អន្តរជាតិ
ក្នុងថ្ងៃចម្រើនព្រះជន្ម អធិរាជជប៉ុន ណារូហ៊ីតុ សង្ឃឹមថា ជប៉ុននឹងមានអនាគតភ្លឺស្វាង
× អធិរាជជប៉ុន Naruhito បានបង្ហាញសេចក្តីសង្ឃឹមចំពោះអនាគតដ៏ភ្លឺស្វាងរបស់ជប៉ុន ខណៈពេលករណីឆ្លងកូវីដ-១៩ ថ្មី ចាប់ផ្ដើមធ្លាក់ចុះ ហើយកម្មវិធីចាក់វ៉ាក់សាំង ក៏ចាប់ផ្តើមដែរនោះ។
នៅឆ្នាំ២០២១ ការប្រារព្ធពិធីអបអរសាទរថ្ងៃចម្រើនព្រះជន្ម៦១វស្សារបស់ព្រះចៅអធិរាជជប៉ុន ណារូហ៊ីតុ ត្រូវបានធ្វើឡើងដោយស្ងប់ស្ងាត់ ដោយសារតែជំងឺកូវីដ-១៩។ អធិរាជអង្គនេះ នឹងមិនចេញជួបប្រជាជនដូចពេលកន្លងមកឡើយ។
«ជារឿងល្អណាស់ដែលចំនួននៃករណីឆ្លងថ្មីកំពុងតែថយចុះជាលំដាប់នៅទូទាំងប្រទេស ហើយថែមទាំងមានការចាប់ផ្តើមចាក់វ៉ាក់សាំងថែមទៀត។» នេះជាបន្ទូលរបស់អធិរាជជប៉ុនទៅកាន់ក្រុមអ្នកសារព័ត៌មាននៅរាជវាំងតូក្យូនៅថ្ងៃទី២៣ ខែកុម្ភៈ។ ប្រមុខរដ្ឋជប៉ុនបន្តថា ទ្រង់ទន្ទឹងរង់ចាំមើល អនាគតភ្លឺស្វាងរបស់ជប៉ុននៅពេលខាងមុខ ខណៈប្រជាជនជម្នះវិបត្តិជំងឺកូវីដ-១៩ តាមរយៈការចែករំលែកភាពឈឺចាប់ និងការជួយគ្នាទៅវិញទៅមក។
ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ជប៉ុនបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែកុម្ភៈ ដោយបុគ្គលិកសុខាភិបាលមន្ទីរពេទ្យក្នុងក្រុងតូក្យូ ទទួលបានវ៉ាក់សាំងមុនគេ។ ជំហានបន្ទាប់ ជប៉ុននឹងចាក់វ៉ាក់សាំងឱ្យបុគ្គលិកសុខាភិបាលជាង៣,៧លាននាក់ទៀត មុននឹងចាក់ឱ្យប្រជាជនចាស់ជរាដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង។
ជារៀងរាល់ឆ្នាំ ពិធីចម្រើនព្រះជន្មអធិរាជជប៉ុនវិញ តែងតែមានវត្តមានភ្ញៀវកិត្តិយស ចូលរួមជូនពរ និងចុះហត្ថលេខាលើសៀវភឿក្រាំងមាសនៅរាជវាំង។ ចំណែកអធិរាជក៏បង្ហាញខ្លួនជាមួយសមាជិករាជវង្សឯទៀតដើម្បីស្វាគមន៍ប្រជាជនផងដែរ។ ប្រពៃណីបែបនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៤៨ មកម្លេះ។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនោះត្រូវបានលុបចោលនៅឆ្នាំនេះ។ សូម្បីតែការបង្ហាញខ្លួនជាសាធារណៈក្នុងពេលមានពិធីបុណ្យឆ្នាំថ្មី ក៏ត្រូវបានជំនួសដោយ សារជាវីដេអូផងដែរ។
សូមបញ្ជាក់ថា អធិរាជជប៉ុន ណារូហ៊ីតុ ជាបុត្រាអតីតអធិរាជ អាគីហ៊ីតុ និងជាចៅប្រុសរបស់អធិរាជ ហ៊ីរ៉ូហ៊ីតុ។ អធិរាជ ណារូហ៊ីតុ ជាព្រះមហាក្សត្រដំបូងបង្អស់របស់ជប៉ុនដែលបានប្រសូត្របន្ទាប់ពីសង្គ្រាម។ ព្រះអង្គបានឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ ៕
© រក្សាសិទ្ធិដោយ thmeythmey.com