សម្តេច ហ៊ុន សែន ជំរុញ​សហគ្រិន​ខ្មែរ​ឱ្យ​បង្កើត​«​គំរូ​អាជីវកម្ម​ថ្មី​»​ដោយ​ប្រើ​បច្ចេកវិទ្យា​ជា​ជំនួយ​
ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ជំរុញ​សហគ្រិន​ខ្មែរ​ឱ្យ​បង្កើត​«​គំរូ​អាជីវកម្ម​ថ្មី​»​ដោយ​ប្រើ​បច្ចេកវិទ្យា​ជា​ជំនួយ​
22, Feb 2021 , 9:59 pm        
រូបភាព
សម្តេច ហ៊ុន សែន។ រូបថត៖ ទំព័រហ្វេសប៊ុក​សម្តេច
សម្តេច ហ៊ុន សែន។ រូបថត៖ ទំព័រហ្វេសប៊ុក​សម្តេច
​ភ្នំពេញ​៖ សហគ្រិន​នៅ​កម្ពុជា គួរតែ​គិតពី​«​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​» ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ជំនួយ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន នៅក្នុង​សារលិខិត​ស្តីពី​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​កុម្ភៈ  ឆ្នាំ​២០២១ ។​

 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា បច្ចុប្បន្ន​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី ដែល​បច្ចេកវិទ្យា​ឌីជីថល បាន​នាំមក​នូវ​វិធី​សា​សាស្ត្រ​អនុវត្ត​ការងារ​, ទម្លាប់ ការរស់នៅ និង​ជីវិត​ថ្មី​។​
 
«​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19)​ជាស​កល បាន​ជំរុញ​ឱ្យ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​កាន់តែខ្លាំង​ជាង​មុន​»​។ នេះ​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បន្ថែមថា វិ​និ​យោ​ជិ​ក ឬ​បុគ្គលិក​ក៏​គួរ​គិតគូរ​ពី​ការពង្រឹង​សមត្ថភាព​ជំនាញ ដើម្បី​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​បត់បែន​ទៅតាម​ការប្រែប្រួល​ឆាប់រហ័ស​នៃ​ចរន្ត​សេដ្ឋកិច្ច​។ 
 
​លើសពីនេះ​ទៀត វិ​និ​យោ​ជិ​ក ឬ​បុគ្គលិក​គ្រប់រូប ត្រូវ​ពង្រឹងសមត្ថភាព និង​គុណភាព ជាពិសេស​ការបង្កើន​ផលិតភាព ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ ។ បើតាម​សម្ដេច ទីផ្សារការងារ នឹង​កាន់តែ​រួម​តូចចង្អៀត​នៅពេល​ខាងមុខ ហើយ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី​។ 
 
​ស្ថិតនៅក្នុង​បរិបទ​ថ្មី​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ សម្តេច​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប គួរតែ​ខិតខំ​ចាប់យក​និន្នាការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ ដូចជា​៖ ការរៀន​ពី​ចម្ងាយ (​រៀន​តាម​អន​ឡាញ​_Online) និង​ទិញ​ទំនិញ​អន​ឡាញ ជាដើម​...​។​
 
​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ មាន​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ចំនួន ២៧ បានទទួល​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ឥត​សំណង​ពី​សហគ្រិន​ខ្មែរ (KE) ដែលជា​ស្ថាប័ន​ចំណុះឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ជំរុញ​អាជីវកម្ម​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរ និង​ក្លាយជា​អាជីវកម្ម​គំរូ​។​
 
​តាមរយៈ​កម្មវិធី​កញ្ចប់​ជំនួយ​ទាំង​២​ជុំ​នេះ សហគ្រិន​ខ្មែរ​បានទទួល​ពាក្យស្នើសុំ​ពី​ធុរកិច្ច​បង្កើត​ថ្មី​ក៏ដូចជា សហគ្រាស​ធុន​តូច និង​មធ្យម​សរុប​ចំនួន​២៧៨ មកពី​វិស័យ​កសិកម្ម កសិកម្ម​កែច្នៃ សិប្បកម្ម​កែច្នៃ សេវាកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​៕ 
 
 
 

Tag:
 សហគ្រិន​
© រក្សាសិទ្ធិដោយ thmeythmey.com