ជាតិ
តំណាងកម្ពុជាប្រចាំUN ប្រាប់ប្រតិភូអឺរ៉ុប និងបារាំងថា ការគាំពារសិទ្ធិមនុស្ស ត្រូវផ្ដើមចេញពីប្រទេសខ្លួនឯងសិន
03, Mar 2021 , 3:49 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា ប្រាប់ប្រតិភូអឺរ៉ុប និងបារាំងថា ការគាំពារសិទ្ធិមនុស្ស ត្រូវផ្ដើមចេញពីប្រទេសខ្លួនឯងសិន។ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានថ្លែងបែបនេះ តបទៅគណប្រតិភូសហភាពអឺរ៉ុប និងបារាំង ដែលលើកពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។


លោក អាន សុខខឿន បានឆ្លើយតបកាន់ប្រតិភូអឺរ៉ុប និងបារាំង ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជា មិនបានរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយឡើយ។ ក្នុងន័យនេះលោក សុខខឿន បានព្យាយាមពន្យល់តាមលំដាប់លំដោយថា លំហនយោបាយមិនបានរឹតត្បិតឡើយ ខណៈអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ប្រមាណ១៤នាក់ ទទួលបានសម្បទានយោបាយវិញ។ 
 
ចំណែកករណីលោក កឹម សុខា ដែលត្រូវបានដំណើរការពន្យាពេលសវនាការនោះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាឆន្ទានុសិទ្ធរបស់តុលាការ។ សម្រាប់ករណីជនជាប់ចោទពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ ដែលត្រូវបានតុលាការសម្រេចសាលក្រមនោះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដោយមិនពាក់ព័ន្ធនឹងបញ្ហសិទ្ធិមនុស្សទេ។
 
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានារូបនេះ បានបកស្រាយពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រយៈពេល៣នាទីយ៉ាងដូច្នេះថា៖«កម្ពុជាគាំទ្រនិងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាដែលផ្អែកលើការពិតនិងវាយតម្លៃលើប្រទេសនីមួយៗ ដោយប្រុងប្រយ័ត្ន សន្យានុម័ត មិនជ្រើសរើសតែមួយជ្រុង មិនធ្វើនយោបាយូបនីយកម្ម និងផ្អែកលើប្រភពព័ត៌មានដែលបានផ្ទៀងផ្ទាត់»។
 
គណប្រតិភូសហភាពអឺរ៉ុប និងបារាំង សុទ្ធតែលើកពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថា កម្ពុជា មានការរឹតត្បិតសិទ្ធិមនុស្ស នយោបាយ និងសេរីភាពបញ្ចេញមតិ ដោយការប្រើវិធានការច្បាប់ និងរដ្ឋបាល មិនសមាមាត្រគ្នា កំពុងកើនឡើង។ ជាពិសេសកំណត់ការជួបជុំ និងសេរីភាពព័ត៌មាន ក្នុងបរិបទកូវីដ-១៩ នេះ។
 
តែយ៉ាងណាលោក អាន សុខខឿន នៅតែអះអាងថា ការអនុវត្តច្បាប់ មិនមែនជាការរំលោភសិទ្ធិមនុស្សទេ។ តំណាងកម្ពុជារូបនេះ ពន្យល់ថា បើចាត់ទុកការអនុវត្តច្បាប់ ជាការរឹតត្បិតសេរីភាព នោះវាជាការបន្ទាបតម្លៃនៃគោលការណ៍និតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋ។ សម្រាប់ឯកអគ្គរាជទូតកម្ពុជារូបនេះ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយមិនអាចប្រើប្រាស់ជាទឡ្ហីករណ៍ សម្រាប់គោលបំណងផ្សេងឡើយ។
 
និយាយបែបនេះហើយ លោក អាន សុខខឿន បានប្រាប់ប្រតិភូអឺរ៉ុប និងបារាំងវិញ ដូច្នេះ៖« ការតស៊ូមតិគាំពារសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្ដើមពីប្រទេសខ្លួនឯងជាមុនសិន។ គេមិនត្រូវប្រើប្រាស់បញ្ហាសិទ្ធិមនុស្សជាអាវុធនយោបាយ វាយប្រហារប្រទេសផ្សេង ជាមួយនឹងស្ដង់ដារពីរឡើយ ប្រសិនបើយើងទាំងអស់គ្នាចង់រក្សាបាននូវបរិយាកាសនៃការទុកចិត្ត និងភាពជឿជាក់បានរបស់ស្ថាប័នសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមមួយនេះ»។
 
២ថ្ងៃនេះ ក៏មានអង្គទូតនៅកម្ពុជា និងអន្តរជាតិ បានចេញសារអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហនយោបាយឡើងវិញដែរ ក្រោយពីលោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ៨រូបទៀត ត្រូវបានតុលាការសម្រេចសាលក្រម កាលពីថ្ងៃទី១ មីនា ដោយឱ្យពួកគេចាប់ពន្ធនាគារ ចាប់ពីឆ្នាំ២០ ទៅ២៥ ឆ្នាំ ពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ ។
 
ក្នុងនោះលោក សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ២៥ឆ្នាំ, អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវជាប់ពន្ធនាគារ២២ឆ្នាំ, អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ។
 
លើសពីនេះ អ្នកនយោបាយបក្សប្រឆាំងទាំង៩រូបនេះ ក៏ត្រូវបានតុលាការដកពលរដ្ឋ ដែលមានទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិបម្រើការងារជាមន្រ្តីរាជការ ជាស្ថាពរ រួមទាំងពិន័យជាប្រាក់រួមគ្នា ប្រមាណ១,៨០០លានរៀល (ជាង៤៤ម៉ឺនដុល្លារ) ចូលទៅរដ្ឋផងដែរ៕
 
 
 
 
 
 
 

Tag:
 សិទ្ធិមនុស្ស
  UN
© រក្សាសិទ្ធិដោយ thmeythmey.com