ជាតិ
គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ​
26, Feb 2021 , 7:29 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស នៃ​ស្រះ​ជម្រក​ត្រី​សហគមន៍ គោក​ល្ហុង ស្ថិតនៅ​ក្នុងភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
​រូបភាព​ពីលើ​អាកាស នៃ​ស្រះ​ជម្រក​ត្រី​សហគមន៍ គោក​ល្ហុង ស្ថិតនៅ​ក្នុងភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​សៀមរាប​៖ កាលពី​ថ្ងៃទី ៨ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ចុះ​ទៅយក​ព័ត៌មាន​ស្តីអំពី​ការគ្រប់គ្រង​ជលផល កិច្ចខិតខំ​ប្រឹងប្រែង និង​សម្របសម្រួល​ការប្រមូល​ផល «​ធនធាន​ជលផល​តាម​វាលស្រែ​» ស្ថិតនៅ​ក្នុងភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដោយមាន​ការសម្របសម្រួល​ពី​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​។​

 
«​គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ​» នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​កម្ពុជា ដំណាក់កាល​ទី​២ មាន​រយៈពេល​ប្រាំ​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២១ ត្រូវបាន​ទទួល​យកទៅ​អនុវត្ត​ដោយ អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា ដោយ​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ពី USAID តាមរយៈ​អង្គការ​វើ​ល​ហ្វី​ស WorldFish សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​អង្គការ Feed the future​។ គម្រោង​នេះ​បាន​ជួយ​គាំទ្រ​ដល់​ការគ្រប់គ្រង​ស្រះ​ជម្រក​ត្រី​សហគមន៍ ដែល​ផ្តល់​ទីជម្រក​សុវត្ថិភាព​សម្រាប់​ត្រី​មេ​ពូជ​ក្នុង​រដូវប្រាំង នៅក្នុង​តំបន់​ទទួល​ជំនន់​ទឹកភ្លៀង​។​
 

​កសិករ​កំពុង​បូមទឹក​ចេញពី​ស្រះ​តាម​វាលស្រែ ដើម្បី​ចាប់​ត្រី ស្ថិតនៅ​ក្នុងភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
 
​លោក ស៊ុន ឃុន​សេន ប្រធាន​គ្រប់គ្រង​គម្រោង «​ធនធាន​ជលផល​តាម​វាលស្រែ​» របស់​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា បាន​ឲ្យ​ដឹងថា គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ​នេះ គឺ​បង្កើតឡើង​ដើម្បី​ជួយ​សហគម​ន៏ ឲ្យ​ធនធាន​ជលផល​តាម​វាលស្រែ​ក្នុង​រដូវ ដែល​បាន​បាត់បង់​មួយរយៈ​កន្លងមក​នោះ កើតមាន​ឡើងវិញ​។​
 
​លោក ស៊ុន ឃុន​សេន មានប្រសាសន៍ថា «​ស្រះ​សហគមន៍​ទាំងអស់​មាន​ចំនួន ៤៤​ស្រះ ស្ថិតនៅក្នុង​ស្រុក​ចំនួន​ប្រាំពីរ នៅក្នុង​ខេត្តសៀមរាប​។ គ្រប់​ស្រះ​សហគមន៍ សុទ្ធតែ​ត្រូវបាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សម្រាប់​ឲ្យ​ត្រី​ចេញ​នា​រដូវវស្សា និង​ចូល​វិញ នា​រដូវប្រាំង​។ បន្ថែម​ពីលើ​នេះ ក៏មាន​គណៈកម្មការ​ដើ​ម្បី​ការពារ​ស្រះ ដោយ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ដែនដី​ផងដែរ​»​។ 
​លោក ឃុន​សេន បាន​បន្តថា​៖ ««​យើង​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ការពារ​ត្រី​មេ​ពូជ ដោយ​កំណត់ព្រំដែន​ការពារ​ស្រះ ចម្ងាយ​ពី ៥០ ទៅ​១០០​ម៉ែត្រ ពី​មាត់​ស្រះ​។ នៅក្នុង​ដែន​ការពារ​នេះ គឺ​មិន​អនុញ្ញាតិ​ឲ្យ​មានការ​ចូលធ្វើ​នេសាទ​ទេ​»​។ 
 
​លោក ចិត្ត ស៊​ត ប្រធាន​គណៈកម្មការ​ស្រះ​ជម្រក​ត្រី​សហ​គន៍ គោក​ល្ហុង ដែល​ស្ថិតនៅ​ក្នុងភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​មិនទាន់មាន​ស្រះ​ជម្រក​ត្រី​សហគមន៍ បទល្មើស​នេសាទ ដោយ​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​ឆក់ កើតឡើង​ច្រើន​នៅក្នុង​ភូមិ​។ ប៉ុន្តែ បន្ទាប់ពី​ស្រះ​ជម្រក​ត្រី​សហគមន៍ និង​ក្រុម​ល្បាត​ត្រូវបាន​បង្កើត​សហគមន៍​មក បទល្មើស​ទាំងនោះ​ពុំមាន​ទៀត​ទេ​។ 
 

​កសិករ​លើក​បង្ហាញ​ត្រី​ក្នុង​ស្រះ​តាម​វាលស្រែ នៅក្នុង​ភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សង្កេតឃើញថា ផល​ត្រី​នៅតាម​វាលស្រែ​ក្នុងភូមិ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​បាន​បង្កើត​ស្រះ​ជម្រក​ត្រី​សហគមន៍​មក​។ ចំណែកឯ​បទល្មើស​នេសាទ​វិញ ក៏​ពុំមាន​កើត​ដូច​ពីមុន​ដែរ ដោយ​ពួកយើង​ដាក់​វេន​គ្នា​ល្បាត​»​។ 
 
