ស្វាយកែវ​រមៀត​ជ្រុះ​ចោល​គ្មាន​អ្នកទិញ និង​ធ្លាក់​តម្លៃ​ខ្លាំង​
ជាតិ
ស្វាយកែវ​រមៀត​ជ្រុះ​ចោល​គ្មាន​អ្នកទិញ និង​ធ្លាក់​តម្លៃ​ខ្លាំង​
26, Feb 2021 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ អ្នក​ដាំ​ស្វាយ​មានការ​ត្អូញត្អែរ និង​ព្រួយបារម្ភ​ពី​ទីផ្សារ​ស្វាយ​ធ្លាក់ចុះ និង​គ្មាន​អ្នកទិញ ខណៈ​ស្វាយកែវ​រមៀត មានតម្លៃ ១០០ ទៅ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។ មិន​ត្រឹមតែ​ស្វាយ​មាន​តម្លៃថោក​នោះទេ ការចំណាយ​លើ​ថ្លៃដើម​ក៏​ខ្ពស់​ទៀតផង​។​

 
​អ្នក​ដាំ​ស្វាយ​ប្រមាណ​៧០​គ្រួសារ ក្នុង​សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ កំពុង​ព្រួយបារម្ភ​ពី​ទិន្នផល​ស្វាយ​ទុំ​ជ្រុះ​ជា​បន្តបន្ទាប់ មិនមាន​អ្នកទិញ​។ លោក អុំ សុភា ប្រធាន​សហគមន៍​កសិក​ម្ម​សាមគ្គី​តំបែរ បាន​អំពាវនាវ​រដ្ឋាភិបាល ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និង​អ្នកពាក់ព័ន្ធ​ត្រួត​និ​ពិ​ត្យ​លើ​សម្ភារ​កសិកម្ម​ដូចជា ជី ថ្នាំ​បាញ់​ស្វាយ រួម​និង​ចំណី​សត្វ​ជាដើម​កុំ​មានតម្លៃ​ថ្លៃ​ពេក​។​
 
«​ស្វាយកែវ​រមៀត​ខ្ចប់​នៅត្រឹម ៦០០ ទៅ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ស្វាយ​ខៀវ​ត្រឹម ១០០ ទៅ​១៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។ នេះ​ជាការ​លើកឡើង​របស់លោក អុំ សុភា​។​


ស្វាយកែវរមៀតនៅក្នុងសហគមន៍សាមគ្គីតំបែរ(រូបពីហ្វេសប៊ុកសហគមន៍តំបែរ) 

​ដោយសារ​ស្វាយកែវ​រមៀត​មាន​តម្លៃថោក​បែបនេះ ទើប​ធ្វើ​ឲ្យ​ស្វាយ​ក្នុង​សហគមន៍​ជ្រុះ​ចោល ។ លោក អុំ សុភា បាន​បន្ថែមថា​៖«​ស្វាយ​កសិករ​ខ្លះ​មាន​ឈ្មួញ​មិន​ចុះ​ទិញ​តាម​សន្យា ហើយ​ខ្លះ​ឈ្មួញ​មិនទាន់​ចុះ​ប្រមូល ធ្វើ​ឲ្យ​ទិន្នផល​ស្វាយ​ខ្ចប់​ប្រមាណ​១០០​តោន និង​ស្វាយ​ខៀវ​ប្រមាណ​១ ០០០​តោន សល់​ក្នុង​សហគមន៍​។ ខ្ញុំ​មិន​ចោទ​ខាង​ណា​នោះទេ ព្រោះ​បច្ចុប្បន្ន​យើង​ជួប​បញ្ហា​ជំងឺ​កូ​វីដ​-១៩»​។ 
 
​ដោយឡែក​លោក ញាណ ពិសិដ្ឋ អ្នក​ដាំ​ស្វាយកែវ​រមៀត​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​តាម​ទូរ​សព្ទ​ថា តម្លៃ​ត្រឹម ៦០០ ទៅ​៧០០​រៀល​(​សា្វ​យ​ខ្ចប់​) អ្នក​ដាំ​មិន​រួច​ថ្លៃដើម​ទេ​។ តែបើ​លក់បាន​ខ្ទង់ ១ ០០០ ទៅ​១ ២០០​រៀល ទើប​អ្នក​ដាំ​រួចខ្លួន និង​បាន​ចំណេញ​ខ្លះ​។ ក្រោយ​ជួប​បញ្ហា​ស្វាយ​ធ្លាក់​តម្លៃ លោក ញាណ ពិសិដ្ឋ ហាក់​ចង់​ដកខ្លួន​ចេញពី​បណ្ដុំ​អ្នក​ដាំ​ស្វាយកែវ​រមៀត​វិញ​។ «​ខ្ញុំ​មិន​ចូលក្នុង​បណ្ដុំ​អ្នក​ដាំ​ស្វាយកែវ​រមៀត​នោះទេ ព្រោះ​កន្លងមក​ឃើញថា​អ្នក​ចូលក្នុង​បណ្ដុំ​ក៏​ជួប​បញ្ហា​ដូចគ្នា ហើយ​តម្លៃ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កសិក​រ ញាណ ពិសិដ្ឋ​។​
 


ស្វាយដែលជ្រុះចោលក្នុងសហគមន៍តំបែរ(រូបពីហ្វេសប៊ុកសហគមន៍តំបែរ)

​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្វាយ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ស្ដីពី ការប្រែប្រួល​នៃ​តម្លៃ​ស្វាយ​តាម​រដូវ​កាល​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម បញ្ជាក់ថា តម្លៃ​ផលិតផល​កសិកម្ម រួមទាំង​ផ្លែស្វាយ​មានការ​ប្រែប្រួល​ឡើង​ចុះ​មិន​ទៀងទាត់​តាម​រដូវ​កាល និង​អាស្រ័យ​លើ​ទំហំ​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ​។​
 
​យោងតាម​ក្រសួងកសិកម្ម ចាប់ពី​ដើមខែ​កុម្ភៈ តម្លៃ​ស្វាយ​កំពុងមាន​បញ្ហា​ធ្លាក់ចុះ ដោយសារ​ជា​រដូវ​ប្រមូល​ផល​ផ្លែស្វាយ​នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទើប​ធ្វើ​ឲ្យ​បរិមាណ​ស្វាយ​លើស​តម្រូវការ​ទីផ្សារ គួបផ្សំ​នឹង​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​តម្លៃ​សមស្រប និង​មាន​ទីផ្សារ​នេះ ក្រសួងកសិកម្ម បាន​អំពាវនាវ​ឲ្យ​អ្នក​ដាំ​ដុះ​ស្វាយ​ទាំងអស់​ចុះបញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​ការនាំចេញ ដើម្បី​ងាយស្រួល​ទទួលបាន​ព័ត៌មាន​ទីផ្សារ សេវា​បណ្ដុះបណ្ដាល​បច្ចេក​ទេស ក្នុងការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្ដង់ដារ​៕

Tag:
 ស្វាយកែវ​រមៀត​
© រក្សាសិទ្ធិដោយ thmeythmey.com