ផ្លែឈើ​រី សម្រាល​ដល់​អា​ការៈឈឺ​សន្លាក់​ប្រភេទ​ហ្គោ​ដ​
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែឈើ​រី សម្រាល​ដល់​អា​ការៈឈឺ​សន្លាក់​ប្រភេទ​ហ្គោ​ដ​
22, Feb 2021 , 8:59 pm        
រូបភាព
​មានការ​សិក្សា​ជាច្រើន​បាន​រកឃើញថា ធាតុ​ផ្សំ​ពី​ធម្មជាតិ​របស់​ផ្លែឈើ​រី​ប្រហែលជា​ជួយ​បន្ថយ​ការឈឺចាប់​ដោយសារតែ​ការ រលាក ក្នុង​សន្លាក់​បាន​។ ការសិក្សា​ជា​លើកដំបូង​គេ​ដែល​បាន ធ្វើឡើង​ដោយ Davis មកពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា បានធ្វើការ​អង្កេត​ទៅលើ​ស្ត្រី​សុខ​ភាពល្អ​ចំនួន ១០​នាក់ ដោយ​ពួកគេ​ម្នាក់ៗ​តម្រូវអោយ​ញ៉ាំ​ផ្លែឈើ​រី​ស្រស់ៗ ចំនួន ៤៥​ផ្លែ​ក្នុង​មួយ​ថ្ងៃជា​អាហារ​ពេលព្រឹក​។​

 
​ស្ត្រី​ទាំងអស់​មិន​តម្រូវអោយ​ញ៉ាំ​ផ្លែឈើ ឬ​បន្លែ​, ទឹកតែ ឬ​ស្រាក្រហម​អ្វី​ឡើង​រយៈពេល ២​ថ្ងៃ​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក ព្រោះ​អ្នកស្រាវជ្រាវ​ខ្លាច អាហារ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ផ្សេងៗ​ទៀត​ទាំងអស់នេះ​អាចមាន​បញ្ហា​ដល់​លទ្ធផល​ចុងក្រោយ​។ អ្នកស្រាវជ្រាវ​បាន​វាស់​លើ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ដែលជា​ចំនុច​សម្គាល់​របស់​ជំងឺ​សន្លាក់​ហ្គោ​ដ មុន និង​ក្រោយពី​ញ៉ាំ​ផ្លែឈើ​រី​។ ពួកគេ​រកឃើញថា កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​របស់​ស្ត្រី​ញ៉ាំ​ផ្លែឈើ​រី​រួច​មានការ​ថយចុះ ដូច្នេះហើយ​ទើប​គេ​សន្និដ្ឋានថា​ផ្លែឈើ​រី​ប្រហែលជា​អាច​ដើរតួនាទី​យ៉ាងសំខាន់​មួយ​សម្រាប់​ប្រឆាំងនឹង​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។​
 
​ការសិក្សា​ជា​លើក​ទី​ពីរ​របស់​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​ដដែល ដែល​បានធ្វើ​លើ​ស្ត្រី​ចំនួន ១៨​នាក់ និង​បុរស​ពីរ​នាក់ ដោយ​ពួកគេ​តម្រូវអោយ​ញ៉ាំ​ផ្លែឈើ​រី​ស្រស់ៗ ៤៥​ផ្លែ​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​រយៈពេល​មួយខែ​។ មួយខែ​ក្រោយមក កម្រិត​នៃ​សារធាតុ​បង្ក​ការ​រលាក​ដូចជា Nitric Oxide, C-reactive Protein និង T-Cell Activation របស់​អ្នក​ទាំងអស់នោះ​ថយចុះ​រហូតដល់ ១៨ ទៅ​២៥​ភាគរយ​។​
 
​ការសង្កេត​មួយ​ធ្វើឡើង​ដោយ​ទស្សនា​វ​ដ្តី​បង្ការ​ជំងឺ​បាន​រកឃើញថា ៦៧​ភាគរយ​នៃ​អ្នកអាន​គឺ​ព្យាយាម​ញ៉ាំ​ផ្លែឈើ​រី​ដើម្បីអោយ​ស្ថានភាព​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​មាន​សភាព​ល្អ​វិញ​។ ហើយ​វេជ្ជបណ្ឌិត ស្ទី​វ​ស្ជូ​ម​ម៉ាច​ឈើ (Dr. Steve Schumacher) អ្នកឯកទេស​ខាង​ព្យាបាល​ដោយ​ចលនា បាន​ណែនាំ​ថា អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គួរតែ​បោះបង់ចោល​នូវ​ការ​ញ៉ាំ​សាច់​ក្រហម និង​សាច់​គ្រឿងក្នុង ហើយ​គួរតែ​ងាក​មក​ញ៉ាំ​ទឹក​ផ្លែឈើ​រី​អោយបាន​ពីរ​ទៅ​បី​កែវ​ក្នុង​មួយថ្ងៃ​វិញ ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com