COVID-19
ជាតិ
សាសនា / ធម៌
ថ្នាក់ដឹកនាំសហគមន៍ ប្រាប់ឱ្យសាសនិកអ៊ិស្លាមនៅភ្នំពេញ កណ្តាល និង ព្រះសីហនុ ផ្អាកថ្វាយបង្គំជុំគ្នា១៥ថ្ងៃ
26, Feb 2021 , 11:45 am        
រូបភាព
វិហារអ៊ិស្លាមអាល់សើរកាល់ភ្នំពេញ ថតនៅចុងខែធ្នូ ឆ្នាំ ២០២០។ រូបភាព៖ អ៊ីសា រ៉ហានី
វិហារអ៊ិស្លាមអាល់សើរកាល់ភ្នំពេញ ថតនៅចុងខែធ្នូ ឆ្នាំ ២០២០។ រូបភាព៖ អ៊ីសា រ៉ហានី
ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា បានជូនដំណឹងទៅដល់សាសនិកអ៊ិស្លាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រះសីហនុ ឱ្យផ្អាកជួបជុំថ្វាយបង្គំនៅរាល់វេលាធម្មតា និងថ្ងៃសុក្រ រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។ ការផ្អាកនេះ ដោយសារខេត្ត-រាជធានីទាំង៣នេះ កំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។



ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងយោងតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា បានសម្រេចផ្អាកមិនឱ្យសាសនិកអ៊ិស្លាមក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រះសីហនុ ជួបជុំគ្នាថ្វាយបង្គំ។ ការផ្អាកថ្វាយបង្គំ រាប់ទាំងវេលាថ្វាយបង្គំធម្មតា (វេលា៥ដងក្នុងមួយថ្ងៃ) និងការជួបជុំធំនៅរៀងរាល់ថ្ងៃសុក្រ។ នេះបើយោងតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ។

ក្នុងខ្លឹមសារដដែលនោះ លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាអ៊ិស្លាមកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ រួមនិងសាសនិកអ៊ិស្លាមទាំងអស់តាមសហគមន៍ ត្រូវបន្តរឹតបន្ដឹងការអនុវត្តវិធានការសុខភាព និងអនុវត្តរាល់អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល កុំឱ្យខានឡើយ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ ដូចជារក្សាគម្លាត និងលាងដៃជាប្រចាំ ។ល។

សមាជិកគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា លោក សុះ រ៉ហាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នៅរាជធានីភ្នំពេញមានសហគមន៍អ៊ិស្លាមរស់នៅចំនួន១៤ភូមិ និងមានម៉ាស្ជិត (វិហារអ៊ិស្លាម) និងស៊ូរ៉ាវ (វិហារអ៊ិស្លាមខ្នាតតូច) ចំនួន២៩ និងមានប្រជាជនសរុបប្រមាណជាង៧ពាន់គ្រួសារ។ នៅខេត្តកណ្ដាល មានភូមិ១៨  មានម៉ាស្ជិតនិងស៊ូរ៉ាវ ២៨កន្លែង ដែលមានប្រជាជនសរុបជាង ៥ពាន់គ្រួសារ។ រីឯនៅខេត្តព្រះសីហនុ មាន១៧ភូមិ មានម៉ាស្ជិតនិងស៊ូរ៉ាវ ៤៤ និងមានប្រជាជនសរុបជាង ៣ពាន់គ្រួសារ។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលសហគមន៍អ៊ិស្លាមកម្ពុជាបានផ្អាកការជួបជុំថ្វាយបង្គតាមវិហារអ៊ិស្លាម។  ការផ្អាកលើកទី១ គឺធ្វើនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា និងបើកឱ្យជួបជុំធម្មតាវិញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០៕

Tag:
 សហគមន៍អ៊ិស្លាមកម្ពុជា
  ផ្អាកថ្វាយបង្គំ
© រក្សាសិទ្ធិដោយ thmeythmey.com