​ជា​ប្រធាន​សហគមន៍​ស្រះ​ជម្រក​ត្រី គោក​ល្ហុង ដែលមាន​សមាជិក ១១​នាក់ លោក ចិត្ត ស៊​ត បានដាក់​ក្តី​សង្ឃឹមថា នឹង​អាច​បន្តសកម្មភាព​គ្រប់គ្រង​របស់ខ្លួន​ត​ទៀត បើ​មាន​ការជួយ​គាំទ្រ​ពី​អាជ្ញាធរ​ដែន ពេល​គ្មាន​ការជួយឧបត្ថម្ភ​ពី​អង្គការ​នានា​។ លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សង្ឃឹមថា នឹងមាន​ការជួយ​គាំទ្រ​ពី​អាជ្ញាធរ​ដែន បន្ទាប់ពី​គម្រោង​ឧបត្ថម្ភ​ត្រូវបាន​បញ្ចប់​។ ព្រោះ​វា​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ក្នុងភូមិ​ទាំងមូល​។ បើ​ពុំ​ដូច្នោះ​ទេ ពួកយើង​មិនអាច​បន្តការងារ​នេះ​បាន​ទៀត​ទេ​»​។ 
 
 
​ក្នុង​ទឹកមុខ​ញញឹមញញែម សប្បាយរីករាយ ពេល​ទទួលបាន​ផល​ចាប់​ត្រី​បាន​ច្រើន និង​ចម្រុះ​ប្រភេទ លោក សុំ បាន ជា​កសិករ​រស់នៅក្នុង​ភូមិ ដែល​ទទួលផល​ពី​ស្រះ​ជម្រក​ត្រី​សហគមន៍ គោក​ល្ហុង បាន​លើកឡើងថា បន្ទាប់ពី​មានការ​បង្កើត​ស្រះ​ជម្រក​ត្រី​សហគមន៍​មក ផល​ចាប់​ត្រី​ក្នុង​ស្រះ​តាម​វាលស្រែ​នៅក្នុង​ភូមិ​របស់គាត់​មានការ​កើនឡើង​។ ប៉ុន្តែ ត្រី​ចូលក្នុង​ស្រះ​របស់គាត់​តិចជាង​ឆ្នាំមុន​។​
 
​លោក សុំ បាន និយាយថា​៖ « ខ្ញុំ​ប្រមូល​ផល​ចាប់​ត្រី​បាន​តិចជាង​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។ ប៉ុន្តែ ខ្ញុំ​នៅតែ​គិតថា​បាន​ច្រើន​។ ព្រោះ​ស្រះ​ត្រី​តាម​វាលស្រែ​ក្នុងភូមិ​បាន​កើនឡើង​ច្រើន​។ អ្នកភូមិ​គាត់​ឃើញ​ខ្ញុំ​ប្រមូល​ផល​ត្រី​បាន​ច្រើន​រាល់​ឆ្នាំ ដូច្នេះ ពួកគាត់​ក៏​ជីក​ស្រះ​នៅក្នុង​ស្រែ​ដែរ​ទៅ​។ គ្រួសារ​ខ្លះ ជីក​មួយ​ស្រះ ខ្លះ​ជីក​ពីរ​ស្រះ​។ ដូច្នេះ ត្រី​ដែល​ចេញពី​ស្រះ​ជម្រក​ត្រី​សហគមន៍ គោក​ល្ហុង ក៏​បែងចែក​ចូល​តាម​ស្រះ​អ្នកភូមិ​ទាំងនោះ​ទៅ​។​»​។ 
 
​គួរ​បញ្ជាក់ថា ការបង្កើត​ស្រះ​ជម្រក​ត្រី​នេះ គឺ​ដើម្បី​ឲ្យ​ត្រី​មេ​ពូជ​ចូលទៅ​ជ្រកកោន​ក្នុង​រដូវប្រាំង​។ ត្រី​មេ​ពូជ​ទាំងនោះ នឹង​ពង​-​កូន​។ រដូវវស្សា​ចូលមក​ដល់ ជំនន់​ទឹកភ្លៀង​បាច​ហាច​ព្រៀប​ប​មាត់​ស្រះ ពួកវា​ក៏​ចាក​ចេញពី​ស្រះ​សហគមន៍ ចូល​ទៅតាម​វាលស្រែ​ដើម្បី​រក​ចំណី និង​ធំធាត់​។ រដូវប្រាំង​ចូលមក​ដល់ វា​ក៏​ត្រឡប់​ចូលមក​លាក់ខ្លួន​នៅក្នុង​ស្រះ​ជម្រក​ត្រី​សហគមន៍​វិញ​។ ប៉ុន្តែ ត្រី​មួយចំនួនធំ ក៏​បន្ត​រស់នៅក្នុង​ស្រះ​តាម​វាលស្រែ​របស់​អ្នកភូមិ​នោះ​ទៅ​៕
 
​សូម​អញ្ជើញ​ទៅជា​មួយ​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដើម្បី​ស្វែងយល់​បន្ថែមទៀត អំពី​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​និង​ទន្លេមេគង្គ ដែលមាន​តែមួយគត់ ហើយ​សូម​ចែករំលែក​ព័ត៌មាន​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការគាំទ្រ​ដល់​បរិមាណ​ត្រី​ធម្មជាតិ​នៅក្នុង​ទន្លេមេគង្គ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com