ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ជួសជុល​ខ្លោងទ្វារ​តា​កាវ ដែល​ទ្រុឌទ្រោម​ខ្លាំង
23, Feb 2021 , 10:59 pm        
រូបភាព
​ខ្លោងទ្វារ​តា​កាវ នៃ​ក្រុង​អង្គរធំ​ដែលមាន​សភាព​ទ្រុឌទ្រោម បានចាប់ផ្តើម​ការជួស​ជុល​ឡើងវិញ​ហើយ ក្រោម​ការសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​វិស័យ​ឯកជន​។ ការជួសជុល​ខ្លោងទ្វារ​រ​នេះ គឺ​គ្រោង​ចំណាយពេល​២​ឆ្នាំ​។​



​ខ្លោងទ្វារ​តា​កាវ ដែលមាន​សភាព​ទ្រុឌទ្រោម​ខ្លាំង បានចាប់ផ្តើម​ដំណើរការ​ជួសជុល​ហើយ នៅ​ថ្ងៃទី​២១ កុម្ភៈ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អ​ប្សា​រា និង​វិស័យ​ឯកជន​។ ពិធី​ក្រុង​ពាលី​ជួសជុល​ខ្លោងទ្វារ​រ​តា​កាវ  ដែល​ស្ថិតនៅ​ទិស​ខាងលិច​នៃ​ប្រាសាទបាយ័ន​នេះ ត្រូវបាន​ធ្វើឡើង  នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។ 
 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​បាន​ប្រាប់​សារព័ត៌មាន​Thmeythmey25​ថា ការជួសជុល​ខ្លោងទ្វារ​រ​នេះ គឺ​គ្រោង​ចំណាយពេល​២​ឆ្នាំ​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ មិនបាន​ដឹង​ពី​ទំហំ​ចំណាយ​សម្រាប់​ជួល​ជុស​ខ្លោងទ្វារ​រ​ដ៏​ចំណាស់​នេះ​ទេ​។ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា​៖« ការដែល​ជួសជុល​ខ្លោង​ទា្វរ​តា​កាវ​នេះ មិនមាន​ការប៉ះពាល់​អ្វី​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​នោះទេ​។ ខ្លោងទ្វារ​រ​នេះ ត្រូវបាន​បិទ​ដំណើរការ​ចរាចរណ៍​សម្រាប់ រ៉ឺម៉ក រថយន្ត​ទាំង​ធុន​តូច និង​ធុន​ធំ ប្រហែលជា​២ ទៅ​៣​ឆ្នាំ​ហើយ ដោយសារ​វា​មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​។ ដូច្នេះ​យើង​ពុំ​អនុញ្ញាត ឲ្យ​មាន​ចរាចរណ៍​ណា ដែល​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់ រហូតដល់​បង្ក​សំឡេង​រំ​ញ័រ ឬក៏​កម្លាំង​ម៉ាស៊ីន​រំ​ញ័រ ទៅដល់​រចនាសម្ព័ន ខ្លោងទ្វារ​នោះទេ​»​។​


 
​ជុំវិញ​សភាព​ទ្រុឌទ្រោម​របស់​ខ្លោងទ្វារ​តា​កាវ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់ថា​មកពី​កត្តា​អាកាសធាតុ អាយុកាល សង្គ្រាម កង្វះ​ការថែទាំ និង​មាន ដើមឈើ​ដុះ​ឡើង​រហូត​ធ្វើឱ្យ​រូបចម្លាក់​បង្កាន់ដៃ​យក្ស និង​ទេវតា​ជាច្រើន​ដួលរលំ ហើយក៏​ធ្វើឱ្យ​រចនាសម្ព័ន្ធ​ខ្លោងទ្វារ​រ​មួយ​ភាគ​ធំ ពិសេស​រូប​ដំរី​ទាំង​៤ រង​នូវ​ការខូចខាត​ជាខ្លាំង ដែល​តម្រូវ​ឲ្យ​ជួសជុល និង​អភិរក្ស​។ 
 
​តាម​លោក ឡុង កុសល នៅ​ក្រុង​អង្គរធំ មាន​ខ្លោង​ចំនួន​៥ ដែល ការចេញចូល​ចម្បង​បំផុត​បច្ចុប្បន្ន​គឺ ខ្លោងទ្វារ​ខាងជើង​-​ត្បូង និង​ខ្លោងទ្វារ​រ​ជ័យ​។ ខ្លោងទ្វារ​ខាងត្បូង ហៅថា​ខ្លោងទ្វារ​ទន្លេ​អុំ​។ ចំណែក​ខ្លោងទ្វារ​ខាងជើង​ហៅថា ខ្លោងទ្វារ​ដី​ឆ្នាំង ហើយ​ផ្លូវ​មួយទៀត​ដែល​គេ​តែងតែ​ចរាចរណ៍​ដែរ ហៅថា​ខ្លោង​ទា្វរ​ជ័យ ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត នៃ​ក្រុង​អង្គរធំ​៕

Tag:
 សៀមរាប​
  អាជ្ញាធរ​ជាតិ​អ​ប្សា​រា​
  លោក ឡុង កុសល​
 ​ខ្លោងទ្វារ​តា​កាវ​
© រក្សាសិទ្ធិដោយ thmeythmey.com