ជាតិ
សុខភាព
កម្ពុជា​ដាក់​ឲ្យ​ប្រើប្រាស់ QR Code «Stop COVID» ដើម្បី​តាមដាន​មនុស្ស​នៅ​កន្លែង​ចេញចូល​ច្រើន​
20, Feb 2021 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ល្បឿន​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩(COVID-19) លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ស្កេ​ន​QR Code«​ទប់ស្កាត់​កូ​វីដ ឬ Stop Covid» នៅ​ទីកន្លែង​មួយចំនួន​ដែលមាន​មនុស្ស​ចេញ​-​ចូល​ច្រើន​។

 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់លោក​ម៉ម ប៊ុនហេង នារ​សៀ​ស​ថ្ងៃទី​២០​កុម្ភៈ ទីតាំង​កន្លែង​ដែល​ត្រូវដាក់​QR Code«​ទប់ស្កាត់​កូ​វីដ ឬ Stop Covid» នោះ​មាន​កន្លែង​ចេញ​-​ចូល​សណ្ឋាគារ​, ផ្ទះសំណាក់ ,​ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន​, អាគារ​ស្នាក់នៅ​រួម​(​ខុន​ដូ​), ក្រុមហ៊ុន​, រោងចក្រ និង​សហគ្រាស ជាដើម​។ 
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រព័ន្ធ​ស្កេ​ន​QR Code​នេះ នឹង​កក់​ត្រាទុក​ទីតាំង​របស់​បុគ្គល​ដែល​បានចេញ​-​ចូល និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អ្នក​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ឬ​ប៉ះពាល់ ប្រសិនបើ​ទីតាំង​នោះ​រកឃើញ​វិជ្ជា​មាន​កូ​វីដ​-១៩​។ លោក បាន​បញ្ជាក់ថា ប្រព័ន្ធ​នេះ គឺ​មិន​តាមដាន​ឯកជន​ភាព​របស់​បុគ្គ​ល​ឡើយ​។​
 
​ជាមួយគ្នានេះ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ស្នើឱ្យ​ម្ចាស់​ភោ​ជនី​ដ្ឋា​ន និង​ម្ចាស់​ទីតាំង​ដែល​បាន​រៀបរាប់​ខាងលើ ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ស្កេ​ន​QR Code«​ទប់ស្កាត់​កូ​វីដ ឬ Stop Covid»​។ ដើម្បី​ទទួលបាន QR Code​នេះ យកទៅ​ប្រើប្រាស់​ម្ចាស់​ទីតាំង​ដែលមាន​មនុស្ស​ចេញ​-​ចូល​ច្រើន​ទាំងអស់ សូម​ចូលទៅ​កាន់​គេហទំព័រ stopcovid.gov.kh រួចហើយ​ចុច​លើ​ពាក្យ​«​ស្នើសុំ​QR Code»​។ បន្ទាប់មក សូម​បំពេញ​ព័ត៌មាន រួច​ចុច​លើ​ពាក្យស្នើសុំ​QR Code និង Download ដើម្បី​QR Code មួយ​សន្លឹក យកទៅ​ព្រី​ន និង​បិទ​នៅមុខ​ទីកន្លែង​ចេញ​-​ចូល​របស់​លោកអ្នក​។ ការប្រើប្រាស់​ប្រព័ន្ធ​នេះ មិន​តម្រូវឱ្យ​ចំណាយ​អ្វី​ឡើយ​។ 
 
​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​QR Code នេះ ដើម្បី​បង្ការ​សុខភាព និង​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការប្រើ​ន​ប្រាស់​ប្រព័ន្ធ​ស្កេ​ន​QR Code នេះ  សាធារណជន​អាចទាក់ទង​ទៅ​មជ្ឈមណ្ឌល​ទំនាក់ទំនង​បឋម​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាមរយៈ​លេខ​កូដ​ខ្លី ១២៣ ឬ ០៩៩ ៨៨៨ ៥១៦/ ០១២ ៩៧៩ ០៧៩ ដោយ​ឥតគិតថ្លៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com