សង្គមអន្តរជាតិ​
អន្តរជាតិ
គូស្នេហ៍អ៊ុយក្រែនមួយគូ ពាក់ច្រវាក់ជាប់គ្នារយៈពេល៣ខែ ដើម្បីសិក្សាចិត្តគ្នា
01, Mar 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ក្រោយទិវានៃក្តីស្រឡាញ់ គូស្នេហ៍អ៊ុយក្រែនមួយគូ បានសម្រេចចិត្តដាក់ច្រវាក់ដៃជាប់គ្នារយៈពេល៣ខែ ដើម្បីតេស្តសាកល្បងពីភក្តីភាពនៃសេចក្តីស្នេហា និងចង់បានកំណត់ត្រាមួយនៅលើពិភពលោក។  តាមបណ្តាញ Instagram របស់ខ្លួន កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក Alexander និងនាង Viktoria បានពន្យល់ថា ពួកគេបានពិចារណាអស់រយៈយ៉ាងយូរ ទាក់ទងនឹងគំនិតដ៏ប្លែកមួយនេះ។





វាជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់ពួកគេ ប៉ុន្តែ Alexander និង Viktoria អះអាងថា មិនមានការខកចិត្តនូវជម្រើសរបស់ខ្លួននោះឡើយ។ «យើងមានបំណងធ្វើឲ្យបានជោគជ័យនូវកំណត់ត្រាមួយ»។ នេះជាការរៀបរាប់របស់ Alexander ទាំងញញឹមទៅកាន់អ្នកសារព័ត៌មានអ៊ុយក្រែន។

ដើម្បីភាពងាយស្រួលក្នុងរស់នៅជាប់ច្រវាក់គ្នាក្នុងរយៈពេល៣ខែ គូស្នេហ៍ បានត្រៀមរួចជាស្រេចនូវសម្លៀកបំពាក់ពិសេស ជាខោអាវ ដែលទូលាយ បិទបើក និងរូតចុះឡើងបាន ដោយមិនចាំបាច់ដោះច្រវាក់ចេញនោះឡើយ ពោលគឺអ្នកទាំងពីរត្រូវទៅតាមគ្នាគ្រប់ពេល ដោយរួមទាំងពេលងូតទឹក និងចូលបន្ទប់ទឹកផងដែរ។



កម្មវិធីតេស្តស្នេហ៍នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ប៉ុន្តែកាលពីថ្ងៃទី២៤ ខែកុម្ភៈ គូស្នេហ៍នេះ បានសរសរនៅលើបណ្តាញ Instagram ថា ខ្សែច្រវាក់បានធ្វើឲ្យមានស្លាកស្នាម និងការដាច់រលាត់ដៃរបស់ Viktoria ដូច្នេះគេមិនដឹងថា យុទ្ធនាការនេះ អាចឈានទៅដល់គោលដៅ ឬយ៉ាងណានោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com