ភ្នំពេញ៖ ក្រោយពីកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំអង្គភាពនៅក្រោមទាំងអស់ផ្អាកបេសកកម្មក្នុងប្រទេសរយៈពេល២សប្តាហ៍សិន។ ប៉ុន្តែរាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលផ្សេងៗគឺត្រូវអនុវត្តតាមអនឡាញវិញ។
បើតាមសេចក្តីណែនាំស្តីពីវិធានការសម្រាប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាថ្ងៃទី២៤ ខែកុម្ភៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី។ ក្នុងករណីមន្ត្រីណាម្នាក់មានរោគសញ្ញាសង្ស័យនឹងជំងឺកូវីដ-១៩ គឺត្រូវរាយការណ៍មកក្រសួងអប់រំ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បុគ្គលិក គ្រូ និងសិស្សានុសិស្សជៀសវាងទៅកន្លែងដែលមានហានិភ័យខ្ពស់ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩។ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់គឺត្រូវផ្អាកការជួបជុំ និងសកម្មភាពលេងកីឡាដែលមានមនុស្សលើសពី២០នាក់។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទូទាំងប្រទេសនាថ្ងៃទី២២ ខែកុម្ភៈ។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានប្រាប់ដល់គ្រឹះស្ថានសិក្សាទាំងអស់បន្តអនុវត្តឲ្យបានម៉ឹងមាត់នូវគោលការណ៍ស្តង់ដា(SOP)។ ក្នុងករណីគ្រឹះស្ថានសិក្សាណាសង្ស័យមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គ្រប់គ្រឹះស្ថានសិក្សាគឺត្រូវរាយការណ៍ និងបូកសរុបរបាយការណ៍ជាបន្ទាន់មកអាជ្ញាធរ និងក្រសួងអប់រំ។
លោករដ្ឋមន្ត្រីអប់រំ បានណែនាំដល់បុគ្គលិក គ្រូ និងសិស្សានុសិស្សដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ គឺត្រូវទៅធ្វើតេស្ត ពិនិត្យតាមដានសុខភាពខ្លួនឯង ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងត្រូវរាយការណ៍មកអាជ្ញាធរអប់រំតាមឋានុក្រម។
រហូតមកដល់ពេលនេះសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់គឺ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាប្រកាសឲ្យផ្អាករយៈពេល២សប្តាហ៍សិន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩កាន់តែរាតត្បាតខ្លាំងឡើង ។
ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានប្រកាសបិទទីតាំងចំនួន៤៧ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ រួមទាំងបិទរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល២សប្តាហ៍សិន។ លើសពីនេះរាជរដ្ឋាភិបាលក៏បានប្រាប់ដល់ម្ចាស់អាជីវកម្មKTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិនបន្តផ្អាកអាជីវកម្មរបស់ខ្លួនឲ្យបានម៉ឹងមាត់ដើម្បីទប់ស្កាត់កុំឲ្យរាតត្បាតជំងឺកូវីដ-១៩។
គិតមកថ្ងៃទី២៤ ខែកុម្ភៈនេះកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុបចំនួន១៣៧នាក់ហើយ។ សរុបតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាទាំងមូលមានចំនួន៦៣៣នាក់ ក្នុងនោះជាសះស្បើយចំនួន៤៧៦នាក់៕