កីឡាអន្តរជាតិ
អន្តរជាតិ
កម្មករ​ជាង​៦​ពាន់​នាក់​ស្លាប់ ក្នុងការ​សាងសង់​កីឡដ្ឋាន​ត្រៀម World Cup នៅ​កាតា
01, Mar 2021 , 8:59 pm        
រូបភាព
​ហោចណាស់​មានកម្ម​ករ​សំណង់​ចំណាកស្រុក​ចំនួន​៦៥០០​នាក់​ហើយ​បាន​ស្លាប់ ចាប់តាំងពី​ប្រទេស​កាតា​ផ្តើម​សាងសង់​កីឡដ្ឋាន​ដើម្បី​ត្រៀម​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០២២​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The Guardian​។​


​កាតា​បានចាប់ផ្តើម​ស្ថាបនា​កីឡដ្ឋាន​ថ្មី​ចំនួន​៧​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​ឈ្នះ​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ World Cup កាលពី​ខែធ្នូ ឆ្នាំ ២០១០​។ មិនតែប៉ុណ្ណោះ​ប្រទេស​នេះ ក៏បាន​សាងសង់​អាកាសយានដ្ឋាន និង​សណ្ឋាគារ​រាប់សិប​កន្លែង​នៅលើ​ទីក្រុង​ថ្មី​ក្នុងនាម​ជា​ប្រទេស​មជ្ឈិមបូព៌ា​ដំបូង​បំផុត​ដែល​ទទួល​ភារកិច្ច​រៀបចំ​កីឡា​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​។​
 
​អ្វីដែល​នឹកស្មាន​មិន​ដល់ ការសាងសង់​កីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​បានធ្វើឱ្យ​ពលករ​ចំណាកស្រុក​ដែល​ទៅធ្វើជា​កម្មករសំណង់​នៅ​ទីនោះ​ស្លាប់​ដល់​ទៅ​រាប់ពាន់នាក់​។ ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ មួយ​នេះ បាន​ជួល​កម្ម​ករពី​ក្រៅប្រទេស ដែល​រួ​មាន​ឥណ្ឌា ប៉ា​គី​ស្ថាន នេ​ប៉ាល់ បង់​ក្លា​ដែ​ស និង​ស្រីលង្កា​។ 
 
​នា​រយៈពេល ១០ ឆ្នាំ​មកនេះ​ចំណោម​កម្មករ​មកពី​ប្រទេស​ទាំង​៥​ខាងលើ ហោចណាស់​ចំនួន​៦៥០០​នាក់​បាន​បាត់​បង់ជីវិត​អំឡុងពេល​បំពេញការងារ ដែល​នេះ​មានន័យថា ជា​មធ្យម​កម្មករ ១២ នាក់​បាន​ស្លាប់​ជា​រៀងរាល់​សប្តាហ៍​។​
 
​កាសែត The Guardian បាន​សរសេរ​រៀបរាប់ថា​៖ «​ចំនួន​អ្នកស្លាប់​សរុប​គឺ​ខ្ពស់​គួរឱ្យកត់សម្គាល់ ខណៈ​តួលេខ​នេះ​មិន​រាប់បញ្ចូល​ការស្លាប់​របស់​កម្មករ​ចំណាក់ស្រុក​ពី​ប្រទេស​មួយចំនួន​ដែល​បញ្ជូន​ពលករ​ច្រើន​ទៅ​កាតា រួមទាំង​ហ្វីលីពីន និង​កេ​ន​យ៉ា​។ ហើយ​ចំនួន​នេះ ក៏​មិនទាន់​រាប់បញ្ចូល​ករណី​ស្លាប់​ដែល​កើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ ២០២០ នេះ​ផង​»​។​
 
​កាសែត​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ បន្ថែមថា​ពលករ​ឥណ្ឌា​ស្លាប់​ច្រើនជាងគេ​ដល់​៨០​ភាគរយ​ឯណោះ​។ មូល​ហេតុដែល​បណ្តាលឱ្យ​កម្មករ​ស្លាប់​ច្រើនសន្ធឹក​ដូច្នេះ​បណ្តាលមកពីសី​តុ​ណ្ហ​ភាព​រដូវក្តៅ​ខ្លាំង​នៅ​ប្រទេស​កាតា ដែល​ឡើងដល់​១២០​ហ្វារិនហៃ (ជាង៤៥អង្សាសេ)​ និង​ជា​មធ្យម ១១៣ ហ្វារិនហៃ​ (លេីស៤០អង្សាសេ)​ រយៈពេលច្រើន​ខែ​។ ក្រៅពីនោះ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ និង​ការធ្វើអត្តឃាត ក៏​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ទៀត​នៃ​ការស្លាប់​នេះដែរ​៕

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com