អន្តរជាតិ
វ៉ាក់សាំងចាក់តែម្ដងរបស់ Johnson & Johnson ត្រូវអាមេរិកអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់
28, Feb 2021 , 7:39 pm        
រូបភាព
រដ្ឋបាលចំណីអាហារ និងឱសថអាមរិក (FDA) នៅថ្ងៃទី២៧ ខែកុម្ភៈ បានផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងចាក់តែម្ដងរបស់ក្រុមហ៊ុន Johnson & Johnson ។ នេះជាវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅអាមេរិកបន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ។

 
«ការអនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះ នឹងពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំង ដែលជាវិធីសាស្រ្តបង្ការល្អបំផុតទល់នឹងកូវីដ-១៩ ដើម្បីជួយយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះ។» នាយកស្ដីទីរដ្ឋបាលចំណីអាហារ និងឱសថ Janet Woodcock បញ្ជាក់បែបនេះដោយសំដៅវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson (J&J) ។ បើតាម FDA វ៉ាក់សាំងនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការភាពធ្ងន់ធ្ងរជំងឺកូវីដ-១៩ រាប់ទាំងគ្រោះថ្នាក់បណ្ដាលមកពីវីរុសបំប្លែងថ្មីផង។ 
 
ក្នុងការសម្រេចរបស់ខ្លួន FDA អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងសម្រាប់មនុស្សអាយុពី១៨ឡើងទៅ ដែលស្របតាមការណែនាំរបស់អ្នកជំនាញ FDA ផ្ទាល់។  
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងការសាកល្បងទ្រង់ទ្រាយធំ វ៉ាក់សាំងរបស់ក្រុមហ៊ុនេះ មានប្រសិទ្ធភាពទល់នឹងជំងឺធ្ងន់ធ្ងរ៨៥,៩ភាគរយនៅអាមេរិក, ៨១,៧ភាគរយនៅអាហ្វ្រិកខាងត្បូង និង៨៧,៦ភាគរនៅប្រេស៊ីល។ ជារួម ក្នុងសាកល្បងលើមនុស្សចំនួនជិតបួននាក់នៅតំបន់នានា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៨៥,៤ភាគរយ។ ប៉ុន្តែនៅពេលបញ្ចូលលទ្ធផលសាកល្បងលើករណីស្រាល វ៉ាក់សាំងមានប្រសិទ្ធភាពតែ៦៦,១ភាគរយ។
 
វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ជាវ៉ាក់សាំងទីបីដែលទទួលបានភ្លើងបៃតងពី FDA ។ ប្រធានាធិបតី ចូ បៃឌិន ក៏បានសាទររឿងនេះដែរ។ លោកបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា នេះជាព័ត៌មានរីករាយសម្រាប់ពលរដ្ឋអាមេរិក និងជាការវិវត្តដ៏ល្អមួយក្នុងការប្រឹងប្រែងបញ្ចប់វិបត្តិកូវីដ-១៩ ។ ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក ស្នើប្រជាជនឱ្យបន្តការប្រុងប្រយ័ត្ន។
 
ខុសពី Pfizer និង Moderna វ៉ាក់សាំងរបស់ J&J មិនត្រូវការសីតុណ្ហភាពខ្ពស់ក្នុងការដឹកជញ្ជូនឡើយ។ Pfizer ត្រូវការទូរទឹកកកត្រជាក់ខ្លាំងបំផុតនៅពេលដឹកជញ្ជូទៅមក ឯ Moderna ក៏ត្រូវការសីតុណ្ហភាពត្រជាក់គួរសមដែរ ទោះមិនបាច់ត្រជាក់ដូច Pfizer ក្ដី។ ការណ៍នេះនាំឱ្យវ៉ាក់សាំងរបស់ J&J មានភាពងាយស្រួលជាងក្នុងការដឹកជញ្ជូន ពិសេសសម្រាប់ប្រទេសក្រីក្រ៕
 

Tag:
 កូវីដ-១៩
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com