រសួង​សង្កត់ធ្ងន់ថា គោលបំណង​នៃ​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត គឺ​ដើម្បី​ទប់ស្កាត់​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​។ 
 
«​ការរៀបចំ​អនុក្រឹត្យ​ស្ដីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ជាតិ​ដោយ​ផ្អែកលើ​គោលការណ៍​ប្រកួតប្រជែង​ស្មើភាព​និង​ស្មោះត្រង់ និង​តម្លាភាព​រវាង​រដ្ឋ​និង​ប្រតិបត្តិ​ករ ព្រមទាំង​ជួប​ទប់ស្កាត់​នូវ​ការ​លួ​ចត​ភ្ជាប់​បណ្ដាញ​ឆ្លងដែន​ខុសច្បាប់ ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់ ការគំរាមកំហែង​តាម​អ៊ីនធឺណិត រូបភាព​អាសអាភាស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​»​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ ដោយ​បន្ថែមថា ការរៀបចំ​អនុក្រឹត្យ​ស្ដីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ធ្វើឡើង​ដោយ​បើកចំហ និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​វិស័យ​ទូរគមនាគមន៍ ប្រតិបត្តិ​ករ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនលើក​។ 
 
​បើតាម​លោក មាស ប៉ូ នៅ​កម្ពុជា មាន​ប្រតិបត្តិ​ករ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​ចំនួន​៣៧ ហើយ​មាន​ក្រុមហ៊ុន​ចំនួន​១៧ ត្រូវបាន​លុប​និង​ព្យួរ​អាជ្ញាប័ណ្ណ​វិញ​។​
 
​នៅ​មាត្រា​៤ ក្នុង​អនុក្រឹត្យ​ច្រកទ្វារ​អ៊ីនធឺណិត​ចែងថា ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ត្រូវបាន​បង្កើតឡើង ដើម្បី​សម្រួល​និង​គ្រប់គ្រង​ការតភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ក្នុងប្រទេស​និង​អន្តរជាតិ​។ ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​រួមមាន ច្រកទ្វារ​អ៊ីនធឺណិត​ក្នុងប្រទេស សម្រាប់​ផ្លាស់ប្ដូរ​ទិន្នន័យ​អ៊ីនធឺណិត​ក្នុងប្រទេស​និង​ច្រកទ្វារ​អ៊ី​ន​អន្តរជាតិ សម្រាប់​ផ្លាស់ប្ដូរ​ទិន្នន័យ​អ៊ីនធឺណិត​ក្នុងប្រទេស​និង​អន្តរជាតិ​៕
 
 
 

Tag:
 អនុក្រឹត្យ​ច្រកទ្វារ​អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com