អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំពិសេសលើបញ្ហាមីយ៉ាន់ម៉ានៅថ្ងៃនេះ
02, Mar 2021 , 11:49 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំពិសេសមួយ ជជែកពីបញ្ហាមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែមីនា។ កិច្ចប្រជុំដែលធ្វើឡើងជាលើកដំបូងតាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ធ្វើឡើងខណៈដែលស្ថានការណ៍នៅប្រទេសនេះកាន់តែតានតឹងខ្លាំង។

 

 
 
 
រយៈពេលមួយខែមកនេះ សហគមន៍អន្តរជាតិ បានដាក់សម្ពាធ និងទណ្ឌកម្មជាច្រើនមកលើរបបសឹកមីយ៉ាន់ម៉ា ខណៈពេលរដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចបើកកិច្ចប្រជុំរបស់ខ្លួនលើកដំបូង តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីស្ថានការណ៍មីយ៉ាន់ម៉ា និងស្តាប់ការពន្យល់របស់ប្រមុខការទូតយោធាមីយ៉ាន់ម៉ាលើបញ្ហានយោបាយនៅក្នុងប្រទេស។ 
 
ថ្លែងប្រាប់សារព័ត៌មាន BenarNews អ្នកនាំពាក្យក្រសួការបរទេសឥណ្ឌូណេស៊ី លោកTeuku Faizasyah បានអះអាងថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៣រសៀល និងមានព្រុយណេជាប្រធានផ្លាស់វេនក្នុងឆ្នាំ ២០២១ នេះ។ «យើងកំពុងរៀបចំកិច្ចប្រជុំ»។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានលើកឡើងបែបនេះ។ 
 
ដោយឡែករដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានថ្លែងនៅក្នុងសភា មុខកិច្ចប្រជុំអាស៊ានថា រដ្ឋមន្រ្តីការបរទេសអាស៊ាននានា នឹងស្តាប់អ្នកតំណាងយោធាលើស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានលើកទឹកចិត្តឱ្យក្រុមយោធាមីយ៉ាន់ម៉ា ជជែកជាមួយលោកស្រីអ៊ុងសាន ស៊ូជីផងដែរ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេស។ បើតាមប្រមុខការទូតសិង្ហបុរី ការដោះលែងលោកស្រីស៊ូជី ទើបអាចដោះស្រាយបញ្ហានៅក្នុងប្រទេសបាន។ 
 
ជាមួយគ្នានេះ លោក Vivian ក៏អះអាងថា ប្រមុខការទូតអាស៊ានផ្សេងនឹងលើកឡើងពីក្ដីបារម្ភរបស់ខ្លួនលើអ្វីដែលកើតនៅពេលចុងក្រោយផងដែរ។ 
 
កិច្ចប្រជុំតាមអនឡាញនេះ ធ្វើឡើងបន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់ ក្រុមបាតុករយ៉ាងហោចណាស់ចំនួន ១៨នាក់នៅក្នុងបាតុកម្មនាពេលកន្លងទៅ។ សិង្ហបុរី និងឥណ្ឌូណេស៊ី បានអំពាវនាវឱ្យក្រុមយោធាចេះគ្រប់គ្រងសកម្មភាពរបស់ខ្លួន ដើម្បីបង្ការមិនឱ្យមានអ្នកស្លាប់បន្ថែមទៀត។
 
យ៉ាងណាមិញ ក្រុមបាតុករមីយ៉ាន់ម៉ាមួយចំនួន មិនចង់ឱ្យអាស៊ានចរចាជាមួយក្រុមយោធា ដើម្បីសម្រួលឱ្យមានការបោះឆ្នោតឡើងវិញឡើយ ព្រោះវាប្រៀបដូចជាអាស៊ានគាំទ្ររដ្ឋប្រហារយោធា។ ផ្ទុយទៅវិញ ក្រុមបាតុករចង់ឱ្យអាស៊ានចរចាជាមួយគណៈកម្មាធិការតំណាងសភាដែលជាស្ថាប័នតំណាងឱ្យសមាជិកសភាជាប់ឆ្នោតទាំងអស់វិញ។ ពួកគេក៏ចង់ឱ្យអាស៊ានជួយបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ និងដោះលែងអ្នកជាប់ឃុំទាំងអស់។ 
 
សូមបញ្ជាក់ថា កន្លងមកឥណ្ឌូណេស៊ី បានស្វះស្វែងយ៉ាងខ្លាំង ក្នុងការបញ្ចុះបញ្ជូលឱ្យសមាជិកអាស៊ានដទៃទៀត ចូលរួមដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ កន្លងមក ប្រមុខការទូតឥណ្ឌូណេស៊ី Retno Marsudi ក៏បានជួបជាមួយប្រមុខការទូតយោធាមីយ៉ាន់ម៉ា នៅទីក្រុងបាងកកផងដែរ៕ 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com