ជាតិ
សេដ្ឋកិច្ច
​សេវា​ដឹកជញ្ជូន​ថ្លៃ និង​ខ្វះ​កុងតឺន័រ នាំ​ឲ្យ​ការនាំចេញ​អង្ករ​ធ្លាក់ចុះ​ជាង​៤៤​ភាគរយ​នាពីរ​ខែ​ដើមឆ្នាំ​
03, Mar 2021 , 8:29 pm        
រូបភាព
រូបភាព៖កំពង់ផែស្វយ័តក្រុងព្រះសីហនុ
រូបភាព៖កំពង់ផែស្វយ័តក្រុងព្រះសីហនុ
​ភ្នំពេញ​៖ រយៈពេល​២​ខែ​ដើមឆ្នាំ​២០២១ ការនាំចេញ​អង្ករ​របស់​កម្ពុជា សម្រេចបាន​ត្រឹម ៧៦,២២២​តោន​ប៉ុណ្ណោះ ដែល​ស្មើនឹង​ទឹកប្រាក់ ៦៤,៥៣​លាន​ដុល្លារ​។ ទំហំ​នៃ​ការនាំចេញ​អង្ករ​នេះ គឺ​បាន​ធ្លាក់ចុះ​រហូតដល់​៤៤,១៦​ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។ បើតាម​ការចុះផ្សាយ​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នា​រសៀល​ថ្ងៃទី​២​មីនា ការថយចុះ​នេះ​គឺ​បណ្តាលមកពី​កង្វះ​កុងតឺន័រ និង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​បន្ត​ឡើង​ខ្ពស់ រហូត​ជិត​ដល់​៥០០​ភាគរយ​។

 
​ថ្វី​ដ្បិតថា ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុ​ជា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២១​នេះ មានការ​ធ្លាក់ចុះ​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​បើ​គិតតែ​ទំហំ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ប្រចាំខែ​កុម្ភៈ គឺមាន​កំណើន​ល្អប្រសើរ​ជាង​ការនាំចេញ​អង្ករ​ក្នុង​ខែមករា កន្លងមក​។ 
 
«​យើង​ឃើញថា របត់​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​ខែកុម្ភៈ កំពុង​ឈានទៅរក​ការកើនឡើង​ជា​វិជ្ជមាន​ជា​បណ្តើរៗ​»​។ នេះ​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​បន្ត​រៀបរាប់ថា នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជា​នាំចេញ បាន​៤១,៩៤៩​តោន ទៅ​ទីផ្សារ​ចំនួន​៣៥​ប្រទេស​។ បរិមាណ​នៃ​ការនាំចេញ​អង្ករ​នេះ គឺ​បាន​កើន​២២​ភាគរយ បើ​ធៀប​នឹង​ប្រចាំ​មករា ឆ្នាំ​២០២១ កម្ពុជា នាំចេញ​បានត្រឹមតែ​ចំនួន ៣៤,២៧៣​តោន ទៅ​ទីផ្សារ​បាន ២៨​ប្រទេស តែប៉ុណ្ណោះ​។​
 
​ចំពោះ​ទិសដៅ​ទីផ្សារ នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល​២​ខែ​មកនេះ​មាន ប្រទេស​ចិន ដែល​រួមទាំង​ហុងកុង និង​ម៉ា​កាវ ផងដែរ​នោះ បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុ​ជាជាង​៣,៧​ម៉ឺន​តោន ខណៈ​ទីផ្សារ​សហភាព​អឺរ៉ុប ដែលមាន​១៨​ប្រទេស នាំចូល​អង្ករ​របស់​ក​ម្ពុ​ជា បាន​១,៩​ម៉ឺន​តោន​។  ទីផ្សារ​អាស៊ាន មាន​ម៉ាឡេស៊ី និង​សិង្ហ​បុរី បាន​ទិញ​អង្ករ​ពី​កម្ពុ​ជាជាង ៦​ពាន់​តោន និង​ទីផ្សារ​ប្រទេស​ផ្សេងៗ មាន​ជាង​១,៣​ម៉ឺន​តោន​។  
 
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់ថា ប្រភេទ​អង្ករ​នាំចេញ​ក្នុង​រយៈពេល​២​ខែ​មកនេះ ដែលមាន​ចំណែក​ធំជាងគេ ជា​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​រួមមាន ផ្ការំដួល ម្លិះ សែន​ក្រអូប ជាដើម​នោះ ក្នុង​បរិមាណ ជាង​៦,៥​ម៉ឺន​តោន​។ រី​អង្ក​រស នាំចេញ​ចេញ​ជាង​១​ម៉ឺន​តោន និង​អង្ករ​ចំហុយ មាន​៧៣២​តោន​៕ 
 

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com