កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិសអេស្ប៉ាញ ឃាត់លោក Bartomeu អតីតប្រធានក្លិប Barca ក្រោយឆែកឆេរ Camp Nou
02, Mar 2021 , 1:59 pm        
រូបភាព
លោក Josep Maria Bartomeu អតីតប្រធានក្លិប Barcelona ត្រូវបានចាប់ខ្លួននៅថ្ងៃទី១ ខែមីនា ក្រោយការស៊ើបអង្កេតលើមន្រ្តីក្លិបទាំងមូលនៅ Camp Nou ជុំវិញអំពើពុករលួយ។ នេះបើតាមការផ្សាយរបស់កាសែត The Guardian។


លោក Bartomeu ដែលលាលែងពីតំណែងប្រធានក្លិបអ្នកមានបុណ្យកាលពីខែតុលា រួមជាមួយទីប្រឹក្សារបស់លោក Jaume Masferrer នាយកប្រតិបត្តិក្លិប Óscar Grau និងប្រធានផ្នែកសេវាកម្មផ្នែកច្បាប់លោក RománGómez Ponti សុទ្ធតែត្រូវចាប់ខ្លួនទាំងអស់។ ប៉ូលិសតំបន់កាតាឡូនាបានចូលដល់ទីស្នាក់ការក្លិបនៅកីឡដ្ឋាន Camp Nou ដើម្បីរឹបអូសឯកសារមួយចំនួន ដែលពាក់ព័ន្ធការស៊ើបអង្កេតលើការប្រើប្រាស់លុយមិនត្រឹមត្រូវ និងពុករលួយ។
 
ការឈានដល់ការចាប់ខ្លួននេះ កើតឡើងក្រោយការស៊ើបអង្កេតរកឃើញថា កាលពីឆ្នាំ២០២០ ក្លិប Barca ដែលស្ថិតក្រោមការដឹកនាំរបស់លោក Bartomeu បានជួលក្រុមហ៊ុន I3 Ventures បង្កើតគេហទំព័រ និងគណនីបណ្តាញសង្គមដើម្បីសរសេររឿងការពារអតីតប្រធានក្លិបរូបនេះ និងសរសេរបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាដែលប្រឆាំងនឹងលោក Bartomeu ដោយក្នុងនោះក៏មានកីឡាករមួយចំនួន រួមទាំង Messi ផង។
 
Barca ត្រូវចោទប្រកាន់ថាបានប្រើប្រាសលុយដើម្បីដំណើរការករណីខាងលើនេះរាប់សែនដុល្លារអាមេរិក និងថែមទាំងប្រើប្រាស់ថវិការក្លិបមិនត្រឹមត្រូវដល់ទៅជិត២លានដុល្លារថែមទៀត កាលពីរដូវកាល ២០១៧-១៨។
 
នារយៈពេលចុងក្រោយជាមួយក្លិបយក្សអេស្ប៉ាញ លោក Bartomeu ដែលមិនត្រូវគ្នាជាមួយ Messi រហូតកីឡាអាហ្សង់ទីនចង់ចាកចេញ ស្ថិតក្នុងភាពចម្រូងចម្រាស់ ដោយក្រុមអ្នកគាំទ្រក្លិបទាមទារឲ្យលោកចាកចេញ។ តាមពិតទៅបុរសញ្ជាតិអេស្ប៉ាញ វ័យ៥៨ឆ្នាំរូបនេះត្រូវផុតអណត្តិតាំងពីខែមីនា ឆ្នាំ២០២០ ម្ល៉េះ ក្រោយកាន់បានពីរអណត្តិ ប៉ុន្តែលោកបានបន្តតំណែងរហូតដល់មានសមាជិកជាង២ម៉ឺននាក់របស់ក្លិប បានចុះហត្ថលេខាលើញត្តិដករូបលោកចេញ ដោយសារតែ Barcelona ជួបនូវវិបត្តិហិរញ្ញវត្ថុ ហើយក្រុមទៀតសោធមិនទទួលបានពានអ្វីសោះកាលពីរដូវកាលមុន៕
 
 

Tag:
 Josep Maria Bartomeu
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com