ជាតិ
ស្វាយកែវរមៀតជ្រុះចោលគ្មានអ្នកទិញ និងធ្លាក់តម្លៃខ្លាំង
× ភ្នំពេញ៖ អ្នកដាំស្វាយមានការត្អូញត្អែរ និងព្រួយបារម្ភពីទីផ្សារស្វាយធ្លាក់ចុះ និងគ្មានអ្នកទិញ ខណៈស្វាយកែវរមៀត មានតម្លៃ ១០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ។ មិនត្រឹមតែស្វាយមានតម្លៃថោកនោះទេ ការចំណាយលើថ្លៃដើមក៏ខ្ពស់ទៀតផង។
អ្នកដាំស្វាយប្រមាណ៧០គ្រួសារ ក្នុងសហគមន៍កសិកម្មសាមគ្គីតំបែរ កំពុងព្រួយបារម្ភពីទិន្នផលស្វាយទុំជ្រុះជាបន្តបន្ទាប់ មិនមានអ្នកទិញ។ លោក អុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ បានអំពាវនាវរដ្ឋាភិបាល ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធត្រួតនិពិត្យលើសម្ភារកសិកម្មដូចជា ជី ថ្នាំបាញ់ស្វាយ រួមនិងចំណីសត្វជាដើមកុំមានតម្លៃថ្លៃពេក។
«ស្វាយកែវរមៀតខ្ចប់នៅត្រឹម ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ហើយស្វាយខៀវត្រឹម ១០០ ទៅ១៥០រៀលក្នុងមួយគីឡូក្រាម»។ នេះជាការលើកឡើងរបស់លោក អុំ សុភា។
ស្វាយកែវរមៀតនៅក្នុងសហគមន៍សាមគ្គីតំបែរ(រូបពីហ្វេសប៊ុកសហគមន៍តំបែរ)
ដោយសារស្វាយកែវរមៀតមានតម្លៃថោកបែបនេះ ទើបធ្វើឲ្យស្វាយក្នុងសហគមន៍ជ្រុះចោល ។ លោក អុំ សុភា បានបន្ថែមថា៖«ស្វាយកសិករខ្លះមានឈ្មួញមិនចុះទិញតាមសន្យា ហើយខ្លះឈ្មួញមិនទាន់ចុះប្រមូល ធ្វើឲ្យទិន្នផលស្វាយខ្ចប់ប្រមាណ១០០តោន និងស្វាយខៀវប្រមាណ១ ០០០តោន សល់ក្នុងសហគមន៍។ ខ្ញុំមិនចោទខាងណានោះទេ ព្រោះបច្ចុប្បន្នយើងជួបបញ្ហាជំងឺកូវីដ-១៩»។
ដោយឡែកលោក ញាណ ពិសិដ្ឋ អ្នកដាំស្វាយកែវរមៀតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា តម្លៃត្រឹម ៦០០ ទៅ៧០០រៀល(សា្វយខ្ចប់) អ្នកដាំមិនរួចថ្លៃដើមទេ។ តែបើលក់បានខ្ទង់ ១ ០០០ ទៅ១ ២០០រៀល ទើបអ្នកដាំរួចខ្លួន និងបានចំណេញខ្លះ។ ក្រោយជួបបញ្ហាស្វាយធ្លាក់តម្លៃ លោក ញាណ ពិសិដ្ឋ ហាក់ចង់ដកខ្លួនចេញពីបណ្ដុំអ្នកដាំស្វាយកែវរមៀតវិញ។ «ខ្ញុំមិនចូលក្នុងបណ្ដុំអ្នកដាំស្វាយកែវរមៀតនោះទេ ព្រោះកន្លងមកឃើញថាអ្នកចូលក្នុងបណ្ដុំក៏ជួបបញ្ហាដូចគ្នា ហើយតម្លៃក៏មិនខុសគ្នាប៉ុន្មានដែរ»។ នេះជាការបញ្ជាក់របស់កសិករ ញាណ ពិសិដ្ឋ។
ស្វាយដែលជ្រុះចោលក្នុងសហគមន៍តំបែរ(រូបពីហ្វេសប៊ុកសហគមន៍តំបែរ)
ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃតម្លៃស្វាយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៣ ខែកុម្ភៈ ស្ដីពី ការប្រែប្រួលនៃតម្លៃស្វាយតាមរដូវកាល។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បញ្ជាក់ថា តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។
យោងតាមក្រសួងកសិកម្ម ចាប់ពីដើមខែកុម្ភៈ តម្លៃស្វាយកំពុងមានបញ្ហាធ្លាក់ចុះ ដោយសារជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទើបធ្វើឲ្យបរិមាណស្វាយលើសតម្រូវការទីផ្សារ គួបផ្សំនឹងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩។ ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារនេះ ក្រសួងកសិកម្ម បានអំពាវនាវឲ្យអ្នកដាំដុះស្វាយទាំងអស់ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់ការនាំចេញ ដើម្បីងាយស្រួលទទួលបានព័ត៌មានទីផ្សារ សេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្ដង់ដារ៕
© រក្សាសិទ្ធិដោយ thmeythmey.com