COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ព​ន្លឿ​ន​ថ្ងៃ​ចាក់​វ៉ាក់សាំង ខណៈ​ទទួល​វ៉ាក់សាំង Pfizer
21, Feb 2021 , 4:05 pm        
រូបភាព
​ម៉ាឡេស៊ី សម្រេចចិត្ត​ព​ន្លឿ​ន​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​ពីរ​ថ្ងៃ ខណៈ​វ៉ាក់សាំង​កូ​វីដ​-១៩ ជើង​ដំបូង​របស់​ក្រុមហ៊ុន Pfizer បាន​ទៅដល់​ប្រទេស​នេះ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។ វ៉ាក់សាំង​កូ​វីដ​-១៩ នឹង​បន្ត​ទៅដល់​ម៉ាឡេស៊ី​នៅ​សប្ដាហ៍​ខាងមុខ​ទៀត សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​ដែល​គ្រោង​ចាក់ឱ្យ​ប្រជាជន​៨០​ភាគរយ​នៅ​ឆ្នាំ​២០២១​នេះ​។​

 
​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer ចំនួន​៣១២៣៩០​ដូ​ស ទៅដល់​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។ នេះ​ជា​ចំនួន​វ៉ាក់សាំង​ដែល​ម៉ាឡេស៊ី​ទទួលបាន​នៅ​ជំហាន​ដំបូង​ពី​ក្រុមហ៊ុន​។ រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​ម៉ាឡេស៊ី Khairy Jamaluddin និយាយថា វ៉ាក់សាំង​ជើង​ទី​ពីរ នឹង​ទៅដល់​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២៦ ខែ​ដដែល ហើយ​វ៉ាក់សាំង​ដែល​នៅសល់​នឹង​ទៅ​ត្រូវ​ដឹកជញ្ជូន​រៀងរាល់​ពីរ​សប្ដាហ៍​។ ម៉ាឡេស៊ី បញ្ជា​ទិញ​វ៉ាក់សាំង​ពី Pfizer ចំនួន​៣២​លាន​ដូ​ស​។​
 
​ក្រៅពី​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Pfizer និង BioNTech ម៉ាឡេស៊ី ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន Sinovac Biotech ផងដែរ​។ បើតាម​លោក Khairy វ៉ាក់សាំង​ពី​ចិន នឹង​ទៅដល់​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​។ លោក​មិន​បញ្ជាក់​ចំនួន​ជាក់លាក់​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​បន្ទាប់ពី​ទទួល​វ៉ាក់សាំង ម៉ាឡេស៊ី ក៏​មិន​បង្អង់​ពេល​ដែរ​ក្នុងការ​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន​។ រដ្ឋមន្ត្រី​ម៉ាឡេស៊ី​និយាយថា កម្មវិធី​ចាក់​វ៉ាក់សាំង នឹង​រំកិល​មក​ថ្ងៃទី​២៤ ខែកុម្ភៈ ដែល​លឿន​ជាង​ការគ្រោងទុក​ពីរ​ថ្ងៃ​។ នាយករដ្ឋមន្ត្រី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន និង​អគ្គនាយក​សុខាភិបាល Noor Hisham Abdullah ជា​អ្នកទទួល​វ៉ាក់សាំង​មុនគេ​។​
 
​ម៉ាឡេស៊ី ជា​ប្រទេស​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ខ្លាំងជាងគេ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ប្រទេស​នេះ​កត់ត្រា​ករណី​ឆ្លង​ប្រមាណ​២៨​ម៉ឺន​នាក់ និង​មាន​អ្នកស្លាប់​ជាង​មួយ​ពាន់​នាក់​៕
 
 

Tag:
 ម៉ាឡេស៊ី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com