COVID-19
អន្តរជាតិ
វ៉ាក់សាំងកូវីដ-១៩ របស់ Sinopharm ជាង៤៣លានដូស ត្រូវបានប្រើប្រាស់លើពិភពលោក
22, Feb 2021 , 3:57 pm        
រូបភាព
ប្រអប់វ៉ាក់សាំង Sinopharm ក្នុងរោងចក្រនៅទីក្រុងប៉េកាំង។ រូបថត Xinhua
ប្រអប់វ៉ាក់សាំង Sinopharm ក្នុងរោងចក្រនៅទីក្រុងប៉េកាំង។ រូបថត Xinhua
ដោយ ឈួន ឈីវអ៊ីង
 
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង៤៣លានដូស របស់ក្រុមហ៊ុនចិន Sinopharm ត្រូវបានប្រើប្រាស់លើពិភពលោក។ ក្នុងនោះ ជាង៣៤លានដូស ត្រូវបានប្រើប្រាស់នៅចិនផ្ទាល់ ហើយនៅសល់គឺត្រូវបានប្រើនៅតាមបណ្តាប្រទេសដទៃទៀត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី២១ ខែកុម្ភៈ។

 
ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm របស់ចិន បានផលិតវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ២ប្រភេទ ដោយមួយត្រូវបានផលិតមន្ទីរពិសោធន៍ទីក្រុងប៉េកាំង ហើយត្រូវបានអនុម័តអោយប្រើប្រាស់ជាសាធារណៈនៅចិន និងសម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសមួយចំនួនរួមមាន។ វ៉ាក់សាំងមួយទៀត ត្រូវផលិតនៅទីក្រុងវូហាន ដែលទទួលបានការអនុញ្ញាតពីនិយតករឱសថចិនសម្រាប់ការប្រើប្រាស់លើក្រុមដែលមានហានិភ័យខ្ពស់។
 
«រហូតមកដល់ពេលនេះវ៉ាក់សាំងជាង៤៣លានដូសរបស់ក្រុមហ៊ុន Sinopharm ត្រូវបានប្រើប្រាស់ ដោយក្នុងនោះមានជាង៣៤លានដូសត្រូវបានចែកចាយនៅក្នុងចិន»។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ចិន CCTV ។ 
 
ក្រៅវ៉ាក់ាំងរបស់ Sinopharm ចិនក៏មានវ៉ាក់សាំងពីរផ្សេងទៀតដែលអភិវឌ្ឍដោយក្រុមហ៊ុន Sinovac Biotech និង CanSino Biologics ហើយដែលទទួលបានភ្លើបៃតងពីប្រទេសជាច្រើនផងដែរ។ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនអាចរក្សាទុកនៅសីតុណ្ហភាពទូទឹកកកធម្មតាបាន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលពិបាករក្សាទុកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ដែលត្រូវការសីតុណ្ហភាពត្រជាក់ខ្លាំង។
 
កាលពីសប្ដាហ៍មុន ក្រសួងការបរទេសចិន ប្រកាសថា ចិនបានផ្តល់វ៉ាក់សាំងរបស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍចំនួន៥៣ និងមានកិច្ចព្រមព្រៀងនាំចេញជាមួយ២២ប្រទេសផ្សេងទៀត។ ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន តួកគី អ៊ុយក្រែន ប្រេស៊ីល មីយ៉ាន់ម៉ា និងកម្ពុជា សុទ្ធតែទទួលបានវ៉ាក់សាំងរបស់ចិន។ ឥណ្ឌូណេស៊ី ជាអ្នកទិញវ៉ាក់សាំងចិនធំបំផុតដោយចុះកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំង Sinovac ចំនួន១២៥លានដូសឯណោះ។ 
 
លើសពីនេះ ចិនក៏បានសន្យាវ៉ាក់សាំងទៅឱ្យប្រទេសជាច្រើនទៀតមានបង់ក្លាដែស សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័ និងណាមីប៊ីជាដើម៕
 
 

Tag:
 ចិន
  កូវីដ-១៩
  Sinopharm
© រក្សាសិទ្ធិដោយ thmeythmey.com