ជាតិ
ព្រឹត្តិការណ៍​២០ កុម្ភៈ ៖ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ត្រូវ​លើក​ពេល​ប្រារព្ធនៅ​ខែមីនា​វិញ​
22, Feb 2021 , 10:59 pm        
រូបភាព
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ និង​ការប្រកាស​ចលនា​ប្រ​ឡូង​ប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៧ កុម្ភៈ ត្រូវបាន​លើក​ទៅធ្វើ​នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២១ វិញ​។ បើតាម​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍  ការពន្យា​ពេល​ប្រារព្ធ​ទិវា​ជាតិ​នេះ គឺ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

 
​ការពន្យា​ពេល​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ កាលពី​ថ្ងៃទី​១​កុម្ភៈ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​ស្នើឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​កម្មវិធី​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​អំពី​អនាម័យ​បរិស្ថាន​និង​ទីក្រុង​ស្អាត ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត​» ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​។ នេះ​បើ​យោងតាម​លិខិត​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​។​
 
​គិត​ត្រឹម​ថ្ងៃទី​២២​ខែកុម្ភៈ ក្រសួងសុខាភិបាល​បាន​រកឃើញ​មនុស្ស​ចំនួន​៧៦​នាក់​ហើយ ដែល​បាន​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ដោយឡែក គិត​ជា​ចំនួន​សរុប​កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ រហូតដល់​៥៦៨​នាក់ ដោយ​ក្នុងនោះ មាន​៤៧៥​នាក់ បានជា​សះស្បើយ និង​៩៣​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​៕ 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com