COVID-19
ជាតិ
COVID-19៖ ពលករពីថៃសះស្បើយអស់ហើយ ខណៈករណីសហគមន៍២០កុម្ភៈបន្តរាលដាល
03, Mar 2021 , 11:39 am        
រូបភាព
រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
ដោយ: រួបរួម
គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ របាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា ពលករខ្មែរមកពីថៃទី៩០ បានជាសះស្បើយពីកូវីដ-១៩ ខណៈករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មាន២នាក់ដំបូងនៅខេត្តស្វាយរៀង ដែលសុទ្ធតែជាស្ត្រីជនជាតិវៀតណាម។


ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២០ មក កម្ពុជាបានរកឃើញជាបន្តបន្ទាប់ករណីវិជ្ជមានកូវីដ-១៩ ក្នុងចំណោមពលករដែលត្រឡប់មកពីថៃ ពោលគឺក្នុងបណ្តាខេត្តនៅតាមព្រំដែន រួមមានបន្ទាយមានជ័យ បាត់ដំបង បៃលិន និងឧត្តរមានជ័យ។ ក្នុងចំណោមពលកររាប់ពាន់នាក់ ៩០នាក់ ត្រូវបានរកឃើញវិជ្ជមាន ហើយទទួលការព្យាបាលជាបន្តបន្ទាប់។
 
ករណីទី៩០ក្នុងចំណោមពលករដែលបានជាសះស្បើយនោះ គឺស្ត្រីអាយុ៥២ឆ្នាំ អាសយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានធ្វើដំណើរមកពីថៃ ហើយដល់កម្ពុជាកាលពីថ្ងៃទី៩ ខែកុម្ភៈ។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោយលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២លើក។
 
ផ្ទុយទៅវិញ ខណៈដែលករណីពលករមកពីថៃហាក់ដូចជាស្ងប់ស្ងាត់ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានផ្ទុះឡើង ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខប្រកាស និងបញ្ជាឲ្យមានចំណាត់ការភ្លាមៗដើម្បីទប់ស្កាត់ការរាលដាលទ្រង់ទ្រាយធំ។ ករណីដែលកើតចេញពីការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ បានធ្វើឲ្យចំនួនអ្នកឆ្លងមានរហូតដល់ទៅ៣៧៤នាក់ដោយគិតត្រឹមថ្ងៃទី៣ ខែមីនា នេះ។
 
ស្វាយរៀង បានក្លាយជាខេត្តទី៤ ដែលមានករណីសហគមន៍២០កុម្ភៈ។ ក្នុងសេចក្តីជូនព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាល មិនបានបញ្ជាក់លំអិតទាក់ទងនឹងស្ត្រីវៀតណាមទាំងពីរនោះឡើយ។ ក្រសួងបានបញ្ចូលទៅក្នុងតួលេខករណីសហគមន៍ ដោយបញ្ជាក់ថា ស្ត្រីទាំងពីរមានអាសយដ្ឋាននៅខណ្ឌចម្ការមន រាជធានីភ្នំពេញ ហើយតេស្តវិជ្ជមានពេលកំពុងចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងខេត្តស្វាយរៀង។ 
 
អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ភាគច្រើនជាជនជាតិចិន បន្ទាប់មកមានវៀតណាម ខ្មែរ និងជាតិសាសន៍មួយចំនួនទៀត។ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានតួលេខកើនជាលំដាប់ រីឯខេត្តកណ្តាល ក៏មានមួយចំនួនផងដែរ។ នៅភ្នំពេញ អ្នកជំងឺពាក់ព័ន្ធករណីសហគមន៍ភាគច្រើនត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បន្ទាប់មកមាននៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មណ្ឌលសុខភាពចាក់អង្រែ និងពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺ៦២នាក់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាលមាន២០នាក់ និងមន្ទីរពេទ្យខេត្តស្វាយរៀងមាន២នាក់។
 
ក្រៅពីនោះ អ្នកដំណើរចូលមកកម្ពុជាទាំងពលរដ្ឋខ្មែរ និងបរទេស មានវិជ្ជមាន៤១៤ករណី ហើយសះស្បើយ៣៩២នាក់។ នៅសាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ ក៏មានអ្នកជំងឺ៨នាក់ផងដែរកំពុងសម្រាកព្យាបាលដោយពួកគាត់ជាមន្ត្រីកងទ័ពមួកខៀវអង្គការសហប្រជាជាតិដែលទើបវិលត្រឡប់ពីបណ្តាប្រទេសនៅអាហ្វ្រិក។ 
 
សរុបមកដល់បច្ចុប្បន្ន អ្នកកើតកូវីដ-១៩នៅកម្ពុជា ឡើងដល់៨៧៨នាក់ ក្នុងនោះ៤៨២នាក់បានជាសះស្បើយ។ ក្នុងចំណោមករណីវិជ្ជមានទាំងអស់ ជាង៤០០នាក់ជាជនជាតិខ្មែរ ជាង៣០០នាក់ជាជនជាតិចិន បន្ទាប់មកមានបារាំង វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអាមេរិក ដែលមានច្រើនជាង១០ករណី។ ក្រៅពីនេះ មានអ្នកជំងឺជាជនជាតិអង់គ្លេស ឥណ្ឌា បែលហ្ស៊ិក កាហ្សាក់ស្ថាន ប៉ូឡូញ ប៉ាគីស្ថាន ហុងគ្រី ណេប៉ាល់ ជប៉ុន ហ្ស៊កដានី នីហ្សេរីយ៉ា ស្វីស ឆេក កូរ៉េខាងត្បូង និងសិង្ហបុរី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com