ជាតិ
ក្រោយដួលក្នុងបន្ទប់ទឹក ទេវនាដនិម្មិត ឯម ធាយ ធ្លាក់ខ្លួនឈឺដើរមិនរួច
26, Feb 2021 , 4:50 pm        
រូបភាព
រូប​ពី​ហ្វេសប៊ុក ព្រាប មេខាលា
រូប​ពី​ហ្វេសប៊ុក ព្រាប មេខាលា
ភ្នំពេញ៖ អ្នកស្រីព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានធ្លាក់ខ្លួនឈឺដើរមិនរួច បន្ទាប់ពីដួលក្នុងបន្ទប់ទឹក។ ការដួលនោះ បានធ្វើឱ្យព្រឹទ្ធាចារ្យឈឺចង្កេះ ហើយបន្ទាប់ពីលេបឆ្នាំព្យាបាលការឈឺចង្កេះនោះច្រើន បែរជាធ្វើឱ្យប៉ះពាល់ដល់តម្រង់នោមបន្ថែមទៀត។ នេះបើតាមអ្នកស្រី ថោង គឹមអាន ជាកូនទីមួយរបស់ព្រឹទ្ធាចារ្យ ឯម ធាយ។


អ្នកស្រី ថោង គឹមអាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ម្ដាយរបស់អ្នកស្រី បានដួលក្នុងបន្ទប់ទឹកកាលពីប្រហែលមួយខែមុន (ខែមករា) ដោយការដួលនោះ ធ្វើឱ្យម្ដាយរបស់អ្នកស្រីឈឺចង្កេះ។ អ្នកស្រីបន្តថា បន្ទាប់ពីម្ដាយរបស់អ្នកស្រី លេបថ្នាំព្យាបាលការឈឺចង្កេះច្រើនពេក បែរជាធ្វើឱ្យប៉ះពាល់តម្រង់នោមបន្ថែមទៀត។ ទោះជាយ៉ាងណា អ្នកស្រី គឹមអាន លើកឡើងថា ព្រឹទ្ធាចារ្យ ឯម ធាយ ទើបតែឈឺធ្ងន់ក្រោកដើរហាត់ប្រាណមិនរួច ក្នុងរយៈពេល៤-៥ថ្លៃនេះប៉ុណ្ណោះ។ 
 
អ្នកស្រី ថោង គីមអាន មានប្រសាសន៍ថា៖«ពីមុនគាត់មិនឈឺអ្វីទេ ទើបតែដួលនៅបន្ទប់ទឹកបន្តិចហ្នឹង ទើបធ្វើឱ្យគាត់ឈឺចង្កេះ។ ឥឡូវហ្នឹងគាត់ហើមជើង ហើយពិបាកបន្ទោបង់មូត្រ។ ពេទ្យថាគាត់ប៉ះពាល់តម្រង់នោមហើយ ប្រហែលគាត់លេបថ្នាំច្រើនពេក។ គាត់ពិសាបាយបានខ្លះដែរ ប៉ុន្តែសាច់ គាត់ពិសាបានតិចៗ ហើយគាត់ខ្វះគ្រាប់ឈាម និងខ្វះជាតិសាច់។ យប់មិញយើងបានដាក់សារ៉ូមឱ្យគាត់មួយដបតូច ដើម្បីជំនួយជាតិសាច់»។ 
 
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ បច្ចុប្បន្នមានជន្មាយុ៨៩ឆ្នាំ។ ព្រឹទ្ធាចារ្យ ជានាដការបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណ ដោយបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណដល់ក្មេងជំនាន់ក្រោយ។ ព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំតួនាង តួនាយរោង  ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។ 
 
ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍។ ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា៕ 
 

Tag:
 ឯម ធាយ
  សិល្បៈ
 ជំងឺ
 
© រក្សាសិទ្ធិដោយ thmeythmey.com